កីឡាករបម្រុង Viktor Tsigankov បានស៊ុតបញ្ចូលទីក្នុងនាទី៧៦ ជួយម្ចាស់ផ្ទះ អ៊ុយក្រែន ឈ្នះ១-០លើ អេស្ប៉ាញ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Nations League ពូលទី៤ នៃលីគលំដាប់ទី១ (League A)។
គ្រាប់បាល់តែមួយគ្រាប់គត់នេះបង្កើតចេញជារឿងពិសេសៗច្រើនចំណុចសម្រាប់អ៊ុយក្រែន។
នេះជាលើកទី១ដែលអ៊ុយក្រែនឈ្នះអេស្ប៉ាញក្នុងការប្រកួតពានរង្វាន់អន្តរជាតិ។
ហើយនេះក៏ជាគ្រាប់បាល់ដំបូងផងដែរដែលអ៊ុយក្រែនទាត់ចូលទីអេស្ប៉ាញក្នុងរយៈពេល១៧ឆ្នាំចុងក្រោយ។ កីឡាករអ៊ុយក្រែនចុងក្រោយដែលបានទាត់បញ្ចូលទីអេស្ប៉ាញបានសម្រេចគឺគ្រូបង្វឹករបស់ពួកគេបច្ចុប្បន្ន Andriy Shevchenko ផ្ទាល់តែម្ដង ធ្វើបានកាលពី១៧ឆ្នាំមុន។
សម្រាប់អេស្ប៉ាញវិញ នេះជាលើកដំបូងក្នុងពេលជិត២ឆ្នាំចុងក្រោយដែលពួកគេរងបរាជ័យ។ ពួកគេបានចាញ់លើកចុងក្រោយក្នុងពាន Nations League 2018 ទល់នឹង អង់គ្លេស និង ក្រូអាត។
ទោះយ៉ាងណា ក្រុមលោក Luis Enrique នៅតែឈរលេខ១ពូលទី៤ដដែល ដោយនាំមុខ១ពិន្ទុលើ អាល្លឺម៉ង់ ដែលស្មើ៣-៣ជាមួយ ស្វ៊ីស។ អ៊ុយក្រែន ក៏មាន៦ពិន្ទុពី៤ប្រកួតដូច អាល្លឺម៉ង់ ដែរ តែចាញ់ផលសងគ្រាប់បាល់៕