ប៉ូលិសកាតាឡូនីញ៉ានិយាយថាពួកគេបានចាប់ខ្លួនមនុស្ស៤នាក់ បន្ទាប់ពីចូលឆែកឆេរការិយាល័យក្នុងក្លិបបាល់ទាត់ Barcelona។
អត្តសញ្ញាណនៃអ្នកដែលត្រូវបានចាប់ខ្លួនមិនត្រូវបានបញ្ជាក់នៅឡើយទេ។ ប៉ូលិសនិយាយថាពួកគេកំពុងបន្តស៊ើបអង្កេត។ ប៉ុន្តែសារព័ត៌មានអេស្ប៉ាញមួយចំនួនរាយការណ៍ថាអតីតប្រធានក្លិប Jose Maria Bartomeu ដែលបានលាលែងពីតំណែងកាលខែតុលាឆ្នាំមុន ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានប៉ូលិសចាប់។
ប្រតិបត្តិការរបស់ប៉ូលិសកាតាឡូនីញ៉ានេះបានធ្វើឡើងកាលថ្ងៃចន្ទទី១ខែមីនាឆ្នាំ២០២១ បន្ទាប់ពីការស៊ើបអង្កេតមួយក្នុងបញ្ហាហិរញ្ញវត្ថុនៅក្លិប Barcelona។ ប៉ូលិសនិយាយថាការស៊ើបអង្កេតត្រូវបាននិងកំពុងធ្វើអស់រយៈពេលជិត១ឆ្នាំមកហើយ។
បញ្ហាទាំងនោះត្រូវបានគេគិតថាជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ Barcagate ក្នុងឆ្នាំ២០២០ ដែលក្លិបបានចេញមកបដិសេធការចោទប្រកាន់ថាមានការជួលក្រុមហ៊ុនផ្សព្វផ្សាយមួយដើម្បីវាយប្រហារកីឡាកររបស់ខ្លួនឯងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្លិប Barcelona បានចេញសេចក្ដីថ្លែងការណ៍ថាក្លិបសហការពេញលេញជាមួយអាជ្ញាធរក្នុងការស៊ើបអង្កេតនេះ។
ដោយឡែក ការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មីនឹងធ្វើនៅថ្ងៃអាទិត្យទី៧ខែមីនាឆ្នាំ២០២១៕