Skip to content
Solskjaer ថា Man Utd នៅតែចង់ឈ្នះ Roma ទៀត ខណៈ Arsenal នឹងប្រឹងយកជ័យជម្នះនៅជើងទី២ UEL
    ទំព័រដើម  »  កីឡាជាតិ

Solskjaer ថា Man Utd នៅតែចង់ឈ្នះ Roma ទៀត ខណៈ Arsenal នឹងប្រឹងយកជ័យជម្នះនៅជើងទី២ UEL

ទោះបីមានសង្ឃឹមខ្ពស់ក្នុងការឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រប៉ុន្ដែ លោក Ole Gunnar Solskjaer និយាយថា ក្រុមរបស់លោកនៅតែមានការប្រកួតប្រជែង ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រកួតជើងទី២ UEFA Europa League ថ្វីបើក្រុមរបស់លោកឈ្នះកាលពីជើងទី១ ៦-២ ទៅហើយក្ដី។

ក្រុមបិសាចក្រហមមានពេលសម្រាកមួយសប្ដាហ៍ មុនការប្រកួតជើងទី២មកដល់ បន្ទាប់ពីការប្រកួតនៅ Premier League ទល់នឹង Liverpool កាលពីថ្ងៃអាទិត្យ នៅកីឡដ្ឋាន Old Trafford ត្រូវបានលើកពេល ដោយសារមានបាតុកម្មពីអ្នកគាំទ្រដែលចង់បណ្ដេញម្ចាស់ក្លិបត្រកូល Glazer។

ចាប់តាំងពីដឹកនាំ Man Utd លោក Solskjaer រំពឹងថាអាចនាំក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង ដោយកន្លងមកក្រុមរបស់លោកធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របួនលើកជាបន្ដបន្ទាប់។

លោក Solskjaer និយាយថា៖​”យើងនឹងមិនលេងដោយផ្ដេកផ្ដួលលើលទ្ធផលទេ យើងលេងដើម្បីឈ្នះការប្រកួតនេះ។ នេះជារឿងតែមួយគត់ដែលខ្ញុំគិតពីការប្រកួតនេះ។ ពិតណាស់ ប្រហែលជាមានការផ្លាស់ប្ដូរកីឡាករម្នាក់ ឬពីរនាក់ ប៉ុន្ដែយើងត្រូវតែឡើងដល់វគ្គផ្ដាច់ព្រ័ត្រ”។

“គ្រប់គ្នានិយាយថា វាចប់សព្វគ្រប់ហើយ ប៉ុន្ដែខ្ញុំអាចមើលឃើញការខកចិត្តច្រើនជាងនេះ។ Roma បានយកឈ្នះ Barcelona នៅជើងទី២ បន្ទាប់ពីបរាជ័យ ៤-១”។

អ្នកចាំទី Pau Lopez របស់ Roma នឹងខកខានការប្រកួតនេះដោយសារបញ្ហារបួសស្មា កាលពីជើងទី១ ខណៈអ្នកចាំទី Daniel Furzato និង Antonio Mirante នឹងប្រជែងគ្នាសម្រាប់ការបង្ហាញខ្លួនក្នុងជម្រើសដំបូងនៅយប់នេះ។

ខ្សែការពារ Gianluca Mancini អាចត្រលប់មកជួយក្រុម Roma វិញបាន ក្រោយអវត្តមានកាលពីជើងទី១ដោយសារជាប់បម្រាម ហើយអតីតកីឡាករបិសាចក្រហម Chris Smalling និង Henrikh Mkhitaryan ត្រូវបានរំពឹងថា នឹងបង្ហាញខ្លួនក្នុងជម្រើសដំបូង។

សម្រាប់ក្រុមបិសាចក្រហមវិញ ខ្សែប្រយុទ្ធស្លាប Daniel James មិនបានធ្វើដំណើរទៅអ៊ីតាលីជាមួយមិត្តរួមក្រុមទេ ដោយសារគេមិនទាន់ជាសះស្បើយពីរបួស។ Anthony Martial និង Phil Jones ក៏របួសមិនអាចចូលរួមផងដែរ ប៉ុន្ដែ Amad Diallo និង Anthony Elanga ស្ថិតនៅក្នុងចំណោមបញ្ជីកីឡាករទាំង២៤នាក់ ដែលត្រូវធ្វើដំណើរទៅអ៊ីតាលី។

បរាជ័យ ៦-២របស់ Roma ក្រោមថ្វីជើង Manchester United នៅជើងទី១ ជាប្រកួតទី៤ដែលក្រុមអ៊ីតាលីមួយនេះ របូតគ្រាប់បាល់យ៉ាងតិច៦គ្រាប់ នៅក្នុងការប្រកួតពានអឺរ៉ុប។

ក្នុងចំណោមការប្រកួត៦លើកចុងក្រោយទល់នឹង Roma ក្រុមបិសាចក្រហមទទួលជ័យជម្នះ ៥លើក និងស្មើម្ដងគត់ កាលពីខែធ្នូ ឆ្នាំ២០០៧។

