គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់និយាយថាខ្សែបម្រើ Donny van de Beek មិនសប្បាយចិត្តទេនៅ Manchester United ប៉ុន្តែគេមិនភ័យស្លន់ស្លោចំពោះស្ថានភាពនេះឡើយ។
លោក Frank de Boer សង្កត់ធ្ងន់ថា Van De Beek ដែលបានផ្ទេរមកពី Ajax ក្នុងតម្លៃ៤០លានផោន (៥៦លានដុល្លារ) មិនបោះបង់ការព្យាយាមនៅ Old Trafford ឡើយ។
តាំងពីមកដល់ Manchester ក្នុងខែកញ្ញាឆ្នាំមុនមក Van De Beek មិនសូវបានលេងក្នុងជម្រើស១១នាក់ដំបូងលោក Ole Gunnar Solskjaer ទេ និងថែមទាំងមានព័ត៌មានខ្លះផ្សាយថាគេបានស្នើផ្ទេរចេញពីក្រុមបិសាចក្រហមទៀតផង។
ប៉ុន្តែលោក De Boer ទទូចថាលោកជឿកីឡាករវ័យ២៣ឆ្នាំខាងលើនៅតែអាចជោគជ័យក្នុងអាជីពនៅអង់គ្លេស។
គ្រូបង្គោលហុល្លង់និយាយប្រាប់ talkSPORT ថា៖ «ខ្ញុំបាននិយាយជាមួយក្លិប Ajax ហើយពួកគេថាដំណឹងដែលថាគេចង់ចេញពី Man Utd នោះគឺមិនពិតទេ។ គេកំពុងផ្ដោតលើការព្យាបាលកជើងរបស់គេ។ ភ្នាក់ងាររបស់គេក៏បានប្រាប់ខ្ញុំដែរថាគេមិនសប្បាយចិត្តទេដែលគេមិនសូវបានចូលលេង។ គេទើបតែបានចាប់ផ្ដើមការប្រកួត២ដងប៉ុណ្ណោះក្រោមការបង្វឹករបស់ Solskjaer។ នោះមិនមែនជាអ្វីដែលគេបានសង្ឃឹមទុកទេពេលគេចូលរួម Man Utd។ គេចង់លេងគ្រប់ប្រកួត។ ប៉ុន្តែគេមិនបារម្ភទេរឿងថាគេមិនអាចជោគជ័យនោះ។ គេត្រូវពិនិត្យឡើងវិញក្រោយឆ្នាំនេះ សួរខ្លួនឯងថាកំពុងឈរនៅទីណា? តើមានលទ្ធភាពជោគជ័យនៅទីនេះឬអត់? បើមិនដូច្នោះទេ មានតែត្រូវផ្ទេរចេញ»។
ទោះយ៉ាងណា Van De Beek បានប្រាប់លោកថា Man Utd យកចិត្តទុកដាក់ចំពោះគេបានល្អបំផុត ហើយគេមានអារម្មណ៍ថាមានក្ដីស្រលាញ់នៅទីនេះ៕