ខ្សែបម្រើវ័យ៣៤ឆ្នាំ Stephan Schrock បានចុះកិច្ចសន្យាថ្មី៣ឆ្នាំទៀតជាមួយក្លិប United City FC ជាទីដែលគេបានរួមរស់ជាមួយតាំងពីឆ្នាំ២០១៦និងដើមឡើយឈ្មោះ Ceres Negros។
Schrock ដែលជាអតីតកីឡាករលេងនៅក្របខ័ណ្ឌ Bundesliga ជាមួយក្លិប Hoffenheim និង Frankfurt រវាងឆ្នាំ២០១២ដល់២០១៤ បានរួមចំណែកជួយ United City ឈ្នះជើងឯកលីគកំពូលហ្វ៊ីលីពីន៤រដូវកាលចុងក្រោយជាប់គ្នា និងឈ្នះពានរង្វាន់បាល់មាស(កីឡាករឆ្នើមប្រចាំរដូវកាល)២ឆ្នាំចុងក្រោយជាប់គ្នាផងដែរ។
ក្លិប United City FC បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ក្រុមនីមួយៗត្រូវការប្រធានក្រុមដែលរឹងមាំនិងមានភាពជាអ្នកដឹកនាំ ហើយ UCFC មានមោទនភាពដែលមានប្រធានក្រុមល្អបំផុតម្នាក់ក្នុងលោកនៅជាមួយយ៉ាងហោច៣ឆ្នាំទៀត»។
Schrock ដែលមានឪពុកជនជាតិអាល្លឺម៉ង់និងម្ដាយហ្វ៊ីលីពីន បានផ្ដើមអាជីពនៅក្លិប Greuther Furth ពី២០០៤ដល់២០១២ រួចផ្លាស់ចូល Hoffenheim ក្នុងរដូវកាល២០១២-១៣ មុនលេងឱ្យ Eintracht Frankfurt ក្នុងរដូវកាល២០១៣-១៤។ គេវិលមកលេងឱ្យ Greuther Furth វិញក្នុងឆ្នាំ២០១៤ មុនមកលេងក្នុងលីគហ្វ៊ីលីពីនក្នុងឆ្នាំ២០១៦។
គេបានជាប់ជម្រើសជាតិយុវជនអាល្លឺម៉ង់ពី U18 ដល់ U20 រវាងឆ្នាំ២០០៤និង២០០៥ តែបានប្ដូរមកលេងឱ្យហ្វ៊ីលីពីនក្នុងឆ្នាំ២០០៩ក្នុងឈុតអូឡាំពិក មុនឡើងចូលក្រុមធំក្នុងឆ្នាំ២០១១មកទល់បច្ចុប្បន្នដែលគេជាប្រធានក្រុមបន្តពី Phil Younghusband។
ក្រៅពី Schrock ក្លិប UCFC ក៏បានប្រកាសពីការបន្តកិច្ចសន្យាថ្មីជាមួយតារាឆ្នើមៗប្រចាំក្លិបផ្សេងទៀតដូចជា Mike Ott, Bienvenido Maranon និង Angelo Marasigan ផងដែរសម្រាប់រដូវកាលថ្មី២០២១៕