កងយោធពលភូមិន្ទថៃបានប្រកាសចុងសប្ដាហ៍មុនថាសង្វៀនប្រដាល់លុម្ពិនីនឹងលក់សំបុត្រសម្រាប់តែជនបរទេសប៉ុណ្ណោះដើម្បីទប់ស្កាត់សកម្មភាពភ្នាល់របស់ជនជាតិថៃនៅក្នុងសង្វៀនដ៏ល្បីល្បាញរបស់ថៃមួយនេះ។
មេទ័ពថៃ នាយឧត្ដមសេនីយ៍ Narongphan Jitkaewtae បាននិយាយថាការលក់សំបុត្រសម្រាប់តែជនបរទេសនៅក្រោយពេលវិបត្តិកូវីដ១៩រលត់ទៅនោះគឺដើម្បីជួយជំរុញកំណើនទេសចរណ៍បរទេសមកកាន់ប្រទេសថៃនិងក៏ដើម្បីលើកទឹកចិត្តឱ្យទេសចរណ៍បរទេសស្វែងយល់អំពីប្រដាល់ថៃផងដែរ។
នាយឧត្ដមសេនីយ៍ដដែលបន្តថាទង្វើនេះជាផ្នែកមួយនៃការព្យាយាមរបស់កងទ័ពក្នុងការផ្លាស់ប្ដូរកេរ្តិ៍ឈ្មោះឡើងវិញចំពោះសង្វៀនចំណាស់៦៤ឆ្នាំខាងលើដែលល្បីឈ្មោះខាងការភ្នាល់ស៊ីសងជាយូរមកហើយ។
តាមលោក Narongphan ដដែល ការលក់សំបុត្រសម្រាប់តែជនបរទេសនោះនឹងបញ្ចប់សកម្មភាពភ្នាល់នៅជាប់សង្វៀន។
ឈ្មោះសង្វៀននេះក៏ត្រូវបានប្ដូរផងដែរទៅជា មជ្ឈមណ្ឌលកីឡាកងយោធពលភូមិន្ទថៃ (Royal Thai Army Sports Centre)។
សកម្មភាពប្រកួតដទៃទៀតដែលធ្វើនៅមជ្ឈមណ្ឌលនេះក៏នឹងបើកឱ្យបានឃើញដល់សាធារណជនទូទៅផងដែរ មិនមែនសម្រាប់តែទាហានប៉ុណ្ណោះទេ។
លើសពីនេះ លោក Narongphan បាននិយាយថាកងយោធពលភូមិន្ទថៃគ្រោងផ្លាស់ប្ដូររបៀបរបបគ្រប់គ្រងសង្វៀនប្រដាល់ខាងលើដោយរៀបចំគណកម្មការគ្រប់គ្រងថ្មីដែលមានចំណេះដឹងនិងជំនាញក្នុងការគ្រប់គ្រងកីឡដ្ឋាន ពោលគឺមិនមែនជាសមាជិកមកពីនាយកដ្ឋានឧបត្ថម្ភធនកងទ័ពទៀតឡើយ។
សូមជម្រាបថា សង្វៀនប្រដាល់លុម្ពិនីត្រូវបានបង្កើតឡើងដោយសេនាប្រមុខ Praphas Charusathien កាលពី៦៤ឆ្នាំមុន ដោយដាក់ក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានឧបត្ថម្ភធនកងទ័ព ហើយចំណូលបានពីការប្រកួតត្រូវបានផ្ដល់ជូនកងយោធពលភូមិន្ទថៃ។ ក្រុមប្រឹក្សាភិបាលបច្ចុប្បន្នរបស់សង្វៀននេះសុទ្ធតែជាទាហាន៕