Manchester United អាចមានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូង ក្រោមការបង្វឹកដោយលោក Ole Gunnar Solskjaer កន្លងមកពួកគេត្រូវបានទម្លាក់ចេញពីការប្រកួតត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៤ដងផ្ទួនៗពោលគឺនៅ League Cup ពីរដង FA Cup ម្ដង និង Europa League ម្ដង។

រីឯមួយគូទៀតរវាង Arsenal និង Villarreal ក៏ត្រូវប្រកួតតទល់គ្នាដើម្បីរកអ្នកឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រផងដែរ ដោយកាលពីជើងទី១ ក្រុមកាំភ្លើងធំបានបរាជ័យ ២-១។

ទោះយ៉ាងណាក្ដី ក្រុមដែលបង្វឹកដោយលោក Mikel Arteta ពុំទាន់អស់សង្ឃឹមទេ សម្រាប់ការប្រកួតជើងទី២នៅកីឡដ្ឋាន Emirates ដោយពួកគេមានទំនុកចិត្តថាអាចយកបានជ័យជម្នះ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Europa League ជាលើកទី២ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។

វត្តមានរបស់ Arsenal ចុងក្រោយបង្អស់នៅវគ្គផ្ដាច់ព្រ័ត្រ Europa League គឺក្នុងរដូវកាល ២០១៨-១៩ ដែលកាលនោះមានលោក Unai Emery អ្នកចាត់ការ ប៉ុន្ដែបច្ចុប្បន្នលោកកំពុងដឹកនាំ Villarreal ដែលត្រូវប្រជែងជាមួយពួកគេ។

លោក Arteta និយាយថាក្រុមរបស់លោកនឹងប្រឹងប្រែងធ្វើឱ្យបានល្អ ក្នុងការប្រកួតជើងទី២នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនេះជាឱកាសធំបំផុតសម្រាប់ Arsenal ដើម្បីអាចឈ្នះពានរង្វាន់។

កីឡាករ Dani Ceballos របស់ Arsenal និង Étienne Capoue របស់ Villarreal នឹងខកខានចូលរួមការប្រកួតយប់នេះ ដោយសារពួកគេទទួលបានកាតក្រហមកាលពីជើងទី១។

ខ្សែការពារស្លាបឆ្វេង Kieran Tierney អាចត្រលប់មកវិញបាន បន្ទាប់ពីខានលេងតាំងពីខែមេសា ដោយសាររបួសជង្គង់។ ដោយឡែក ខ្សែការពារ David Luiz ដែលត្រូវបានប្ដូរចេញក្នុងការប្រកួតទល់នឹង Newcastle ដោយសាររងរបួស កាលពីចុងសប្ដាហ៍កន្លងទៅ ពុំទាន់មានការបញ្ជាក់ថា អាចចូលលេងបានវិញឬយ៉ាងណានៅឡើយទេ។

Arsenal អាចឈានទៅវគ្គបន្ទាប់បាន២លើកចុងក្រោយ នៅក្នុងវគ្គ knock-out ក្រោយបរាជ័យជើងទី១ ពោលគឺនៅក្នុងការប្រកួត ទល់នឹង BATE Borisov ក្នុងខែកុម្ភៈ ឆ្នាំ ២០១៩(ចាញ់ជើងទី១ ០-១) និង Rennes កាលពីខែមីនា ឆ្នាំ២០១៩ នៅ Europa League។

Villarreal អាចឡើងទៅវគ្គបន្ទាប់ ១៥លើក ក្នុងចំណោមការប្រកួត knock-out ពានអឺរ៉ុប១៦លើក នៅពេលដែលពួកគេទទួលជ័យជម្នះនៅជើងទី១ មានម្ដងដែលពួកគេឈ្នះជើងទី១ ហើយមានអាចឆ្លងទៅវគ្គបន្ទាប់បានគឺ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League រដូវកាល ២០១៥-១៦ ដោយពួកគេត្រូវហាលអាវ ក្រោមថ្វីជើងរបស់ Liverpool ទោះបីឈ្នះការប្រកួតជើងទី១ក្ដី។

Arsenal មិនទទួលជ័យជម្នះ២ប្រកួតចុងក្រោយនៅពានអឺរ៉ុប ដោយស្មើម្ដង និងចាញ់ម្ដង ដោយកន្លងមកពួកគេអាចយកឈ្នះគូប្រកួតនៅក្នុងទឹកដីខ្លួនឯង ១១លើកក្នុងចំណោម១៣ប្រកួត។

Villarreal ជាក្រុមតែមួយគត់នៅ Europa League ដែលពុំទាន់ស្គាល់បរាជ័យនៅឡើយ ក្នុងរដូវកាលនេះ ដោយពួកគេក្រសោបបានជ័យជម្នះ ១២ប្រកួត និងស្មើមួយប្រកួត៕