ក្លិប Lion City Sailors (ដេីម ឡេីយ ឈ្មោះ Home United FC) បានប្រើប្រាស់ធនធានថវិកាយ៉ាងច្រើនក្រាស់ក្រែល ក្នុងការអភិវឌ្ឍថ្នាលយុវជន ដោយពួកគេបានប្រកាសជាលើកដំបូងថា បានចំណាយលើសពី១លានដុល្លារ សម្រាប់រយៈពេល៤ឆ្នាំ ដើម្បីបង្កើនសមត្ថភាពកីឡាករក្មេងៗ។
ជាផ្លែផ្កាតបស្នងការខិតខំប្រឹងប្រែង ក្លិបសិង្ហបុរីមួយនេះ ជាក្លិបដំបូងនៅក្នុងប្រទេស ដែល ថ្នាល បណ្ដុះ យុវជន របស់ ពួកគេ ទទួលបានការវាយតម្លៃកម្រិត ផ្កាយមួយពី សហព័ន្ធ កីឡា បាល់ ទាត់ ទ្វីប អាស៊ី(AFC)។ ពិន្ទុ ខ្ពស់បំផុតគឺផ្កាយបី។
សម្រាប់ការទទួលបានផ្កាយមួយ មានន័យថា Sailors មានសមត្ថភាពខ្ពស់ ក្នុងការផលិតកីឡាករថ្នាលយុវជនដែលមានទេពកោសល្យ ឱ្យឈានដល់កម្រិតកាន់តែប្រសើរឡើង។
បើយោងតាមការប្រកាសរបស់ Sailors បានឱ្យដឹងថា ការវាយតម្លៃផ្កាយមួយ នៃថ្នាលរបស់ពួកគេបានដើរតួយ៉ាងសំខាន់ ក្នុងការជួយ សហព័ន្ធ កីឡា បាល់ទាត់សិង្ហបុរី(FAS) ក្លាយជាសមាជិកពេញលេញ នៃគម្រោងការថ្នាលយុវជនឆ្នើម។
ប្រធានផ្នែកបច្ចេកទេសរបស់ FAS លោក Joseph Palatsides បានបង្ហាញក្ដីរំពឹងថា រង្វាយតម្លៃផ្កាយមួយដែល Sailors ទទួលបាន អាចជាការជំរុញ ឱ្យថ្នាលយុវជនក្លិបដទៃ ខិតខំប្រឹងប្រែងដើម្បីទទួលបានលទ្ធផលល្អផងដែរ។
លើសពីនេះទៅទៀត លោក Palatsides ក៏បានអះអាងផងដែរថា FAS នឹងព្យាយាមជួយដល់រាល់មជ្ឈមណ្ឌលអភិវឌ្ឍយុវជន ដែលបង្ហាញការចាប់អារម្មណ៍ ក្នុងការទទួលស្គាល់ជាផ្លូវការពី AFC៕