លោក Arsene Wenger បានទម្លាយឱ្យដឹងថាលោកបានបដិសេធសំណើរបស់ Real Madrid ២ដង អំឡុងពេលលោកកំពុងដឹកនាំ Arsenal។
ក្នុងរយៈពេល២០ឆ្នាំដែលការដឹកនាំរបស់លោកនៅ Arsenal បុរសជនជាតិបារាំងរូបនេះបានបដិសេធសំណើរបស់ក្លិបជាច្រើន ក្នុងនោះរួមទាំង Real Madrid ផងដែរ ដែលលោកបានឆ្លើយទេដល់ទៅ២លើកផ្សេងគ្នា។
លោក Wenger បច្ចុប្បន្នវ័យ៧០ឆ្នាំ និងជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA បញ្ជាក់ថា៖ «ក្លិបដែលខ្ញុំប៊ិះៗទៅដឹកនាំជាងគេគឺ Real Madrid។ ខ្ញុំមិនដឹងថាមានមនុស្សប៉ុន្មាននាក់ទេដែលបានបដិសេធសំណើរបស់ Real ដល់ទៅ២ដងដូចខ្ញុំ។ ខ្ញុំបដិសេធ Real ដើម្បីបន្តនៅជាមួយក្រុមមួយ(Arsenal)ដែលគ្មានធនធានដើម្បីឈ្នះជើងឯកលីគ។ ប៉ុន្តែខ្ញុំបានប្រាប់ខ្លួនឯងថាបើចង់ល្បងសមត្ថភាពខ្លួនឯងក្នុងការដឹកនាំ Arsenal ហើយ ខ្ញុំត្រូវនៅដល់ទីបញ្ចប់។ អ្នកចាត់ការមានប្រភេទផ្សេងៗគ្នា។ ខ្ញុំជាអ្នកចាត់ការដែលដឹកនាំ Monaco យូរជាងគេ និងដឹកនាំ Arsenal យូរជាងគេ។ វាជាផ្នែកមួយនៃអត្តចរិតរបស់ខ្ញុំ»។
ដោយឡែក ពាក់ព័ន្ធនឹងរឿងនាំចូលកីឡាករវិញ លោក Wenger ថាស្ដាយតែ Cristiano Ronaldo មួយទេ។ លោកថាបើបាន Ronaldo មកលេងជាមួយ Henry, Pires, Wiltord, Bergkamp ប្រហែល Arsenal រកបាន២០០គ្រាប់ក្នុងមួយរដូវកាល តែកាលណោះដោយសារក្លិបសម្រេចចិត្តយឺតផ្នែកហិរញ្ញវត្ថុ ទើបរបូត CR7 ទៅលើដៃ Man Utd។
ចំពោះ Zlatan Ibrahimovic វិញ លោក Wenger មិនស្ដាយក្រោយទេ ព្រោះកាលគេមកធ្វើតេស្តនៅ Arsenal ខ្សែប្រយុទ្ធស៊ុយអែតរូបនេះទើបមានអាយុ១៧ឆ្នាំនិងគ្រាន់តែជាយុវជនធម្មតាម្នាក់ដូចកីឡាករអាយុ១៧ឆ្នាំច្រើននាក់ផ្សេងទៀតដែលមកធ្វើតេស្តនៅ Arsenal។
ជុំវិញករណី Mesut Ozil វិញ លោក Wenger យល់ថាវាជាការខ្ជះខ្ជាយដែលលោក Mikel Arteta មិនដាក់ Ozil លេងទៀងទាត់ ព្រោះ Ozil ជាកីឡាករដ៏មានទេពកោសល្យនិងកំពុងស្ថិតក្នុងវ័យដែលគេអាចបញ្ចេញសមត្ថភាពដល់សក្ដានុពលបំផុត ជាពិសេសការបញ្ជូនបាល់សម្លាប់របស់ Ozil នៅតំបន់ការពាររបស់គូបដិបក្ខ។
លោកទទួលស្គាល់ថាបាល់ទាត់ឥឡូវគេលេងលឿនៗ ដាក់សម្ពាធលឿនៗ ផ្លាស់ប្ដូរកាដង់លឿនៗ ដែលតម្រូវឱ្យកីឡាករទាំងអស់ធ្វើបានដូចគ្នា ដូច្នេះពិបាកសម្រាប់ Ozil។ ទោះយ៉ាងណា Ozil ជាជើងឯកពិភពលោកនិងជាកំពូលកីឡាករពូកែ assist ហេតុនេះ លោកគិតថា Arteta គួរតែរកវិធីដើម្បីឱ្យ Ozil បានលេងវិញ៕