ការប្រកាសលទ្ធផលនៃការបោះឆ្នោតបាត់បង់ទំនុកចិត្តប្រឆាំងនឹង ប្រធានក្លិបបច្ចុប្បន្នរបស់ Barcelona លោក Josep Maria Bartomeu គឺនឹងត្រូវបានប្រកាសនៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ។
អ្នករៀបចំការបោះឆ្នោត និងជាបេក្ខភាពប្រជែងតំណែងប្រធានក្លិប Barcelona លោក Jordi Farre បានប្រមូលហត្ថលេខាពីមនុស្ស ២០,៦៨៧ នាក់ ហើយលោកបានបញ្ជូនឯកសារនេះមកកាន់ក្លិប ខណៈលទ្ធផលជិតត្រូវបានសម្រេចនាពេលខាងមុខដ៏ខ្លី។
លោក Farre បាននិយាយនៅក្នុងសេចក្ដីថ្លែងការមួយថា “យើងទទួលបានជាច្រើនពាន់ហត្ថលេខា ដែលត្រូវបានប្រមូលសំឡេងប្រឆាំងទៅនឹងក្រុមប្រឹក្សាភិបាលរបស់ក្លិបបច្ចុប្បន្ន។ ពួកគេមិនអាចត្រូវបានអនុញ្ញាតឱ្យនៅដឹកនាំក្លិបនេះ រយៈពេលយូរទៀតទេ។”
គួររំឭកថា លោក Bartomeu បានចូលខ្លួនមកកាន់តំណែងជាប្រធានក្លិប Barca នៅឆ្នាំ២០១៤ មកទល់បច្ចុប្បន្ន ជំនួសលោក Sandro Rosell ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ បុរសវ័យ៥៧ឆ្នាំទទួលបានការរិះគន់ចំពោះការដឹកនាំក្លិប ហើយជាពិសេសលោកជាដើមហេតុធំបំផុត ដែលធ្វើឱ្យតារាឆ្នើម Lionel Messi មានបំណងចង់ចាកចេញ៕