លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធានគណៈកម្មការរៀបចំការប្រកួតពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 បានបកស្រាយពីហេតុផលនៃការសម្រេចយកការប្រកួត៤ស្មើថា ដើម្បីសម្របតាមការកំណត់របស់វិធានសុខាភិបាល។ ម្យ៉ាងលោកក៏បានលើកឡើងពីបម្រែបម្រួលរបស់បាល់ទះលើឆ្នេរខ្សាច់ដែលធ្លាប់ផ្លាស់ប្ដូរពីម្ខាងម្នាក់ទៅម្ខាង២នាក់ផងដែរ។
ប្រធានគណៈកម្មការខាងលើពន្យល់់លម្អិតបែបនេះ “៖«មានគេសួរថាម៉េចបានមិនរៀបចំ៦ទល់៦។ ខ្ញុំសួរត្រឡប់វិញថាម៉េចមិនអាចរៀបចំលក្ខណៈ៤ទល់៣ បាន? ជាឧទាហរណ៍ ការប្រកួតបាល់ទះឆ្នេរមានការប្រកួត១ទល់១ តែក្រោយមកមានការប្រែប្រួល២ទល់២ និងមកទល់បច្ចុប្បន្នមានការប្រកួត៤ទល់៤ហើយ។ អីចឹងហេតុបាល់ទះក្នុងសាលយើងមិនអាចប្រែប្រួលបានពី៦ទល់៦ មក៤ទល់៤ បើយើងរៀបចំក្នុងលក្ខណៈបច្ចេកទេសសុទ្ធសាធ មានក្រិត្យក្រមត្រឹមត្រូវ»។
លោកបណ្ឌិត អាំង សេរីពិសិដ្ឋ បន្ថែម “៖«យើងបានដឹងហើយ កូវីដ-១៩ ជារឿងសំខាន់ ដូចដែរប្រមុខរាជរដ្ឋាភិបាល បានដុតដៃដុតជើងក្នុងការបង្ការជំងឺមួយនេះ។ តែចំពោះវិស័យកីឡាយើង បើសិនយកកូវីដ-១៩ ជាឈ្នាននោះយើងមិនអាចទៅមុខបាននោះទេ។ ទន្ទឹមនឹងនេះគណៈកម្មការរបស់យើងបានរៀបចំតាមបច្ចេកទេសខ្ពស់បំផុត ហើយអាចជាចំណែកមួយដែរ ដែលយើងរៀបចំការប្រកួតលក្ខណៈ៤ទល់៤ នេះឡើង ហើយអាចកាត់បន្ថយចំនួនកីឡានៅក្នុងទីលានប្រកួត។ ម្ខាងលេខបាន៤នាក់ បូកគ្រូបង្វឹក១រូប កីឡាករបម្រុង២រូបទៀត និងគណៈកម្មការបច្ចេកទេសខ្លះគឺស្របតាមការកំណត់របស់វិធានសុខាភិបាល»។
ចំណែកលោក លោក ទែន ឡន នាយកបច្ចេកទេស សង្ឃឹមថា កីឡាករដែលធ្លាប់លេងលក្ខណៈក្រៅប្រព័ន្ធនឹងអាចសម្របទៅតាមបច្ចេកទេសស្តង់ដារឡើងវិញ។
លោក ទែន ឡន ថ្លែងបែបនេះ ៖«យើងសង្ឃឹមថាកីឡាករលេងត្រូវតាមបច្ចេកទេសកីឡាបាល់ទះឡើងវិញ ព្រោះកន្លងមកមានការចាប់បោះ ដែលធ្វើឱ្យខុសស្តង់ដារ។ ការលេង៤ស្មើនេះ ក្នុងការអភិវឌ្ឍន៍បច្ចេកទេស យើងរំពឹងថាតួរនាទីកីឡាករដែលលេងប្រយុទ្ធ គាត់បន្ថែមការងារមួយទៀតជាអ្នកទទួលសេវា។ បើលេង៦ស្មើ ពេលខ្លះគាត់មិនទាន់ទទួលសេវាម្តងផង»។
សម្រាប់លោក រ៉ា នូវិបុត្រ នាយកក្រុមហ៊ុន Forward ដែលអ្នកឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍នេះបានថ្លែងអំណរគុណដែលខាងគណៈកម្មការរៀបចំការប្រកួតបានផ្ដល់ឱកាសដល់ក្រុមហ៊ុនលោកចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា។ ភាគីខាងលោករីករាយក្នុងការសហការជាមួយក្រុមកីឡាជាតិទាំងអស់ និងព្រឹត្តិការណ៍កីឡា ក្នុងការឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខទាំងអស់គ្នា។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 គ្រោងដំណើរការពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅទីលានកីឡដ្ឋានព្រីនស៍។ ក្រុមដែលឈ្នះជើងឯកនឹងទទួលបានពាន ចំនួនមួយ និងថវិកាចំនួន ១០លានរៀល ហើយក្រុមជើងឯករងទទួលបានថវិកា៨លានរៀល និងក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបាន៦លានរៀល។ ជាមួយគ្នានេះដែរក៏មានពានរង្វាន់ឯកត្តជនផងដែរ ដូចជាកីឡាករវាយប្រយុទ្ធល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ និងកីឡាករលើកបាល់ល្អជាងគេ ទទួលរង្វាន់ជាថវិកាម្នាក់ ចំនួន ៤សែនរៀល។
ការប្រកួតបែងចែកជាវគ្គជម្រុះតាមពូល វគ្គ៨ក្រុមចុងក្រោយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់ក្រុមដែលចង់ចូលរួមប្រកួតប្រជែងអាចចុះឈ្មោះតាមរយៈលេខ 098 229 192៕