អតីតម្ចាស់កំណត់ត្រាខ្សែការពារថ្លៃបំផុតក្នុងពិភពលោក Rio Ferdinand បានលើកឡើងថាការ«សម្រាក»អាចជួយឱ្យ Harry Maguire ដែលកំពុងមានគុណផលមិនល្អ វិលទៅរកភាពប្រសើរឡើងវិញ។
Maguire រងការបណ្ដេញចេញពីការប្រកួត UEFA Nations League ដែលអង់គ្លេសបានចាញ់ ដាណឺម៉ាក ០-១ កាលពីរាត្រីថ្ងៃពុធទី១៤ខែតុលាឆ្នាំ២០២០ ស្របពេលភាពយ៉ាប់យ៉ឺនរបស់តារាក្លិប Manchester United វ័យ២៧ឆ្នាំរូបនេះបានបន្ត ក្រោយមានរឿងរហូតឈានដល់ការចាប់ខ្លួនរបស់គេក្នុងប្រទេសក្រិកកាលពីខែសីហា។
Man Utd នឹងត្រលប់មកប្រកួត Premier League វិញនាថ្ងៃសៅរ៍ទី១៧ខែតុលា ទល់នឹង Newcastle United។
Maguire បច្ចុប្បន្នជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ និងជាប្រធានក្រុមបិសាចក្រហម ដែលបានលេងគ្រប់ប្រកួតនិងគ្រប់នាទីសម្រាប់ក្រុមលោក Ole Gunnar Solskjaer ក្នុងលីគរដូវកាលមុន។
ប៉ុន្តែ ខណៈ Maguire កំពុងមានពេលវេលាលំបាក លោក Ferdinand ដែលជាអតីតខ្សែការពារឆ្នើមអង់គ្លេសនិងក្លិបបិសាចក្រហម បានផ្ដល់យោបល់ថា Man Utd គួរតែសម្រាក Maguire មួយរយៈសិន។
លោក Ferdinand បញ្ជាក់ថា៖ «ខ្ញុំក៏ធ្លាប់ស្ថិតក្នុងស្ថានភាពបែបនេះដែរ ពេលខ្លះ អ្នកត្រូវការដកខ្លួនចេញពីកម្ដៅ។ Ole មានកិច្ចការធំក្នុងដៃហើយខ្ញុំគិតថាគាត់មានតួនាទីសំខាន់ក្នុងការធ្វើរឿងនេះ។ ប្រហែលនេះជាពេលដែល Maguire ត្រូវសម្រាកបន្តិចសិន ដើម្បីឱ្យគាត់ប្រមូលស្មារតីឡើងវិញនិងកសាងទំនុកចិត្តដែលគាត់ធ្លាប់មានឱ្យមកវិញជាថ្មី»។
«ខ្ញុំត្រូវបានបណ្ដេញចេញក្នុងការប្រកួតមួយ តាមខ្ញុំចាំគឺនៅទឹកដី Middlesbrough។ អ្នកចាត់ការ (Sir Alex Ferguson) បាននិយាយមកកាន់ខ្ញុំថា [ទៅវិញដេកគិតពីរឿងតូចៗសាមញ្ញៗដែលអ្នកបានមើលរំលងកន្លងមក ហាត់ឱ្យល្អ រួចហើយអ្នកនឹងត្រលប់មកក្នុងក្រុមវិញ]»។
«នោះជាអ្វីដែលបានកើតឡើងចំពោះខ្ញុំ ហើយខ្ញុំមិនអីទេ។ វាគ្រាន់តែថាជួនកាល ការដកសម្ពាធបន្តិចចេញពីខ្លួនអ្នក អាចជួយអ្នកឱ្យប្រសើរវិញបាន។ ពេលអ្នកលេងគ្រប់ប្រកួតញឹកគ្នាពេក រៀងរាល់បីបួនថ្ងៃម្ដងអីចឹង អ្នកពិបាកពិនិត្យកែតម្រូវខ្លួនឯង។ តែបើដកថយបន្តិច យកពេលមកអង្គុយគិត វិភាគពីខ្លួនឯង ពីគុណផលរបស់ខ្លួន ពីការត្រៀមលក្ខណៈរបស់ខ្លួន ពីការប្រមូលកម្លាំងរបស់ខ្លួន និងគ្រប់ចំណុចក្នុងការប្រកួតបាល់ទាត់ ពេលនោះអ្នកអាចកសាងខ្លួនឯងជាថ្មីនិងលេងធម្មតា»។
សូមបញ្ជាក់ថា Maguire បានវិលចូលជំរំជម្រើសជាតិអង់គ្លេសក្រោយលេងឱ្យ Man Utd ចាញ់ Tottenham ១-៦ នៅ Old Trafford។ គេបានលេងក្នុងជ័យជម្នះ២-១របស់អង់គ្លេសលើបែលហ្ស៊ិក មុនពេលរងការបណ្ដេញចេញក្នុងការប្រកួតចាញ់ ដាណឺម៉ាក ក្នុងនាទី៣១ ដោយសាររងពិន័យកាតលឿង២ដង៕