ថ្ងៃសៅរ៍ទី០៨ ខែមេសា ឆ្នាំ២០២៣ចុងសប្ដាហ៍នេះក្រុមបឹងកេតនឹងទទួលស្វាគមន៍ក្រុមកោះកុងក្នុងការប្រកួតបង្ហើយពូលA នៃពានរង្វាន់ Cambodian League Cup 2023។ ហើយនោះក៏ជាការប្រកួតក្នុងទឹកដីលើកចុងក្រោយបង្អស់របស់បឹងកេតក្នុងកីឡដ្ឋានខេមបូឌាអ៊ែរវ៉េយ៍លើដែនដីបឹងស្នោ ខណ្ឌច្បារអំពៅ ។
នៅក្នុងការប្រកួតចុងក្រោយរបស់ខ្លួននៅកីឡដ្ឋានដែលមានអាយុកាល៥ ឆ្នាំនេះ បឹងកេតបានប្រកាសមិនលក់សំបុត្រឡើយដោយបើកឲ្យទស្សនិជនចូលទស្សនាដោយឥតគិតថ្លៃនៅក្នុងអនុស្សវរីយ៏ចុងក្រោយបង្អស់មុនការចាកចេញពីកីឡដ្ឋាន ។ បន្ទាប់ពីបានសាងសង់កីឡដ្ឋានខេមបូឌាអ៊ែរវ៉េយ៍សម្រាប់ជាទឹកដីរបស់ខ្លួននៅលើដែនដីបឹងស្នោ អស់រយះពេល៥ ឆ្នាំមកនេះ ពោលចាប់តាំងពីឆ្នាំ២០១៨មក ក្លិបបឹងកេត និង អ្នកគាំទ្ររបស់ខ្លូនបានបង្កើតអនុស្សវរីយ៍ជាច្រើននៅទីនេះ ហើយនៅថ្ងៃសៅរ៍ទី០៨ ខែមេសា ចុងសប្ដាហ៍នេះ រំពឹងថានឹងក្លាយជាអនុស្សវរីយ៍ចងចាំល្អបំផុតមួយ ត្បិតជាការប្រកួតលើកចុងក្រោយក្នុងទឹកដីលើកីឡដ្ឋានមួយនេះ។
ថ្នាក់ដឹកនាំក្លិប គ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រក្លិបនាគខៀវទាំងអស់រំពឹងថាបានឃើញអ្នកគាំទ្ររបស់ខ្លួន ចូលទស្សនាពេញកីឡដ្ឋានខេមបូឌាអ៊ែរវ៉េយ៍ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដែលជាការប្រកួតបង្ហើយពូលA នៃពានរង្វាន់ Cambodian League Cup 2023ផង និង ជាការប្រកួតលើកចុងក្រោយលើកីឡដ្ឋានមួយនេះផង។
សូមជម្រាបជូនថាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េយ៍ ត្រូវបានក្លិបបាល់ទាត់បឹងកេតសាងសង់ក្នុងឆ្នាំ២០១៨ ហើយបានរួចរាល់ដាក់ឲ្យប្រកួតជាផ្លូវការនៅក្នុងឆ្នាំ២០១៩។នៅ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នេះបន្ទាប់ពីការប្រកួតចុងសប្ដាហ៍នេះរួចរាល់ ទឹកដីនៃកីឡដ្ឋានមួយនេះនឹងត្រូវប្រគល់ឲ្យម្ចាស់ដីវិញ បន្ទាប់ពីបញ្ចប់កិច្ចសន្យាជួលហើយក្លិបបឹងកេត នឹងសាងសងផ្ទះថ្មី នៅលើទីតាំងថ្មី ដោយក្លិបនឹងប្រកាសក្នុងពេលឆាប់ៗនេះ៕