Skip to content
Klopp ប្រាប់ពី​កីឡាករ​ល្អ​បំផុត​ក្នុង​ចំណោម​កីឡាករ​ដែល​លោក​ធ្លាប់​បង្វឹក​
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Klopp ប្រាប់ពី​កីឡាករ​ល្អ​បំផុត​ក្នុង​ចំណោម​កីឡាករ​ដែល​លោក​ធ្លាប់​បង្វឹក​

Robert Lewandowski ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ចំណោម​កីឡាករ​​ដែល​លោក Jurgen Klopp ធ្លាប់​បង្វឹក​។

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​ដ៏​​មុត​ស្រួច​រូប​នេះ​កំពុង​រះ​នៅ​ក្លិប Bayern Munich ប៉ុន្តែគេ​ធ្លាប់​ជា​កូន​សិស្ស​របស់​លោក Klopp កាល​នៅ Borussia Dortmund​ ដែល​លោក​បាន​ឈ្នះ​ជើងឯក Bundesliga ​២​ដង​ជាប់​គ្នា​ក្នុង​រដូវកាល​២០១០-១១ និង​២០១១​-២០១២​។

SAINT PETERSBURG, RUSSIA – FEBRUARY 25: Head coach Juergen Klopp of Dortmund celebrates with Robert Lewandowski after the UEFA Champions League Round of 16 match between FC Zenit and Borussia Dortmund at Petrovsky Stadium on February 25, 2014 in Saint Petersburg, Russia. (Photo by Alex Grimm/Bongarts/Getty Images)

មក​ទល់​នឹង​សព្វ​ថ្ងៃ​ដែល​លោក​កំពុង​ដឹកនាំ Liverpool លោក Klopp បាន​បង្វឹក​កីឡាករ​ដ៏​មាន​ទេពកោសល្យ​ជា​ច្រើន​ក្នុង​អាជីព​​ជា​គ្រូ​ដែល​លោក​បាន​ផ្ដើម​ដំបូង​នៅ Mainz 05 ក្នុង​ឆ្នាំ​២០០១រ​ហូត​ដល់​២០០៨ រួច​មក Dortmund ​មក​ទល់​​២០១៥ មុន​មក Liverpool​។

នៅ​ពេល​ត្រូវ​បាន​សារព័ត៌មាន​ Bild សួរ​ថា​កីឡាករ​ណា​ល្អ​ជាង​គេ​បំផុត​ដែល​លោក​ធ្លាប់​ធ្វើការ​ជាមួយ​? គ្រូ​ជនជាតិ​អាល្លឺម៉ង់​វ័យ​៥៣​ឆ្នាំ​និយាយ​ថា​៖ «Robert Lewandowski​។ វានឹង​មិន​យុត្តិធម៌​ទេ​ក្នុង​ការ​និយាយ​អំពី​កីឡាករ​ផ្សេង​ពី Lewy​។ អ្វីដែល​គេ​បាន​បង្កើត​ចេញ​ពី​សក្ដានុពល​របស់​គេ, របៀប​ដែល​គេ​ជំរុញ​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​កីឡាករ​ដូច​សព្វថ្ងៃនេះ គឺ​ពិសេស​​មែនទែន»។

«Lewy ធ្វើ​គ្រប់​យ៉ាង​ដែល​គេ​ត្រូវ​ធ្វើ​ដើម្បី​ក្លាយ​ជា​ម៉ាស៊ីន​គ្រាប់​បាល់។ គេ​ដាក់​ខ្លួន​គេ​ក្នុង​ការ​ប្រកួត​, គេដឹង​គ្រប់​ស្ថានភាព​ថា​​អ្វី​ដែល​គេ​ត្រូវ​ធ្វើ កន្លែង​ណា​ដែល​គេ​ត្រូវ​ទៅ​។ Lewy គឺ​ជា​ម៉ាស៊ីន​ពិត​ៗ​»។

សូម​ជម្រាប​ថា លោក Klopp ជា​អ្នក​ទិញ Lewandowski ពីក្លិប Lech Poznan មក Dortmund ក្នុង​ឆ្នាំ​២០១០ កាល​ខ្សែ​ប្រយុទ្ធ​កម្ពស់​១.៨៥ម៉ែត្រ​ខាង​លើ​ទើប​មាន​អាយុ​២១​ឆ្នាំ​។ ពួក​គេ​បាន​ធ្វើការ​ជាមួយ​គ្នា​៤​ឆ្នាំ​នៅ Dortmund ​ហើយ​ Lewandowski រក​បាន​១០៣​​គ្រាប់​ពី​ការ​ចូលលេង​១៧៨​លើក មុន​ផ្លាស់​ទៅ​ចូល​រួម​ Bayern Munich ក្នុង​ឆ្នាំ​២០១៤​ ដោយ​គ្មាន​តម្លៃ​ផ្ទេរ ​ក្រោយ​​ផុត​កិច្ចសន្យា​៕