ចំណាត់ថ្នាក់ខ្ពស់បំផុតដែល N’Golo Kante ធ្លាប់ទទួលបានក្នុងការប្រជែងពានរង្វាន់ Ballon d’Or គឺលេខរៀងទី៨ ក្នុងឆ្នាំ២០១៧។ ប៉ុន្តែក្នុងឆ្នាំ២០២១នេះ ខ្សែបម្រើកណ្ដាលដ៏ឆ្នើមរបស់ Chelsea និងជម្រើសជាតិបារាំង ស័ក្ដិសមក្នុងការទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ។
មកទល់ពេលនេះ ពុំមានបេក្ខជនណាដែលមើលទៅស័ក្ដិសមជាង Kante ឡើយក្នុងការក្លាយជាម្ចាស់ពាន Ballon d’Or ខណៈគេទើបតែបានរួមចំណែកយ៉ាងធំជួយ Chelsea លើកពាន UEFA Champions League 2020-21។
កីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបានជ្រើសរើសជា Man of the Match ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទាំង២ប្រកួតទល់នឹង Real Madrid និងម្ដងទៀតក្នុងវគ្គផ្ដាច់ព្រ័ត្រទល់នឹង Man City។ នេះជាសមិទ្ធផលផ្ទាល់ខ្លួនដ៏អស្ចារ្យមួយ ហើយគេទទួលបានវាទាំង៣លើកយ៉ាងស័ក្ដិសមបំផុត។
អ្នកសង្កេតការណ៍បច្ចេកទេសរបស់ UEFA លោក John Peacock និងលោក Patrick Vieira បាននិយាយក្រោយជ័យជម្នះរបស់ Chelsea ១-០លើ Man City ថា Kante មានឥទ្ធិពលយ៉ាងធំធេងនៅតំបន់កណ្ដាលនៃទីលានទាំងពេលមានបាល់និងពេលគ្មានបាល់ ហើយចាប់ដៃគូសហការយ៉ាងចំណានជាមួយ Jorginho។
ស្រដៀងគ្នានេះដែរក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំង២ជើងទល់ Real Madrid កីឡាករដែលកើតក្នុងគ្រួសារជនជាតិម៉ាលីនៅបារាំងជួយក្រុមតោខៀវបានលេចធ្លោ ទាំងពេលការពារនិងពេល counter-attack ដែលគេជាតួអង្គនាំមុខ និងបង្កើតឱកាសល្អៗជាច្រើនលើកសម្រាប់ក្រុមលោក Thomas Tuchel។
តាំងពីលោក Tuchel ចូលដឹកនាំក្រុម Chelsea ក្នុងខែមករាដែលជាពេលចាប់ផ្ដើមនៃការពិចារណារកម្ចាស់ពាន Ballon d’Or 2021 អតីតសមាជិក Boulogne, Caen និង Leicester City ខាងលើបង្ហាញគុណផលយ៉ាងល្អប្រសើរ។ គេកម្រសម្រេចចិត្តខុសណាស់ ផ្ទុយទៅវិញ គេសម្រេចចិត្តត្រូវៗយ៉ាងច្រើន។ ប្រសិនគ្មាន Kante ក្នុងក្រុម Chelsea មើលទៅពិបាកក្នុងការឈ្នះ Champions League ជាលើកទី២ក្នុងប្រវត្តិសាស្ត្រពួកគេណាស់។
មកទល់ពេលនេះ ពាក់កណ្ដាលផ្លូវហើយដែលឆ្នាំ២០២១បានចំណេរមក ហើយ Kante ត្រូវបានមើលឃើញថាជាបេក្ខភាពនាំមុខគេក្នុងការឈ្នះពាន Ballon d’Or ឆ្នាំនេះ ស្របពេលព្រឹត្តិការណ៍សម្រាប់ជម្រើសជាតិក្នុងរដូវក្ដៅនេះកំពុងខិតជិតមកដល់។
