Fabinho ជាកីឡាករតួនាទីលេខ៦ (ខ្សែបម្រើការពារ ឬហៅថាដឺមីបាត) ល្អបំផុតម្នាក់ក្នុងពិភពលោក។ លោក Jurgen Klopp បាននិយាយដូច្នេះក្រោយខ្សែបម្រើជម្រើសជាតិប្រេស៊ីលជួយ Liverpool ទម្លាក់ RB Leipzig ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League យប់ថ្ងៃពុធទី១០ខែមីនាឆ្នាំ២០២១។
អតីតសមាជិក AS Monaco វ័យ២៧ឆ្នាំបានដើរតួនាទីជាខ្សែការពារកណ្ដាលភាគច្រើនក្នុងរដូវកាលនេះ ដោយសារតែរបួសលើ Virgil van Dijk និង Joe Gomez។
តែពេលលេងក្នុងតួនាទីដើមវិញ Fabinho បញ្ចេញសមត្ថភាពយ៉ាងចំណានក្នុងជើងទី២វគ្គ១៦ក្រុមចុងក្រោយ UCL ដែលក្រុមហង្សក្រហមធានាបានជ័យជម្នះ២-០ទៀតតាមរយៈគ្រាប់បាល់របស់ Mohamed Salah ក្នុងនាទី៧០និង Sadio Mane ក្នុងនាទី៧៤។ សរុបទាំង២ជើងទៅក្រុមលោក Klopp ឈ្នះ៤-០។
លោក Klopp បាននិយាយក្រោយការប្រកួតថា៖ «គុណផលនិងកម្រិតដែលយើងបានលេងរាត្រីនេះពិតជាល្អនិងចាំបាច់។ ពួកយើងធ្វើបានល្អណាស់។ ការពារប្រកបដោយភាពឈ្លាសវៃ គឺពិតជាល្អណាស់។ ប្រយុទ្ធ៣ខាងលើធ្វើការជាមួយគ្នាបានល្អ ប៉ុន្តែខកខានឱកាស២ដងក្នុងវគ្គទី១»។
ទាក់ទងនឹង Fabinho លោក Klopp ថា៖ «ពួកយើងត្រូវរកមើលថាតើដំណោះស្រាយអ្វីដែលយើងអាចរកបានសម្រាប់ប្រកួតបន្ទាប់ ប៉ុន្តែតំណែងលេខ៦គឺជារបស់គាត់។ ច្បាស់ណាស់ថា គាត់ជាកីឡាករល្អបំផុតម្នាក់ក្នុងលោកនៅក្នុងតួនាទីនេះ។ គាត់មិនត្រឹមតែការពារយ៉ាងឈ្លាសវៃប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតឱកាសសម្រាប់ក្រុមផងដែរ។ គាត់សំខាន់ណាស់សម្រាប់ពួកយើង»។
សូមជម្រាបថា ក្រោមការដឹកនាំរបស់លោក Klopp ក្រុមហង្សក្រហម Liverpool បរាជ័យតែមួយលើកគត់ក្នុងវគ្គ knock-out ពានទ្វីបអឺរ៉ុប១៣ដង គឺបរាជ័យទល់នឹង Atletico Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយរដូវកាលមុន។
តាំងពីក្រោយចាញ់ Bayer Leverkusen ២-៤ ក្នុងខែមេសាឆ្នាំ២០០២មក Liverpool មិនដែលបរាជ័យទល់នឹងក្រុមមកពីអាល្លឺម៉ង់ទៀតឡើយក្នុងការប៉ះគ្នា១២ដងចុងក្រោយ (ឈ្នះ៩ ស្មើ៣)។
នេះជាលើកដំបូងដែល Liverpool ឈ្នះវគ្គ knock-out Champions League ទាំង២ជើងដោយគ្មានរបូតគ្រាប់បាល់ ចាប់តាំងពីពួកគេបានធ្វើទល់នឹង Real Madrid ក្នុងរដូវកាល២០០៨-០៩មក។
គិតតាំងពី Alisson ចូលលេង Champions League លើកដំបូងក្នុងខែកញ្ញាឆ្នាំ២០១៧មក គ្មានអ្នកចាំទីរូបណាបិទទីមិនឱ្យគេទាត់ចូល(clean sheet)បានច្រើនប្រកួតជាងកីឡាករប្រេស៊ីលរូបនេះឡើយ (១៦ប្រកួត)។
Salah ជាកីឡាករ Premier League ដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងរដូវកាលនេះ គឺ២៥គ្រាប់ក្នុងគ្រប់ពានរង្វាន់៕