Edinson Cavani មិនមានអារម្មណ៍ថាមានក្ដីសុខនៅអង់គ្លេសទេហើយអាចត្រលប់ទៅលេងនៅឡាទីនវិញ។ នេះបើតាមការនិយាយរបស់លោក Luis Cavani ដែលជាឪពុក។
ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយវ័យ៣៤ឆ្នាំ Cavani បានចូលរួម Manchester United លើកិច្ចសន្យា១ឆ្នាំ កាលពីខែតុលាឆ្នាំ២០២០ដោយគ្មានតម្លៃផ្ទេរ ក្រោយចាកចេញពី PSG។
មកទល់ពេលនេះ អតីតសមាជិក Danubio, Palermo និង Napoli រកបាន៧គ្រាប់ពីការចូលលេង២៥លើកសម្រាប់ក្រុមលោក Ole Gunnar Solskjaer រដូវកាលនេះ។
លោក Luis Cavani បានប្រាប់សារព័ត៌មាន TyC Sports ថា៖ «មានឱកាស៦០%ដែល Edinson នឹងមកអាមេរិកខាងត្បូង។ ពួកយើងពិតជាចង់ដឹងណាស់។ ពួកយើងតែងតែអាចទៅសួរសុខទុក្ខគេបាន។ គេបានរស់នៅកន្លែងដ៏ស្រស់ស្អាតនានាដែលមនុស្សម្នាទទួលគេយ៉ាងកក់ក្ដៅ។ គេបានធ្វើឱ្យមនុស្សជុំវិញស្រលាញ់គេ។ គេមានមិត្តភ័ក្ដិច្រើន។ ប៉ុន្តែឥឡូវគេមិនមានអារម្មណ៍ថាមានក្ដីសុខទេ។ គេបាននិងកំពុងគិតជាង២ឆ្នាំហើយថាគេចង់មករស់នៅជិតគ្រួសាររបស់គេ ហើយនោះជាមូលហេតុដែលខ្ញុំគិតថា Edinson នឹងមកលេងឱ្យក្រុមមួយនៅអាមេរិកខាងត្បូង»។
បើតាមឪពុករបស់គេ Cavani អាចផ្លាស់ទៅចូលរួម Boca Juniors ក្នុងប្រទេសអាហ្សង់ទីន៕