Kante អាចបន្ថែមទម្ងន់នៃគុណសម្បត្តិរបស់គេដើម្បីប្រជែងពាន Ballon d’Or នៅក្នុងពានរង្វាន់ Euro 2020 ជាមួយជម្រើសជាតិបារាំង។ បារាំង ស្ថិតក្នុងពូលមរណៈជាមួយ ព័រទុយហ្គាល់ និងអាល្លឺម៉ង់ ប៉ុន្តែពួកគេជាជើងឯកពិភពលោកដែលសម្បូរទៅដោយតារាល្អៗ ពិសេសនៅតំបន់បម្រើ និងរំពឹងថានឹងទៅបានឆ្ងាយក្នុងព្រឹត្តិការណ៍នេះ។
ហើយបើថា បារាំង ឈ្នះ Euro 2020 ទៀត អីចឹងករណីថា Kante ក្លាយជាម្ចាស់ពានកីឡាករបាល់ទាត់ល្អបំផុតក្នុងពិភពលោកគឺកាន់តែច្បាស់ថែមទៀតហើយ។
ប៉ុន្តែ បើទោះបីបារាំងពុំបានលើកពាន Euro រដូវក្ដៅនេះ ក៏ Kante ជាកីឡាករលេចធ្លោជាងគេរួចទៅហើយក្នុងឆ្នាំ២០២១នេះ។
Kante ជាកីឡាករមានប្រវត្តិកម្សត់ តែអំណត់និងតស៊ូ, ជាកីឡាករដាក់ខ្លួនមិនមានអំណួតអួតអាង និងជាទីស្រលាញ់ពេញចិត្តនៅក្នុងពិភពបាល់ទាត់។
នៅក្នុងរាត្រីលើកពាន Champions League, Kante ត្រូវបានអ្នកសារព័ត៌មានសួរអំពីឱកាសឈ្នះ Ballon d’Or។ ប៉ុន្តែ Kante បាននិយាយសម្រាល ដោយថា៖ «ខ្ញុំមិនគិតដល់រឿងនោះទេ។ នៅក្នុងខណៈនេះ ពួកយើងកំពុងរីករាយនឹងជោគជ័យ Champions League ហើយបន្ទាប់មកពួកយើងត្រូវគិតអំពី Euro ដែលនឹងមកដល់ឆាប់ៗ»។
Kante ជាមនុស្សស្រគត់ស្រគំមិនសូវមាត់ក ហើយតំណែងដែលគេលេងលើទីលានក៏ជាតំណែងមួយដែលមិនសូវទាក់ទាញចំណាប់អារម្មណ៍អ្នកបោះឆ្នោត Ballon d’Or មួយចំនួន និងចំណងជើងធំៗលើទំព័រមុខសារព័ត៌មាននោះទេ ដោយសារមិនសូវមានគ្រាប់បាល់ញឹកញាប់ដូចខ្សែប្រយុទ្ធ។
ប្រិយមិត្តប្រហែលជាគិតថា ទេ! កាលពីឆ្នាំ២០១៨ Luka Modric បានឈ្នះ Ballon d’Or។ ពិតណាស់ វាជាឆ្នាំដែល Modric ឈ្នះ Champions League ជាមួយ Real Madrid និងជួយក្រូអាតឡើងផ្ដាច់ព្រ័ត្រ FIFA World Cup នៅរុស្ស៊ី។ ប៉ុន្តែខ្សែបម្រើដែលធ្លាប់ឈ្នះ Ballon d’Or ផ្សេងទៀតក្រៅពី Modric ក្នុងសតវត្សរ៍ទី២១នេះ ពុំមានច្រើនឡើយ គឺមានតែ Pavel Nedved ក្នុងឆ្នាំ២០០៣ និង Kaka ក្នុងឆ្នាំ២០០៧។
ទោះយ៉ាងណាក៏ដោយ សរុបមកវិញ នៅសល់ផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅ ដ្បិតមកទល់នឹងពេលលោកអ្នកកំពុងស្ដាប់វីដេអូរបស់ AMS Sports ក្នុងដើមខែមិថុនានេះ វាទើបតែពាក់កណ្ដាលឆ្នាំ២០២១ប៉ុណ្ណោះ។ គ្រាន់តែថាបើគិតពីដើមឆ្នាំមកទល់ពាក់កណ្ដាលឆ្នាំនេះ Kante ជាកីឡាករលេងបានល្អជាងគេ៕