Skip to content
ក្លិបធំមួយដែរ តែហេតុអ្វី Man Utd ពិបាកទិញកីឡាករជាងគេជាងឯងម្ល៉េះ?
    ទំព័រដើម  »  កីឡាអន្តរជាតិ

ក្លិបធំមួយដែរ តែហេតុអ្វី Man Utd ពិបាកទិញកីឡាករជាងគេជាងឯងម្ល៉េះ?

ក្លិប​បិសាច​ក្រហម Manchester United ជា​ក្លិប​បាល់ទាត់​ធំ​បំផុត​មួយ​​ក្នុង​ពិភពលោក ដែល​ធ្លាប់​តែ​ទាក់ទាញ​តារា​ឆ្នើម​ៗ​ជា​ច្រើន​មក​ចូល​រួម​ដើម្បី​​ពង្រឹង​ក្រុម​ប្រជែង​ពាន​រង្វាន់​នានា​។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្លិបមួយ​នេះ​ប្រែ​ជា​ពិបាក​ទិញ​បានកីឡាករ​​ដែ​ល​ពួកគេ​ត្រូវការ​ទៅ​វិញ?

Ole Gunnar Solskjaer

ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​២០២០​នេះ លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្រុមបិសាច​ក្រហម បាន​​មើល​ឃើញ​ចំណុច​ខ្សោយ​៣​តំបន់​ក្នុង​ក្រុម​របស់​លោក គឺ​​នៅ​ស្លាប​ខាង​ស្ដាំ, ការពារ​កណ្ដាល និង ការពារ​ស្លាប​ឆ្វេង​។

ប៉ុន្តែ​ទោះ​បី​ជា​ត្រូវ​បានភ្ជាប់​ទៅ​នឹង​កីឡាករ​ជា​ច្រើន​មែន​ពិត មក​ទល់​ពេលនេះ ក្លិប​ដែល​មាន​ម្ចាស់​ជា​មហាសេដ្ឋី​អាមេរិក​ គ្រួសារ​​ត្រកូល​ Glazer ទើប​តែ​នាំ​ចូល​សមាជិក​ថ្មី​បាន​ម្នាក់​គត់ គឺ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ហុល្លង់ Donny van de Beek ពី Ajax ក្នុង​តម្លៃ​៣៥​លាន​ផោន​។

លោក Gary Neville អតីត​ប្រធានក្រុម​បិសាច​ក្រហម​ជំនាន់​លោក Sir Alex Ferguson ​បាន​​លើក​ឡើង​ត្រង់​ៗ​តាមទម្លាប់​របស់​គាត់​ថា​៖ «ទីផ្សារ​ដោះដូរ​លើក​នេះ​ប្រហែលជា​ទីផ្សារ​ដែល​ងាយ​ស្រួល​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Premier League ប៉ុន្តែ​គួរ​ឱ្យ​តក់​ស្លុត​ណាស់​ដែល​មក​ទល់​ពេលនេះ Man United មិន​ទាន់​បាន​ធ្វើ​អ្វី​ថែម​លើស​ពីនេះ​នៅឡើយ​។ ក្លិប​ដទៃ​កំពុងទិញ​កីឡាករ​បាន​ភ្លូកទឹក​ភ្លូក​ដី ចម្លែក​អី​អត់​តែ Man United?»​។

សម្ដី​របស់​លោក Gary បង្កើន​សម្ពាធ​​លើ​អនុប្រធាន​ប្រតិបត្តិក្លិប​បិសាច​ក្រហម Ed Woodward និង​លោក Matt Judge ដែល​ជា​​​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​និង​​ជាអ្នក​ចរចា​ការ​ផ្ទេរ​​​​។

Jadon Sancho

លោក Solskjaer បាន​កំណត់ Jadon Sancho ជា​គោលដៅ​ផ្ទេរ​លេខ​១​របស់​លោក ប៉ុន្តែ​មក​ទល់​ពេលនេះ Borussia Dortmund រក្សា​ជំហរ​យ៉ាង​​រឹង​ត្អឹង​លើ​តម្លៃ​ផ្ទេរ​ដែល​ពួកគេ​ទាមទារ​។ មួយ​រយៈ​មុន Dortmund  ពិត​ជា​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ចរចា ប៉ុន្តែ​បាន​​ដាក់​ថ្ងៃ​ទី​១០​ខែ​សីហា​ជា​ថ្ងៃ​​ចុង​ក្រោយ​នៃ​ការ​ធ្វើ​កិច្ច​ព្រមព្រៀង ដើម្បី​ឱ្យ​ស្រប​គ្នា​នឹង​ពេល​វិល​មក​ហាត់​ត្រៀម​​រដូវកាល​ថ្មី​។

