នាយកផ្នែករៀបចំពិធីនៃព្រឹត្តិការណ៍តូក្យូអូឡាំពិកដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីលោកបានប្រើសម្ដីខ្វះការគោរពចំពោះអ្នកកំប្លែងស្រីម្នាក់របស់ជប៉ុន។
លោក Hiroshi Sasaki បានប្រកាសពីការសម្រេចចិត្តរបស់លោក បន្ទាប់ពីមានសេចក្ដីរាយការណ៍មួយកាលថ្ងៃពុធម្សិលមិញដែលទម្លាយថាលោកបានស្នើឱ្យអ្នកកំប្លែងមាឌធាត់ល្បីឈ្មោះ Naomi Watanabe តែងខ្លួនជាសត្វជ្រូកនៅក្នុងពិធីបើកតូក្យូអូឡាំពិក។
លោក Hiroshi បាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់លោកថ្ងៃព្រហស្បតិ៍នេះថា៖ «គំនិតរបស់ខ្ញុំគឺជាការប្រមាថយ៉ាងធំចំពោះអ្នកស្រី Naomi Watanabe។ អ្វីដែលបាននិយាយហួសទៅហើយនោះមិនអាចយកមកវិញបានទេ។ ខ្ញុំសោកស្ដាយអស់ពីបេះដូងហើយខ្ញុំសូមទោសយ៉ាងជ្រាលជ្រៅចំពោះគាត់និងគ្រប់គ្នាដែលរងការប៉ះពាល់អារម្មណ៍ដោយសារតែសម្ដីនេះ»។
លោក Sasaki បាននិយាយទៅកាន់ប្រធានព្រឹត្តិការណ៍តូក្យូអូឡាំពិក អ្នកស្រី Seiko Hashimoto រួចហើយអំពីការសុំលាលែងពីតំណែងនេះ។
សូមរំឭកថា លោក Sasaki ត្រូវបានតែងតាំងជានាយកផ្នែកច្នៃប្រតិដ្ឋសម្រាប់ពិធីបើកនិងបិទព្រឹត្តិការណ៍តូក្យូអូឡាំពិក២០២០ និងប៉ារ៉ាឡាំពិក កាលពីខែធ្នូឆ្នាំមុន។
ការលាលែងរបស់លោក Sasaki នេះកើតឡើងមិនយូរប៉ុន្មានក្រោយអតីតប្រធានតូក្យូអូឡាំពិក លោក Yoshiro Mori បានចុះចេញពីតួនាទី បន្ទាប់ពីនិយាយថា«ស្ត្រីនិយាយច្រើនពេក»ក្នុងអង្គប្រជុំ៕