ខ្សែក្រវាត់ប្រាក់រង្វាន់ធំ អធិរាជគុនខ្មែរ ISI PALM – ISI PIPE រដូវកាលទី៣ បានប្រកាសបើកជាផ្លូវការហើយ។ រដូវថ្មី PNN បានផ្លាស់ប្ដូររូបមន្តប្រកួតជាលើកដំបូងពី ការជម្រុះចាញ់ធ្លាក់ មកវិលជុំក្នុងពូលចម្រាញ់យកជើងខ្លាំង ដោយផ្ដល់តម្លៃខ្លួនស្មើគូបរទេស សម្រាប់បេក្ខជនឆ្នើមទាំង៨នាក់ ដែលសម្រិតសម្រាំងមក។
ប្រធានគ្រប់គ្រងកីឡា PNN លោក សំណព្វ បានអះអាងក្នុងសន្និសីទនៅព្រឹកថ្ងៃ ១តុលានេះថា ការប្ដូរមកប្រើរូបមន្តវិលជុំ នឹងធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។ វាជាឱកាសសម្រាប់បេក្ខភាពនីមួយៗ ពង្រឹងសមត្ថកាន់តែល្អ និងទទួលបានកម្រៃរឹតតែប្រសើរ ពីការប្រកួតមានកាន់តែច្រើន ជាងរូបមន្តរដូវកាលមុន ជាមួយតម្លៃខ្លួនស្មើប្រកួតបរទេស ឯណោះ។
«លើកនេះមុនធ្លាក់ កីឡាករគីឡូ៥៤ របស់យើងវ៉ៃយ៉ាងហោចបាន៣ដង ហើយតម្លៃខ្លួនដែលយើងឲ្យគឺដូចតម្លៃខ្លួនកីឡាករវ៉ៃនឹងបរទេសដែរ។ ប្រិយមិត្តប្រហែលជាដឹងហើយ PNN ឲ្យតម្លៃខ្លួនគូបរទេស យ៉ាងហោច ១លាន២សែនរៀល។ អញ្ចឹងការប្រកួតខ្សែក្រវាត់នេះ តម្លៃខ្លួនគាត់គឺតម្លៃខ្លួនគូបរទេស»។ នេះជាការគូសបញ្ជាក់របស់លោក សំណព្វ។
បេក្ខជនទម្ងន់ ៥៤គីឡូក្រាម ដែលចូលមកប្រជែង ខ្សែក្រវាត់ អធិរាជគុនខ្មែរ ISI PALM – ISI PIPE រដូវកាលទី៣ ពូល A មាន រិន ដេវីត, ស៊ឺន ថៃសាន់, ភួន ឡាំងកូស៊ីន និង ធន់ អៀនឡៃ ខណៈពូល B មាន ពេជ្រ ប៊ុនសិទ្ធ, ខេម ចាន់, ម៉ន ភារម្យ និង យីប ឌុក។
យុទ្ធនាការខ្សែក្រវាត់ប្រាក់រង្វាន់ដ៏ធំ នឹងបើកឆាកជុំដំបូងនៅសប្ដាហ៍នេះ រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១២ថ្ងៃត្រង់។ ជើងឯកនឹងក្រសោបបាន ប្រាក់រង្វាន់ ៣០លាន រៀល ស្របពេលជើងឯករង ទទួលបាន១០លានរៀល៕