Skip to content
Copa America 2021 រក​ម្ចាស់​ផ្ទះ​ថ្មី​បាន​ហើយ​ក្រោយ​ដក​សិទ្ធិ​ពី​អាហ្សង់ទីន​​និង​កូឡុំប៊ី
    ទំព័រដើម  »  កីឡាជាតិ

Copa America 2021 រក​ម្ចាស់​ផ្ទះ​ថ្មី​បាន​ហើយ​ក្រោយ​ដក​សិទ្ធិ​ពី​អាហ្សង់ទីន​​និង​កូឡុំប៊ី

ព្រឹត្តិការណ៍ Copa America 2021 នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​ប្រេស៊ីល បន្ទាប់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាមេរិក​ខាង​ត្បូង (CONMEBOL) បាន​ដក​សិទ្ធិ​ពី​អាហ្សង់ទីន ប្រមាណ​២​សប្ដាហ៍​មុន​ព្រឹត្តិការណ៍​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៣​ខែ​មិថុនា​​។

CONMEBOL និយាយ​ថា​អាហ្សង់ទីន​ត្រូវ​បាន​ដក​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយសារ​កាលៈទេសៈ​បច្ចុប្បន្ន ដែល​ប្រទេស​នេះ​កំពុង​​មាន​កំណើន​ឆ្លង​ជំងឺ​កូវីដ​១៩​យ៉ាង​ខ្លាំង​​គួរ​ឱ្យ​ព្រួយ​បារម្ភ​។

កីឡដ្ឋាន​សម្រាប់​ទទួល​ការ​ប្រកួត​នៅ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ​។

ប្រេស៊ីល ជា​ក្រុម​ការពារ​ជើងឯក បន្ទាប់​ពី​បាន​ឈ្នះ​ពាន​ក្នុង​ឆ្នាំ​២០១៩​។ Copa America 2021 នេះ​ជា​ព្រឹត្តិការណ៍​​លើក​ទី​៤៧​។ ដំបូង​ឡើយ​ត្រូវ​ធ្វើ​ក្នុង​ឆ្នាំ​២០២០ ដែលជា​ការ​កែប្រែ​របស់ CONMEBOL ក្នុងការ​រៀបចំ​ពានរង្វាន់​៤​ឆ្នាំ​ម្ដង​​នេះ​នៅ​ក្នុង​ឆ្នាំ​គូ​​ឱ្យ​ដូច​គ្នា​នឹង Euro។ ប៉ុន្តែ​ដោយសារ​បញ្ហា​កូវីដ​១៩ ទើប​ផ្អាក​មួយ​ឆ្នាំ លើក​មក​ធ្វើ​ក្នុង​ឆ្នាំ​២០២១​នេះ​វិញ​។​​

CONMEBOL ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រធានាធិបតី​ប្រេស៊ីល Jair Bolsonaro និង​ក្រុម​ការងារ ព្រម​ទាំង​​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រេស៊ីល ចំពោះ​ការ​បើក​ទ្វារ​ចំហ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ Copa America 2021 ​បន្ត​ពី​អាហ្សង់ទីន​និង​កូឡុំប៊ី​នេះ​។

សូម​រំឭក​ថា​ ដើម​ឡើយ អាហ្សង់ទីន ជា​សហ​ម្ចាស់​ផ្ទះ​ជាមួយ កូឡុំប៊ី ប៉ុន្តែ​កូឡុំប៊ី​ត្រូវ​បាន​ដក​សិទ្ធិ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​ឧសភា ដោយសារ​បាតុកម្ម​កើត​មានឡើង​ទូទាំង​ប្រទេស​ប្រឆាំ​ង​នឹង​ប្រធានាធិបតី​របស់​ពួក​គេ​។ បន្ទាប់​មក អាហ្សង់ទីន ត្រូវ​បាន​ដក​សិទ្ធិ​នៅ​ថ្ងៃ​ទី​៣១​ខែ​​ដដែល ដោយសារ​ការ​ឆ្លង​រាលដាល​កូវីដ​១៩​ខ្លាំង​ ស្រប​ពេលមាន​ការ​ជំទាស់​ខ្លាំង​ឡើង​ៗ​ទាំង​ក្នុងនិង​ក្រៅ​ប្រទេស​​ចំពោះ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​នៅ​អាហ្សង់ទីន។

កាល​ពី​ថ្ងៃ​ទី​២២​ខែ​ឧសភា អាហ្សង់ទីន បាន​បិទខ្ទប់​​​ប្រទេស​ជា​ថ្មី​​រយៈ​ពេល​៩​ថ្ងៃ បន្ទាប់​ពី​មាន​ករណី​ឆ្លង​៣៥០០០​នាក់​រៀង​រាល់​ថ្ងៃ​ក្នុង​សប្ដាហ៍​នោះ​។

ដោយឡែក ប្រធានាធិបតី​ប្រេស៊ីល ក៏​រង​ការ​រិះគន់​ចំពោះ​វិធានការ​គ្រប់គ្រង​ជំងឺ​កូវីដ​១៩​ដែរ ដោយសារ​មាន​អ្នក​ឆ្លង​ច្រើន​។ ប្រេស៊ីល ជា​ប្រទេស​មាន​អ្នក​ស្លាប់​ដោយសា​រ​ជំងឺ​កូវីដ​១៩​ច្រើន​បំផុត​ទី​២​ក្នុង​ពិភពលោក​បន្ទាប់​ពី​អាមេរិក​ គឺ​​​ជិត​​៤៦០០០០​នាក់ហើយ​។ ប្រទេស​នេះ​​​​ក៏​មានអ្នក​ឆ្លង​ច្រើន​ជាង​គេ​បំផុត​ទី​៣​ក្នុង​ពិភពលោក គឺ​ជាង​១៦​លាន​នាក់​៕