កីឡាករបាល់ទាត់ជើងចាស់ល្បីឈ្មោះថៃមួយរូប លោក ជលទិត្យ ចន្ទខាម (ชลทิตย์ จันทคาม) បានបើកកកាយបទពិសោធជីវិតរបស់លោកប្រាប់សារព័ត៌មាន ฟุตบอล108 ទាំងរឿងល្អនិងរឿងមិនល្អដែលលោកបានប្រព្រឹត្តអំឡុងពេលកំពុងពេញលេងល្អ ល្បីល្បាញ និងជាប់ជម្រើសជាតិថៃ។ លោកបានពិចារណាពីកំហុសដែលលោកបានសាង ហើយបង្កើតជាមេរៀនជីវិតដើម្បីចែករំលែកដំបូន្មានល្អៗដល់កីឡាករបាល់ទាត់ជំនាន់ក្រោយ។ AMS Sports សូមបកប្រែជូនប្រិយមិត្តដូចខាងក្រោមនេះ។
ฟุตบอล108 បានដាក់ចំណងជើងថា៖ ជីវិតអ្នកប្រមាញ់! ជលទិត្យ ចន្ទខាម ប្រាក់ខែឡើងគុណនឹង២០, បើមិនភ្លឺមិនឈប់។
ប្រសិនរាប់កីឡាករបាល់ទាត់ថៃដែលខំលេងដោយឆន្ទៈមោះមុត២០០% ក្នុងចំណោមនោះមាន ជលទិត្យ ចន្ទខាម ម្នាក់ដែរ។ ប្រសិនគាត់មិនល្អ មិនមែនគាត់លេងក្នុងក្រុមធំ Chonburi (ជលបុរី) ដល់ទៅរយៈពេល១៦ឆ្នាំនោះទេ។
ជលទិត្យ ចន្ទខាម ជាខ្សែការពារដែលបានឡើងចូលក្រុមធំ Chonburi តាំងពីអាយុ១៧ឆ្នាំ។ គាត់លេងក្នុងក្រុមធំ Chonburi តាំងពីពានលីគថ្នាក់ខេត្ត Provincial League រួចឡើងមក Division 1 រហូតដល់លីគកំពូលថៃ។ បើរាប់ទៅគឺ១៦រដូវកាលក្នុងក្រុមធំ Chonburi។
គាត់ទទួលបានប្រាក់ខែដំបូងខ្ទង់ពាន់បាត គឺក្រោម១រយដុល្លារ ប៉ុណ្ណោះ(១ពាន់បាត =ប្រហែល ៣០ដុល្លារអាមេរិក)។ ប្រាក់ខែគាត់នៅ Chonburi ឡើងជាបន្តបន្ទាប់ដល់១៥០០០បាត គឺប្រមាណ៤៨០ដុល្លារអាមេរិក។ ប៉ុន្តែជីវិតជាកីឡាករអាជីពរបស់គាត់បានប្រែប្រួលយ៉ាងមិនគួរឱ្យជឿ បន្ទាប់ពីគាត់បានជាប់ជម្រើសជាតិថៃជាលើកដំបូងក្នុងសម័យដឹកនាំរបស់គ្រូបង្គោលជនជាតិអង់គ្លេស Peter Reid ក្នុងឆ្នាំ២០០៨។ ប្រាក់ខែរបស់គាត់ត្រូវបានក្លិប Chonburi ដំឡើងគុណ២០ដង គឺដល់ទៅ៣សែនបាត ស្មើនឹងជាង៩៦០០ដុល្លារអាមេរិក។
ពេលឃើញលុយដ៏ច្រើនបែបនេះក្នុងគណនីធនាគាររបស់ខ្លួន ដំបូង ជលទិត្យមិនហ៊ានដកចាយទេ ដោយគិតថាមានគេច្រឡំវេរលុយចូលគណនីរបស់ខ្លួន ព្រោះក្លិប Chonburi បានដំឡើងប្រាក់ខែជូនគាត់ស្ងាត់ៗ ដោយមិនបានជូនដំណឹងឡើយ (ទំនងចង់បង្កភាពភ្ញាក់ផ្អើល)។ បន្ទាប់មកទើបគាត់បានចម្លើយ ដោយអនុប្រធានក្លិប អ័នណុប សិង្ហតូថង (อรรณพ สิงห์โตทอง) ប្រាប់គាត់ថានោះជាប្រាក់ខែថ្មីរបស់គាត់ ជាការលើកទឹកចិត្តចំពោះការជាប់ជម្រើសជាតិសម្រាប់គាត់ និងជាប្រាក់ខែដែលកីឡាករជម្រើសជាតិសមនឹងទទួលបាន។
ក្រៅពីប្រាក់ខែដ៏ច្រើននៅក្លិប ជលទិត្យ ក៏បានចំណូលច្រើនបន្ថែមទៀតផងដែរពីជម្រើសជាតិ នៅពេលប្រមូលផ្ដុំម្ដងៗ គឺមិនក្រោម១ទៅ២សែនបាតផ្សេងទៀតនោះទេក្នុងមួយខែ។ មានន័យថាក្នុង១ខែ ជលទិត្យ អាចរកចំណូលបាន៥សែនបាត គឺជាង១៦០០០ដុល្លារក្នុងមួយខែ អំឡុង១០ឆ្នាំមុន។
