លោក Christophe Galtier បានចុះចេញពីតំណែងគ្រូបង្គោល Lille ត្រឹមតែ២ថ្ងៃប៉ុណ្ណោះក្រោយដឹកនាំក្រុមនេះលើកពានលីគកំពូលបារាំងរដូវកាល២០២០-២១។
Lille បានលើកពាន Ligue 1 ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ កាលពីថ្ងៃអាទិត្យទី២៣ខែឧសភា បន្ទាប់ពីបញ្ចប់រដូវកាលនៅលើ Paris St Germain ចំនួន១ពិន្ទុ។ Lille បានអបអរពានរង្វាន់លីគជាមួយអ្នកគាំទ្រកាលពីថ្ងៃអង្គារនៅកណ្ដាលទីក្រុង។
លោក Galtier វ័យ៥៤ឆ្នាំត្រូវបានរំពឹងទុកថានឹងចាកចេញពី Lille បន្ទាប់ពីម្ចាស់ក្លិបថ្មីចូលគ្រប់គ្រងក្លិបតាំងពីពាក់កណ្ដាលរដូវកាលមក។
គ្រូជនជាតិបារាំងរូបនេះនិយាយប្រាប់សារព័ត៌មាន L’Equipe ថា៖ «ខ្ញុំមានជំនឿយ៉ាងជ្រាលជ្រៅថាពេលវេលារបស់ខ្ញុំនៅទីនេះដល់ទីបញ្ចប់ហើយ»។
លោក Galtier បានចូលបង្វឹក Lille ក្នុងខែធ្នូឆ្នាំ២០១៧ ពេលក្រុមនេះកំពុងឈរលេខរៀងទី១៨ក្នុងតារាង។ ក្រោយរក្សា Lille ឱ្យឈរជើងក្នុងលីគកំពូល លោកបាននាំ Lille ជាប់លេខ២ក្នុងលីគក្នុងរដូវកាលទី២និងបានលេខ៤ក្នុងរដូវកាលទី៣ មុនពេលឈ្នះពាននៅក្នុងរដូវកាលទី៤នេះ។
Lille ជាក្លិបទី២ដែលលោកបានបង្វឹក បន្ទាប់ពីអតីតខ្សែការពាររូបនេះបានផ្ដើមអាជីពជាគ្រូនៅក្លិប Saint-Etienne ក្នុងឆ្នាំ២០០៩និងបង្វឹកក្រុមនេះដល់ឆ្នាំ២០១៧ ដែលធ្វើឱ្យលោកជាប់ឈ្មោះជាគ្រូបង្វឹកដែលកាន់តំណែងនៅក្លិប១យូរជាងគេក្នុង Ligue 1 គឺ៨ឆ្នាំ។
ពេលនេះ លោក Galtier ត្រូវបានភ្ជាប់នឹងការងារដឹកនាំនៅក្លិប Nice និង Lyon៕