Skip to content
ហេតុអ្វីក្រុមម្ខាងត្រូវមានគ្នា១១នាក់សម្រាប់ចាប់ផ្ដើមការប្រកួតបាល់ទាត់?
    ទំព័រដើម  »  កីឡាអន្តរជាតិ

ហេតុអ្វីក្រុមម្ខាងត្រូវមានគ្នា១១នាក់សម្រាប់ចាប់ផ្ដើមការប្រកួតបាល់ទាត់?

បាល់ទាត់ជាកីឡាម្យ៉ាងដែលលេងជាក្រុម ហើយក្រុមនោះទៀតសោត កំណត់ឱ្យមានសមាជិក១១រូប សម្រាប់​ក្រុម​ម្ខាង​​ៗ​ដើម្បី​ចាប់ផ្ដើមការប្រកួត ដោយ​ក្នុង​នោះ​មានអ្នកចាំទីម្នាក់ និង​អ្នក​លេង​នៅ​ពីមុខ​១០នាក់​ផ្សេង​ទៀត ប្រជែងគ្នានៅលើទីលាន។

ប៉ុន្ដែអ្នកមានដឹងទេថា មុននឹងបានទម្រង់ដូច​យើង​ឃើញបច្ចុប្បន្ន បាល់ទាត់​ទម្រង់​ដើម​មានកីឡាករចូលរួម​ក្នុង​មួយប្រកួតៗដល់ទៅជាង​៥០នាក់ឯណោះ។ នេះ​បើ​យោង​តាម​វិបសាយ Enfocamp និង Football-stadiums​។

តាម​ប្រភព​ទាំង​២​ខាង​លើ​ ចំនួនកីឡាករផ្លូវការសម្រាប់​ចាប់​ផ្ដើម​ការប្រកួតបាល់ទាត់ ត្រូវ​បានផ្លាស់ប្ដូរជាច្រើនលើក ទម្រាំនៅសល់តែ១១នាក់ដូចបច្ចុប្បន្ន។

ដំបូងឡើយ នៅក្នុងការប្រកួត Calcio Fiorentino (ជាកីឡាដើម មុនបំលែងចេញជាបាល់ទាត់) ​ក្រុម​ម្ខាង​មានកីឡាករ​ចំនួន​២៧នាក់​នៅ​លើ​ទីលាន​ ហើយ​៥នាក់ជាអ្នកចាំទី។ កីឡាករទាំងនោះ​ប្រកួតគ្នា​នៅលើទីលាន ដែលមានទំហំប្រហាក់ប្រហែលនឹងទីលាន​​បច្ចុប្បន្ន ​ធ្វើ​ឱ្យ​ការ​ប្រកួត​មានភាពរញ៉េរញ៉ៃខ្លាំងណាស់។

កីឡា Calcio Fiorentino

នៅពេល​កីឡាដែលគេឱ្យឈ្មោះថា Medieval Football មកដល់ទឹកដីអង់គ្លេស ​បទ​បញ្ជា​នៅក្នុងការប្រកួតត្រូវបានផ្លាស់ប្ដូរ ប៉ុន្ដែមិនច្រើនទេ។ ក្រុមនីមួយៗដាក់កីឡាករ ១៥ ទៅ ២១នាក់ នៅក្នុងជម្រើសដំបូង ដើម្បីអនុញ្ញាតឱ្យកីឡាករមួយចំនួន បានអង្គុយនៅកៅអីបម្រុងសម្រាប់​ត្រៀម​ផ្លាស់ប្ដូរ​។ ទីបំផុតនៅឆ្នាំ ១៨៧០ ក៏មានការសម្រេចព្រមព្រៀងធ្វើការផ្លាស់ប្ដូរ ដោយតម្រូវឱ្យក្នុងការប្រកួតមួយក្រុម​ម្ខាង​​មានអ្នកចាំទីម្នាក់ និង​កីឡាកររត់លើទីលាន១០នាក់។

មូលហេតុដែលធ្វើឲ្យមានការផ្លាស់ប្ដូរនេះមិនត្រូវបានបង្ហាញឲ្យច្បាស់លាស់នោះទេ ប៉ុន្ដែគេជឿថា ឆ្លងកាត់ការធ្វើតេស្ដតាមបទពិសោធ និង​ផ្នែកវិទ្យាសាស្ដ្រជាច្រើនដំណាក់កាល បានបង្ហាញថា មានកីឡាករ​ត្រឹម​២០នាក់​រត់​នៅលើទីលាន​និង​មានអ្នកចាំទី២នាក់​(ម្ខាង​១) ​គឺគ្រប់គ្រាន់ល្មម។

ហេតុផលមួយផ្សេងទៀត​ចំពោះ​​ការកំណត់ឱ្យមួយក្រុម​ដាក់​កីឡាករ​១១​នាក់​ចាប់​ផ្ដើម​ការ​ប្រកួត​ គឺដើម្បីសម្របទៅនឹងកីឡាដែលមានប្រជាប្រិយភាពផ្សេងទៀតដូចជា គ្រីឃីត(Cricket) ហុកគី និង បាល់ទាត់អាមេរិក (American Football) ជាដើម។

ដោយឡែក សូម​ជម្រាប​ផង​ដែរ​ថា​តាម​ច្បាប់​បាល់ទាត់​បច្ចុប្បន្ន អំឡុង​ការ​ប្រកួត ក្រុមម្ខាង​ត្រូវ​នៅ​សល់​គ្នា​យ៉ាង​ហោច​៧​នាក់​​​ទើប​អាច​បន្ត​ការ​ប្រកួត​ដល់​ចប់​ចុង​ចប់​ដើម​​បាន៕