Skip to content
ក្រុមដែលកក់កៅអីឡើងទៅវគ្គ១៦ក្រុម និង លក្ខន្ដិកៈនៃការចាប់ឆ្នោតនៅ UCL
    ទំព័រដើម  »  កីឡាអន្តរជាតិ

ក្រុមដែលកក់កៅអីឡើងទៅវគ្គ១៦ក្រុម និង លក្ខន្ដិកៈនៃការចាប់ឆ្នោតនៅ UCL

ក្រោយឆ្លងកាត់ការប្រកួត៦ជុំនៅក្នុងវគ្គចែកពូល​ គេរកឃើញក្រុមដែលបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League។

ក្រុមលេខ១នៅក្នុងវគ្គចែកពូល ត្រូវបានដាក់ក្រឡចាប់ឆ្នោតទី១មានដូចជា៖ Bayern Munich, Real Madrid, Manchester City, Liverpool, Chelsea, Borussia Dortmund, Juventus និង Paris Saint-Germain។

ចំណែកក្រុមលេខ២ក្នុងតារាង ត្រូវបានដាក់ក្នុងក្រឡទី២ រួមមាន៖ Atletico Madrid, Borussia Monchengladbach, Porto, Atalanta, Sevilla, Lazio, Barcelona និង RB Leipzig។

ការចាប់ឆ្នោតនឹងធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ UEFA នៅទីក្រុងនីយ៉ុង ប្រទេសស្វីស នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ ២០២០ ដែលចាប់ផ្ដើមនៅម៉ោង១២៖០០នាទីថ្ងៃត្រង់(ម៉ោង ៦៖០០នាទីល្ងាចនៅកម្ពុជា)។

លក្ខន្ដិកៈនៃការចាប់ឆ្នោត៖

  • ក្រុមលេខ១នៅវគ្គចែកពូល(នៅក្នុងក្រឡទី១) ត្រូវប្រកួតជាមួយនឹង ក្រុមលេខ២នៅក្នុងវគ្គចែកពូល(នៅក្នុងក្រឡទី២)។
  • គូប្រកួតដែលនឹងតតាំងគ្នាក្នុងវគ្គ១៦ក្រុម មិនអាចឡើងពីពូលជាមួយគ្នា ឬ មកពីក្របខណ្ឌក្នុងប្រទេសជាមួយគ្នានោះទេ។
  • ការប្រកួតនឹងធ្វើឡើងពីរជើង ហើយក្រុមលេខ២នៅវគ្គចែកពូល នឹងធ្វើជាម្ចាស់ផ្ទះនៅជើងទី១។

លក្ខន្ដិកៈនៃលទ្ធផលប្រកួត៖

  • ក្រុមដែលមានគ្រាប់បាល់សរុបច្រើនជាងនៅក្នុងការប្រកួតទាំងពីរជើង នឹងក្លាយជាអ្នកឈ្នះ។
  • ប្រសិនបើក្រុមទាំងពីរមានគ្រាប់បាល់ស្មើគ្នា ក្រុមដែលមានគ្រាប់បាល់នៅក្រៅទឹកដីច្រើនជាង នឹងឡើងទៅវគ្គបន្ទាប់។
  • ប៉ុន្ដែបើសិនក្រុមទាំងពីរមានគ្រាប់បាល់ក្រៅទឹកដីស្មើគ្នា នោះក្រុមទាំងពីរនឹងត្រូវប្រកួតថែមម៉ោង។ លក្ខខណ្ឌលទ្ធផលក្រៅទឹកដីក៏ត្រូវបានប្រើប្រាស់ផងដែរ សម្រាប់ការប្រកួតម៉ោងបន្ថែម ឧទាហរណ៍ក្រុមទាំងពីរមានចំនួនគ្រាប់បាល់ស្មើគ្នានៅម៉ោងបន្ថែម នោះក្រុមភ្ញៀវ នឹងឡើងទៅវគ្គបន្ទាប់។
  • ក្នុងករណីដែលគ្មានគ្រាប់បាល់នៅម៉ោងបន្ថែម នោះលទ្ធផលនឹងត្រូវកាត់ក្ដីដោយការស៊ុតប៉េណាល់ទី។

ការប្រកួតវគ្គ១៦ក្រុមជើងទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦, ១៧, ២៣ និង ២៤ ខែកុម្ភៈឆ្នាំ២០២១ ហើយជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ៩, ១០, ១៦ និង ១៧ ខែមីនា ឆ្នាំ២០២១៕