ពេលគាត់ចាប់ផ្ដើមមានលុយ មានកេរ្តិ៍ឈ្មោះ ក៏ជាពេលដែលមានយ៉ាងច្រើនមកនែបនិត្យគាត់ ដែលនេះជារឿងធម្មតាក្នុងជីវិត។ តែអ្វីដែលមិនធម្មតាគឺគាត់បានបែកឆ្វេង ភ្លើតភ្លើន ឈ្លក់វង្វេងនឹងការសប្បាយ ដើរលេង ផឹកស៊ីទល់ៗភ្លឺ មួយយប់ៗចាយអស់រាប់ម៉ឺនបាត ជាមួយពួកទាំងនោះ។
ពេលវ័យកាន់តែចាស់ គុណភាពបាល់ទាត់របស់ខ្លួនក៏មិនល្អដូចដើមដែរ។ ដូច្នេះគាត់បានចេញពី Chonburi ក្នុងឆ្នាំ២០១៩ ទៅលេងឱ្យក្លិបកម្រិតទាបជាងចំនួន៥ផ្សេងទៀតជាបន្តបន្ទាប់ក្នុងរយៈពេលខ្លីៗដូចជា Udonthani FC (ឧត្ដរធានី អេហ្វស៊ី), Phrae United (ព្រែយូណាយធីត), Lampang FC (ឡាំប៉ាង អេហ្វស៊ី), Srisaket FC (ស៊ីសាកេត អេហ្វស៊ី), Songkhla United (សុងក្លា យូណាយធីត)។
បច្ចុប្បន្ន លោកមានអាយុ៣៥ឆ្នាំ។ លោកបានប្រាប់ពីជីវិត២២ឆ្នាំនៃការលេងបាល់របស់លោកដែលលោកបានចាកចេញពីស្រុកកំណើតនៅខេត្តមហាសារ៉ាខាម ដើម្បីមកប្រកបអាជីពបាល់ទាត់។ លោកថាគេអាចហៅលោកថា playboy បាន គឺមិនចម្លែកទេ។
ជលទិត្យ និយាយថា៖ «ខ្ញុំចង់បង្ហាញមេរៀនដល់កីឡាករបាល់ទាត់ល្បីៗថានៅក្នុងលោកនេះគ្មាននរណាមិនចាស់នោះឡើយ ហើយគ្មាននរណាលេងល្អរហូតនោះទេ។ បួនប្រាំឆ្នាំចុងក្រោយ ខ្ញុំឈប់ដើរលេង និងថែរក្សារាងកាយ ធ្វើការសប្បុរសធម៌ និងការងារសំខាន់ៗជាមួយមិត្តភ័ក្ដិប៉ុណ្ណោះ។ ខ្ញុំសូមចែករំលែកបទពិសោធដល់ប្អូនៗកីឡាករជំនាន់ក្រោយឱ្យចេះទុកដាក់លុយកាក់ឱ្យបានល្អ ចេះសន្សំលុយ កុំគិតរឿងដើរលេងស៊ីផឹក»។
«សព្វថ្ងៃ ផ្ទះ ដី រថយន្ត និងគ្រួសារកក់ក្ដៅ ដែលខ្ញុំកំពុងមានពេលនេះ បានមកពីការកសាងខ្លួនឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលខ្ញុំភ្ញាក់រឭកកែខ្លួន។ កីឡាករដែលមានប្រាក់ខែរាប់ម៉ឺនដុល្លារ មានប្រយោជន៍ទៅបានលុះត្រាតែកុំឈ្លក់វង្វេងនឹងការសប្បាយអបាយមុខ ដើរស៊ីផឹកផ្ដេសផ្ដាស និងជ្រើសរើសផ្លូវល្អៗសម្រាប់ជីវិតខ្លួនឯង។ នេះគ្រាន់តែជាការចែករំលែកបទពិសោធជីវិត ជឿឬមិនជឿ ស្រេចលើអ្នកពិចារណាចុះ»។
ជុំវិញអាជីពបាល់ទាត់វិញ អតីតប្រធានក្រុម Chonburi ខាងលើនិយាយថាចង់បន្តលេងបាល់ទាត់១ទៅ២ឆ្នាំទៀតមុនចូលនិវត្តន៍។ ពេលនេះលោកកំពុងរកក្លិបថ្មីដែលមានកម្រិតល្មមៗសមនឹងសមត្ថភាពបច្ចុប្បន្នដែលលោកអាចលេងបាន។ សូមជម្រាបផងដែរថា ជលទិត្យ ចន្ទខាម ដែលអាចលេងតួនាទីខ្សែការពារកណ្ដាល, ការពារស្លាបស្ដាំ និងខ្សែបម្រើការពារ បានជាប់ជម្រើសជាតិក្រុមធំថៃពីឆ្នាំ២០០៨ដល់២០១៣។ លោកបានឈ្នះមេដាយមាសស៊ីហ្គេម២០០៧, T&T Cup 2008 និងរងជើងឯក AFF Suzuki Cup 2008 ជាមួយជម្រើសជាតិ។ នៅក្លិប Chonburi វិញ លោកបានឈ្នះជើងឯកលីគថ្នាក់ខេត្តក្នុងឆ្នាំ២០០៥ (ពាននេះបង្កើតក្នុងឆ្នាំ១៩៩៩និងលុបចោលវិញក្នុងឆ្នាំ២០០៨), ឈ្នះជើងឯកលីគកំពូលថៃឆ្នាំ២០០៧, រងជើងឯកលីគកំពូលថៃ២០០៨ និងឈ្នះពាន Royal Thai Cup ២០០៨ និង២០០៩ផងដែរ៕