ក្លិបធំទាំង៦របស់អង់គ្លេស ដែលពាក់ព័ន្ធនឹងការផ្ដួចផ្ដើមបង្កើត European Super League បានប្រកាសដកខ្លួនចេញពីគម្រោងនេះហើយ។
Manchester City ជាក្លិបដំបូងដែលចាកចេញពី ESL ក្រោយឃើញ Chelsea រៀបចំឯកសារស្នើសុំចាកចេញ ហើយបួនក្លិបទៀតគឺ Arsenal, Liverpool, Manchester United និង Tottenham បានប្រកាសដកខ្លួនជាបន្ដបន្ទាប់។
ក្លិបមេឃខៀវ Man City បានបញ្ជាក់ថា ពួកគេបានអនុម័តនីតិវិធីចាកចេញជាផ្លូវការពី Super League ខណៈ Liverpool បញ្ជាក់ថា ពួកគេមិនបន្ដពាក់ព័ន្ធនឹងថ្មីនេះតទៅទៀតដែរ។
រីឯ Manchester United វិញ បានអះអាងថា ពួកគេបានទទួលយកនូវប្រតិកម្មរបស់អ្នកគាំទ្រ រដ្ឋាភិបាលអង់គ្លេស និងម្ចាស់ភាគហ៊ុនសំខាន់ៗ ទើបសម្រេចមិនចូលរួម ESL តទៅទៀត។
ក្លិបកាំភ្លើងធំ Arsenal បានធ្វើការសូមអភ័យទោសនៅក្នុងលិខិតចំហទៅកាន់អ្នកគាំទ្រ ដោយបានបញ្ជាក់ថាពួកគេបានបង្កើតកំហុស ហើយបានបញ្ជាក់បន្ថែមថា ក្លិបបានស្ដាប់តាមអ្នកគាំទ្រ និងមជ្ឈដ្ឋាននានានៅក្នុងវិស័យបាល់ទាត់។
នាយកប្រតិបត្តិរបស់ Spurs លោក Daniel Levy បាននិយាយថាក្លិបរបស់លោកមានការស្ដាយក្រោយ ព្រួយបារម្ភ និង ខកចិត្ត ចំពោះការចូលរួមស្នើសុំបង្កើត Super League។
ចំណែកឯក្លិប Chelsea បានបញ្ជាក់ថាពួកគេបានចាប់ផ្ដើមនីតិវិធីក្នុងការដកខ្លួនចេញពីក្រុមដែលពួកគេទើបតែចូលរួមកាលពីចុងសប្ដាហ៍មុន៕