Liverpool កំពុងចរចាលក្ខខណ្ឌជាមួយក្លិប RB Leipzig ដើម្បីទិញខ្សែការពារកណ្ដាលវ័យក្មេងបារាំង Ibrahima Konate ខណៈពួកគេបោះបង់ចោលឱកាសចុះកិច្ចសន្យាជាអចិន្ត្រៃយ៍ជាមួយខ្សែការពារតួកគី Ozan Kabak ពី Schalke។
Konate សព្វថ្ងៃវ័យ២២ឆ្នាំជាសមាជិកក្រុមជម្រើសជាតិU21បារាំងដែលត្រៀមលេង Euro U21 ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៩ខែឧសភា។ គេត្រូវបានរាយការណ៍ថាមានខផ្ដាច់កុងត្រាតម្លៃ៣៤លានផោន។
Konate បានលេងឱ្យ RB Leipzig ២១ដងក្នុងរដូវកាល២០២០-២១ ស្របពេលក្រុមរបស់គេបញ្ចប់ Bundesliga ក្នុងចំណាត់ថ្នាក់ទី២។
ក្លិបហង្សក្រហមមានជម្រើសក្នុងការប្រែក្លាយកិច្ចសន្យាខ្ចី Kabak ពី Schalke ទៅជាអចិន្ត្រៃយ៍ ប៉ុន្តែបន្ទាប់ពីពួកគេបានប្រាប់អំពីផែនការអនាគតទៅខ្សែការពាររូបនេះ គេសម្រេចចិត្តចរចាជាមួយក្លិបដទៃវិញ។
Kabak បានលេងឱ្យក្រុមលោក Jurgen Klopp ១៣លើក តាំងពីមកដល់ Anfield ក្នុងខែមករា លើកិច្ចសន្យាខ្ចី អមដោយជម្រើសទិញផ្ដាច់ក្នុងតម្លៃ១៨លានផោន។ តែគេបានរងរបួសក្នុងការបង្ហាញខ្លួនលើកចុងក្រោយទល់នឹង Newcastle ថ្ងៃទី២៤ខែមេសា៕