ព្រឹត្តិការណ៍កីឡាក្បាច់គុននិងក្នុងសាលអាស៊ី Asian Indoor and Martial Arts Games (AIMAG) ឆ្នាំ២០២១ ត្រូវបានលើកពេល ដោយសារការរាតដ្បាតនៃជំងឺកូវីដ១៩។
ព្រឹត្តិការណ៍ពហុកីឡាធំបំផុតទី២ប្រចាំទ្វីបអាស៊ីបន្ទាប់ពី Asian Games ដែលរៀបចំរៀងរាល់៤ឆ្នាំម្ដងនេះ គ្រោងធ្វើនៅជលបុរី (Chonburi) និង បាងកក ប្រទេសថៃ ពីថ្ងៃទី២១ដល់៣០ខែឧសភាឆ្នាំនេះ ដែលជាព្រឹត្តិការណ៍លើកទី៦។ កីឡាចំនួន៣០ប្រភេទគ្រោងដាក់ឱ្យប្រកួតប្រជែងយកមេដាយឆ្នាំនេះ មានជាអាទិ៍កីឡារាំ, អុក, ហ៊្វូតសាល, ប្រដាល់ថៃ, ឃីកបុកស៊ីង, ជឺជីតស៊ូ, បញ្ចសិលា, សីប៉ាក់តាក្រ ជាដើម។ ប៉ុន្តែឥឡូវ ព្រឹត្តិការណ៍ត្រូវបានលើកពេលទៅធ្វើពីថ្ងៃទី១០ដល់១៩ខែមីនាឆ្នាំ២០២២វិញ។
ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia) បានប្រកាសកាលពីដើមឆ្នាំនេះអំពីការផ្អាកព្រឹត្តិការណ៍ខាងលើ ក្រោមមូលហេតុជំងឺរាតដ្បាតសកល ការរឹតបន្តឹងការធ្វើដំណើរ និងវិធានការសុខាភិបាល នៅជុំវិញទ្វីប។ បន្ទាប់មក ក្រសួងទេសចរណ៍និងកីឡាថៃ បានស្នើទៅរដ្ឋាភិបាលដើម្បីអនុម័តការប្ដូរពេលនោះ ដែលត្រូវបានឯកភាពដោយគណៈរដ្ឋមន្ត្រីសប្ដាហ៍មុន។
សូមជម្រាបថា Asian Indoor and Martial Arts Games ជាការច្របាច់បញ្ចូលគ្នារវាងកម្មវិធីកីឡា២ គឺ Asian Indoor Games និង Asian Martial Arts Games ដែលកម្មវិធីទាំង២នេះមិនមានភាពពេញនិយម។
ថៃ បានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Indoor Games មុនគេ ដែលបានធ្វើឡើងទី១ក្នុងឆ្នាំ២០០៥។ ប្រទេសនេះក៏បានទទួលការប្រកួត Asian Martial Arts Games លើកទី១និងជាការធ្វើឡើងតែម្ដងគត់ក្នុងឆ្នាំ២០០៩ផងដែរ។
ព្រឹត្តិការណ៍ Asian Indoor and Martial Arts Games លើកមុន ធ្វើឡើងក្នុងប្រទេសតួកមេនីស្ថានក្នុងឆ្នាំ២០១៧ បន្ទាប់ពីព្រឹត្តិការណ៍លើកទី៤ធ្វើនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៣។
AIMAG ជាព្រឹត្តិការណ៍កីឡាខ្នាតធំចុងក្រោយដែល OCA បានលើកពេលដោយសារតែបញ្ហាកូវីដ១៩ បន្ទាប់ពី Asian Beach Games ២០២១ ក្នុងប្រទេសចិនត្រូវបានផ្អាកជាលើកទី២ក្នុងខែធ្នូ ខណៈកាលបរិច្ឆេទថ្មីនៅមិនទាន់ត្រូវបានសម្រេចនៅឡើយ៕