ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំអស់ឱកាសបន្តនៅក្របខណ្ឌកំពូលកម្ពុជា រដូវកាលក្រោយទៀតហើយ ក្រោយចាញ់អង្គរថាយហ្គឺរ ១ទល់នឹង២ កាលថ្ងៃអាទិត្យ ទី១៨ ខែតុលា។
ទោះនៅសល់មួយប្រកួតនៅថ្ងៃចុងក្រោយរដូវកាល២០២០ចុងសប្ដាហ៍នេះមែន ពិន្ទុរបស់ U18 បាទីមិនគ្រប់គ្រាន់សម្រាប់បន្តការប្រកួតនៅរដូវកាលក្រោយទៀតទេ។ ជាក់ស្ដែង ១៧ប្រកួតកន្លងទៅ ក្រុមលោក Koji Gyotoku រកបាន៦ពិន្ទុពីជ័យជម្នះមួយលើក និងស្មើបីដង នៅក្រោមអគ្គិសនីកម្ពុជា៤ពិន្ទុ ខណៈការប្រកួតនៅសល់មួយលើកទៀត។
យុវជនបាទីត្រូវបិទរដូវកាលជាមួយអគ្គិសនីកម្ពុជានៅថ្ងៃសៅរ៍ ទី២៤ ខែតុលា។
គួរដឹងដែរថា លោក ឡៃ សុធា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្លាប់ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទមួយកាលខែកញ្ញា ថា ប្រសិនបើយុវជនបាទីមានពិន្ទុក្រោមគេនៅ MCL 2020 នេះ នឹងត្រូវបានកាត់ទៅលីគទី២ នៅឆ្នាំ២០២១។
គួររំឭកថា យុវជនបាទីត្រូវបានសម្រេចឲ្យចូលរួមប្រកួតក្របខណ្ឌកំពូលនៅឆ្នាំ២០១៩ ដើម្បីពង្រឹងបទពិសោធ។ ដោយឡែក ការប្រកួតបាល់ទាត់លីគទី២ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជារៀបចំឡើងវិញចាប់ពីឆ្នាំ២០២០នេះតទៅ៕