ថ្វីបើ Barcelona ឆ្លងមិនដល់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូងក្នុងពេល១៤ឆ្នាំក្ដី ប៉ុន្តែលោក Ronald Koeman សង្ឃឹមថាគុណផលប្រកបដោយស្មារតីមោះមុតទល់នឹង Paris St Germain យប់មិញអាចល្បួងចិត្តកំពូលខ្សែប្រយុទ្ធ Lionel Messi ឱ្យនៅជាមួយក្លិបបន្តទៀត។
ក្រោយចាញ់១-៤ក្នុងផ្ទះខ្លួនឯងកាលជើងទី១ Barca បានបង្ហាញគុណផលប្រសើរជាងមុនជាមួយឆន្ទៈខ្ពស់ ទោះបីបានត្រឹមស្មើ១-១ក្នុងជើងទី២នៅ Stade de France យប់ថ្ងៃពុធទី១០ខែមីនាឆ្នាំ២០២១ក្ដី។
Kylian Mbappe បានស៊ុតបាល់ពិន័យ១១ម៉ែត្រឱ្យ PSG នាំមុខមុនក្នុងនាទី៣០ មុនពេល Messi តាមស្មើ៧នាទីបន្ទាប់។ នៅក្នុងនាទីបន្ថែមបង្គ្រប់វគ្គទី១ (៤៥+៣) Messi បានស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល ដែលជាបរាជ័យលើកទី៤របស់គេក្នុងការស៊ុតបាល់១១ម៉ែត្រក្នុងពាននេះ និងជាលើកដំបូងតាំងពីខែកុម្ភៈឆ្នាំ២០១៥ដែលកាលណោះត្រូវបានសង្គ្រោះដោយ Joe Hart របស់ Man City។
ក្រោយការប្រកួត គ្រូ Barca លោក Koeman និយាយថា៖ «Leo បានឃើញរួចហើយថាក្រុមកំពុងតែរីកចម្រើនដោយសារការផ្លាស់ប្ដូរដែលពួកយើងបានធ្វើ។ ជាពិសេស ពួកយើងមានកីឡាករក្មេងៗដែលមានគុណភាពអស្ចារ្យ។ ពួកយើងមានអនាគតអស្ចារ្យនៅពីមុខយើង។ Leo មិនអាចមានមន្ទិលអ្វីចំពោះអនាគតក្រុមនេះឡើយ»។
គ្រូបង្វឹកជនជាតិហុល្លង់បន្ថែមថា៖ «ពួកយើងធ្លាក់ពី Champions League រដូវកាលនេះក្នុងរបៀបមួយដែលខុសពីយើងបានជួបក្នុងរដូវកាលមុន។ ក្នុងប្រកួតនេះ ពួកយើងលេងដល់សក្ដានុពលនៃកម្រិតរបស់យើង ហើយនោះជាផ្លូវដែលយើងត្រូវបន្តដើរលើ»។
គួរជម្រាបផងដែរថា លោក Joan Laporta ទើបជាប់ឆ្នោតជាប្រធានក្លិបថ្មី Barca ក្នុងការបោះឆ្នោតកាលថ្ងៃអាទិត្យទី៧ខែមីនា ដែលជាការចូលកាន់តំណែងនេះលើកទី២ ក្រោយលោកបានធ្វើប្រធានក្លិបនេះម្ដងពីឆ្នាំ២០០៣ដល់២០១០។ លោកបាននិយាយមុនការបោះឆ្នោតថាប្រសិនបើលោកឈ្នះឆ្នោត Messi នឹងនៅជាមួយក្លិបបន្តទៀត។
ដោយឡែក សម្រាប់ PSG បន្ទាប់ពីធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ៣ដងជាប់គ្នាពីរដូវកាល២០១៦-១៧ដល់២០១៨-១៩ ឥឡូវនេះពួកគេឆ្លងផុតវគ្គនេះ២ដងចុងក្រោយជាប់គ្នា៕