ប្រធានក្រុម Arsenal : Pierre-Emerick Aubameyang និយាយថាគេស្រកទម្ងន់៤គីឡូក្រាម និងពិតជាបាក់ខ្លាំង បន្ទាប់ពីឆ្លងជំងឺគ្រុនចាញ់អំឡុងពេលទៅជួយជម្រើសជាតិហ្គាបុងនៅអាហ្វ្រិកក្នុងខែមីនា។
Aubameyang វ័យ៣១ឆ្នាំ បានត្រលប់មកលេងឱ្យ Arsenal វិញដោយប្ដូរចូលក្នុងជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ European League ទល់ Villarreal សប្ដាហ៍មុន ដែល Arsenal បានចាញ់១-២។ គេបានស៊ុតចូលក្នុងជ័យជម្នះ២-០លើ Newcastle ក្នុង Premier League ថ្ងៃអាទិត្យកន្លងទៅ។
Aubameyang សារភាពថាការឆ្លងគ្រុនចាញ់គឺជាវេលាអាក្រក់បំផុតក្នុងជីវិតរបស់គេធៀបនឹងពេលឆ្លងជំងឺផ្សេងៗ។ គេមានអារម្មណ៍បាក់មែនទែន។
អតីតយុវជន AC Milan ដែលឡើងកូដនៅ Saint-Etienne និង Borussia Dortmund បន្តថា៖ «ដូចអ្នកដឹងហើយ ហ្គាបុងនៅមិនជិតពីទីនេះទេ។ ដំបូងខ្ញុំគ្រាន់តែមានអារម្មណ៍ថានឿយហត់ ពិសេសក្នុងការប្រកួតទល់ Liverpool ប៉ុន្តែខ្ញុំបានគិតថាហត់ដោយសារការធ្វើដំណើរ។ បន្ទាប់មក ខ្ញុំគ្រុនញាក់៣ថ្ងៃជាប់គ្នាឥតដាច់។ សូម្បីថ្នាំប៉ារ៉ាសេតាម៉ុលនិងអ្វីៗផ្សេងទៀតក៏គ្មានប្រសិទ្ធភាពដែរ»
«បន្ទាប់មក ខ្ញុំបានជួបវេជ្ជបណ្ឌិត។ ខ្ញុំបានប្រាប់គាត់ថាខ្ញុំត្រូវការទៅពេទ្យព្រើខ្ញុំបានធ្វើដំណើរទៅអាហ្វ្រិកដូច្នេះប្រហែលខ្ញុំឆ្លងជំងឺអ្វីមួយដូចជាគ្រុនចាញ់អីហ្នឹង។ ខ្ញុំសម្រាកនៅពេទ្យ៣ថ្ងៃ។ ខ្ញុំពិតជាបាក់មែនទែន ហើយខ្ញុំគិតថាខ្ញុំស្រក៤គីឡូ។ វាពិតជាវេលាដ៏អាក្រក់ ហើយខ្ញុំគិតថាគ្រួសារខ្ញុំខ្លាចបន្តិចដែរពេលឃើញខ្ញុំបែបនេះ»។
ប៉ុន្តែពេលនេះគេល្អប្រសើរវិញហើយ។ Aubameyang និយាយថាគេរួចរាល់ទាំងចិត្តទាំងកាយដើម្បីលេងជើងទី២ European League ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់ Villarreal ម៉ោង២យប់ថ្ងៃព្រហស្បតិ៍នេះ។
គេថាឆ្នាំនេះគេមានបញ្ហាមួយចំនួនទាំងនៅលើទីលាននិងក្រៅទីលាន ប៉ុន្តែគេនៅតែស្រេកឃ្លានចង់បញ្ចប់រដូវកាលឱ្យបានល្អមួយជាមួយ Arsenal៕