Man Utd យល់​ថា​ការ​កំណត់​​​ឱសានវាទ​ខាង​លើ​ជា​ការ​ធ្វើ​តាម​អំពើ​ចិត្ត​​របស់ Dortmund ហើយ​ពួក​គេ​បានព្រងើយ​ចំពោះ​កា​រ​កំណត់នោះ​។ តែ​ទន្ទឹម​នឹង​នេះ អ្វី​ដែល Man Utd កាន់​តែ​បារម្ភ​ជាង​នោះ​គឺ​​ការ​ទារ​​តម្លៃ​ពី​សំណាក់ Dortmund ដែល​ចង់​បាន​ជាង​១០០លានផោន​​ចំពោះ​ការ​ផ្ទេរ​ Sancho​ ដែល Man Utd គិត​ថា​ថ្លៃ​ពេក​។ ចំណុច​ពិបាក​មួយ​ទៀត​គឺ​ការ​ចរចា​តាម​រយៈ​ភាគីទី​៣​ ដែល​ជា​សំណើ​របស់ Dortmund​។

តាម​ប្រភព​គួរ​ឱ្យ​ជឿ​បាន​ Man Utd ​បាន​ព្រមព្រៀង​លើ​​ប្រាក់​ខែ​របស់ Sancho ​និង​កម្រៃ​ជើងសារ​ភ្នាក់ងារ​រួច​ហើយ​។ ប៉ុន្តែ Dortmund ​ប្រកាន់​ជំហរ​ថា​ឱសានវាទ​សម្រាប់​ចរចា​គ្នា​បាន​ហួស​បាត់ហើយ​។

Dortmund បាន​បដិសេធ​សំណើ​​ថ្មី​បំផុត​របស់ Man Utd និង​ទទូច​ថា​ពួក​គេ​នឹង​មិន​លក់​ Sancho ទេ​។ សំណួរ​ពេលនេះ​គឺ តើ Man Utd បន្ត​តាមទិញ Sancho ទៀត ឬ​ប្ដូរ​គោលដៅទៅ​រក​អ្នក​ផ្សេង?

តាមមើល​ទៅ មាន​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដែល​អាច​ធ្វើ​បាន​។ Ousmane Dembele របស់ Barcelona និង Ivan Perisic របស់ Inter Milan ជា​កីឡាករ​២​នាក់​ដែល​មាន​គុណភាព និង​អាច​យក​បាន​។ ប៉ុន្តែ​តើ​ពួក​គេ​ព្រម​មក​ចូល​រួម​លើ​កិច្ចសន្យា​ខ្ចី​ឬ​ទេ?

កីឡាករ Ismaila Sarr ​របស់ Watford ក៏​ត្រូវ​បាន​លើក​ឡើង​​ថា​មាន​ចំណាប់​អារម្មណ៍​ពី Man Utd ដែរ​។

នៅ​តំបន់​ការពារ Man Utd ​បាន​សម្លឹងឃើញ​ខ្សែការពារ​ស្លាប​ឆ្វេង​ប្រេស៊ីល Alex Telles ​របស់ Porto ប៉ុន្តែ​បញ្ហា​​គឺ​មិន​ខុស​គ្នា​ពី​ករណី​របស់ Sancho ទេ​ គឺ Man Utd យល់​ថា​តម្លៃ​១៨​លាន​ផោន​​ដែល FC Porto ទារ​គឺ​ថ្លៃពេក​សម្រាប់​កីឡាករ​ម្នាក់​ដែល​សល់​កិច្ចសន្យា​តែ​១​រដូវ​កាល​ទៀត​ប៉ុណ្ណោះ ហើយ​សល់​តែ​៣​ខែ​ទៀត Telles អាច​ចុះ​កិច្ចសន្យា​ជា​មុន​ជាមួយ​ក្លិប​ថ្មី​ដោយ​សេរី​។

ទោះ​យ៉ាង​ណា​ក៏​ដោយ បើ​យើង​មើល​ទៅ​ជ្រុង​ម្ខាង​ទៀត​ឃើញ​ថា​​កត្តា​ហិរញ្ញវត្ថុ​ជា​ចំណុច​មិនអាច​​ព្រងើយ​ដាក់​បាន​ទេ​។ ខ្សែ​បម្រើ Andreas Pereira ​នឹង​ចេញពី Man Utd ទៅ​​ចូល​រួម Lazio លើ​កិច្ចសន្យា​ខ្ចី​មួយរដូវ​កាល ប៉ុន្តែ​នៅ​សល់​​​កីឡាករ​ក្រុម​ធំ​មួយ​ចំនួន​​ទៀត​ដែល​ Man Utd ចង់​លក់​ចេញ តែ​លក់​មិន​ទាន់​ដាច់​។ តួយ៉ាង ខ្សែ​ការពារ​កណ្ដាល Chris Smalling កំពុង​ហាត់​ដាច់​ដោយឡែក​ម្នាក់​ឯង ខណៈ​ការ​ចរចា​រវាង​ក្លិប​បិសាច​ក្រហម​ជាមួយ AS Roma នៅ​ជាប់​ទ្រឹង ដោយសារ​មិន​ត្រូវ​តម្លៃ​គ្នា​។ Phil Jones និង Marcos Rojo ក៏​​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​​ដូច Smalling​៕

https://www.facebook.com/227064548627699/videos/3368237123268420