កំពូលកីឡាករប្រដាល់ទម្ងន់ធ្ងន់ Tyson Fury និយាយថាការប្រកួតដណ្ដើមជើងឯកពិភពលោករបស់គេទល់នឹងគូបដិបក្ខរួមជាតិ Anthony Joshua នឹងធ្វើនៅអារ៉ាប៊ីសាអ៊ូឌីត ថ្ងៃទី១៤ខែសីហាឆ្នាំ២០២១។
ការប្រកួតរវាងកំពូលអ្នកប្រដាល់ជនជាតិអង់គ្លេសទាំង២នេះត្រូវបានហៅថាជាការប្រកួតទម្ងន់ធ្ងន់ធំបំផុតមួយក្នុងរយៈពេលច្រើនទសវត្សរ៍ចុងក្រោយនេះ ហើយអ្នកឈ្នះនឹងក្លាយជាជើងឯកគ្មានគូប្រៀប។
នេះជាការប្រកួតទម្ងន់ធ្ងន់លើកដំបូងក្នុងប្រវត្តិសាស្ត្រដែលដាក់ខ្សែក្រវាត់ស្ថាប័នធំៗទាំង៤ឱ្យដណ្ដើមយកក្នុងមួយប្រកួត។
Joshua វ័យ៣១ឆ្នាំ កាន់កាប់ខ្សែក្រវាត់ WBA, WBO និង IBF បន្ទាប់ពីសកសឹកបានសម្រេចលើអ្នកខ្លាំងអាមេរិក Andy Ruiz ក្នុងខែធ្នូឆ្នាំ២០១៩នៅ Diriyah ជាយរាជធានី Riyahd នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈ Fury វ័យ៣២ឆ្នាំ កាន់ខ្សែក្រវាត់ WBC ក្រោយបញ្ចប់ភាពមិនដែលចាញ់របស់ជើងខ្លាំងអាមេរិក Deontay Wilder កាលខែកុម្ភៈឆ្នាំ២០២០។
ជើងឯកទម្ងន់ធ្ងន់ពិភពលោកគ្មានគូប្រៀបចុងក្រោយគេគឺអតីតអ្នកប្រដាល់អង់គ្លេស Lennox Lewis ពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០០ មុនពេលលក្ខខណ្ឌត្រូវបានបន្ថែមដោយតម្រូវឱ្យឈ្នះទាំងខ្សែក្រវាត់ WBO មួយទៀតទើបក្លាយជាជើងឯកគ្មានគូប្រៀបបាន៕