អ្នកផ្គូរផ្គងរបស់ Anthony Joshua លោក Eddie Hearns និយាយថាកិច្ចព្រមព្រៀងប្រកួត២ដងជាមួយ Tyson Fury ត្រូវបានស៊ីញេរួចហើយ នៅឡើយតែទីតាំងនិងកាលបរិច្ឆេទប្រកួតប៉ុណ្ណោះ។
ជំនួបរវាងកំពូលអ្នកប្រដាល់ជនជាតិអង់គ្លេសទាំង២ Joshua និង Fury នឹងក្លាយជាការប្រកួតដំបូងដែលដាក់ខ្សែក្រវាត់ទាំង៤ឱ្យដណ្ដើមគ្នាក្នុងប្រភេទទម្ងន់ធ្ងន់។
Joshua វ័យ៣១ឆ្នាំ កំពុងគ្រប់គ្រងខ្សែក្រវាត់ WBA, WBO និង IBF ខណៈ Fury វ័យ៣២ឆ្នាំ កាន់កាប់ខ្សែក្រវាត់ WBC។
លោក Hearns ប្រាប់ ESPN ថាខែក្រោយទីតាំងប្រកួតនឹងត្រូវបានបញ្ជាក់ ស្របពេលមានសំណើពីទីតាំង៨ទៅ៩ផ្សេងគ្នាស្នើទទួលរៀបចំការប្រកួតនេះ ដូចជានៅមជ្ឈឹមបូព៌ា, អាស៊ី, អឺរ៉ុបខាងកើត និង អាមេរិក។
គួររំឭកថា កីឡាករទម្ងន់ធ្ងន់ចុងក្រោយដែលកាន់ខ្សែក្រវាត់គ្រប់ស្ថាប័នគឺកីឡាករអង់គ្លេស Lennox Lewis ពីឆ្នាំ១៩៩៩ដល់២០០០ មុនពេលមានលក្ខខណ្ឌថ្មីថាកីឡាករប្រដាល់ទាល់តែមានខ្សែក្រវាត់ WBO មួយថែមទៀតទើបត្រូវបានទទួលស្គាល់ជាជើងឯកគ្មានគូប្រៀប។
Joshua វាយ២៥ដង ឈ្នះ២៤ដង (ឈ្នះសន្លប់២២ដង) និងចាញ់ម្ដង គឺក្រោមថ្វីដៃ Andy Ruiz Jr ក្នុងខែមិថុនាឆ្នាំ២០១៩ ដែលនាំឱ្យបាត់បង់ខ្សែក្រវាត់ទាំង៣ មុនពេលឈ្នះមកវិញក្នុងការប្រកួតសងសឹកក្នុងខែធ្នូឆ្នាំដដែល។ គេបានការពារខ្សែក្រវាត់ទាំងនេះដោយជោគជ័យទល់នឹង Kubrat Pulev នៅ Wembley ខែធ្នូឆ្នាំមុន។
ចំណែក Fury មិនដែលចាញ់ទេ ដោយឈ្នះ៣០ដង (ឈ្នះសន្លប់២១ដង) ពី៣១ប្រកួត។ គេបានស្មើជាមួយ Deontay Wilder ក្នុងឆ្នាំ២០១៨ មុនឈ្នះក្នុងការប្រកួតជាថ្មីក្នុងខែកុម្ភៈឆ្នាំ២០២០ ដែលជាការប្រកួតចុងក្រោយរបស់គេ។ គេបានឈ្នះខ្សែក្រវាត់ WBA, IBF និង WBO ដោយផ្ដួល Wladimir Klitschko ក្នុងឆ្នាំ២០១៥ មុនពេលបាត់មុខពីកីឡាជិត៣ឆ្នាំដោយសារជំងឺបាក់ទឹកចិត្ត៕