ខ្សែការពារស្លាប Oleksandr Zinchenko របស់ Manchester City និយាយថាគេឃើញភាពស្រេកឃ្លានចង់ឈ្នះពាន៤ក្នុងកែវភ្នែករបស់មិត្តរួមក្រុម ប៉ុន្តែគំនិតនេះត្រូវបានទាត់ចោលដោយអ្នកចាត់ការ Pep Guardiola។
Man City បានក្លាយជាក្រុមទី១របស់អង់គ្លេសដែលឈ្នះទាំង៣ពានក្នុងស្រុកម្នាក់ឯងក្នុងឆ្នាំ២០១៩។ រដូវកាល២០២០-២១នេះ ពួកគេកំពុងស្ថិតក្នុងទីតាំងមួយដែលអាចឈ្នះដល់ទៅ៤ពាន។ ពួកគេនាំមុខដាច់១៤ពិន្ទុក្នុង Premier League, ត្រូវប៉ះ Tottenham ក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup ថ្ងៃទី២៥ខែមេសា, កំពុងមានប្រៀបក្នុងវគ្គ១៦ក្រុមចុងក្រោយលើ Monchengladbach និងថ្ងៃសៅរ៍ចុងសប្ដាហ៍នេះត្រូវលេងវគ្គ១/៤ FA Cup ទល់នឹង Everton។
កីឡាករជម្រើសជាតិអ៊ុយក្រែននិយាយថា៖ «ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ខ្ញុំអាចឃើញភាពស្រេកឃ្លានក្នុងកែវភ្នែកទាំងឡាយ។ Bayern Munich បានឈ្នះគ្រប់យ៉ាងរដូវកាលមុន ហើយ Barcelona ក៏បានធ្វើវាក្នុងឆ្នាំចុងក្រោយជាមួយ Pep ដូច្នេះគ្រប់យ៉ាងគឺអាចទៅរួច។ ២ខែខាងមុខនេះជាវេលាសំខាន់បំផុតក្នុងអាជីពរបស់យើង»។
ប៉ុន្តែលោក Pep និយាយថា៖ «ខ្ញុំចាស់ជាងលោក Zinchenko។ ខ្ញុំមានបទពិសោធច្រើនជាងហើយខ្ញុំមិនយល់ស្របនឹងគាត់ទេ។ រឿងតែមួយគត់ដែលគាត់ត្រូវបារម្ភគឺព្យាយាមលេងឱ្យបានល្អនៅថ្ងៃស្អែកហើយឡើងទៅជុំបន្ទាប់។ ពាន៤ក្នុងមួយរដូវកាលជារឿងដ៏ឥតខ្ចោះ។ វាមិនដែលកើតឡើងពីមុនមកទេ(សម្រាប់ Man City) ហើយវានឹងមិនកើតឡើងឡើយ។ យើងត្រូវគិតមួយប្រកួតម្ដងៗដែលនៅចំពោះមុខ។ ប្រសិនអ្នកសួរខ្ញុំថាយល់ស្របជាមួយ Zinchenko អត់? ខ្ញុំនឹងនិយាយថាមិនយល់ស្របទាល់តែសោះតែម្ដង»។
Man City ទទួល Monchengladbach ម៉ោង៣យប់ថ្ងៃអង្គារនេះ ដំណាលគ្នានឹងជំនួបរវាង Real Madrid និង Atalanta ក្នុងជើងទី២វគ្គ១/៨ UCL៕