ក្រុមជើងឯក អឺរ៉ុប១៣សម័យកាល Real Madrid បានបរាជ័យគួរឱ្យភ្ញាក់ផ្អើលក្នុងការប្រកួតវគ្គចែកពូល Champions League ទល់នឹង Shakhtar Donetsk ដោយលទ្ធផល ២-៣ កាលពីថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ ២០២០។
ក្រុមជើងឯកលីគកំពូលអ៊ុយក្រែន បានធ្វើដំណើរមកប្រកួតនៅទឹកដី របស់ក្រុមម្ចាស់ផ្ទះ Real Madrid ភាគច្រើនជាកីឡាករនៅឈុតយុវជន ព្រោះកីឡាករឈុតធំ១៣នាក់ មិនអាចចូលរួមការប្រកួតនេះបាន ក្រោយធ្វើតេស្ដឃើញមានផ្ទុកវីរុសកូរ៉ូណា។
ទោះយ៉ាងណាក្ដី ក្រុមភ្ញៀវ Shakhtar លេងដោយទំនុកចិត្ត បើទោះបីជាមានការដាក់សំពាធពីក្រុមម្ចាស់ផ្ទះ ហើយពួកគេមានឱកាសរកគ្រាប់បាល់ ៣គ្រាប់នៅវគ្គទី១។
ក្រោយត្រូវបានគូប្រកួតនាំមុខផ្ទួនៗ ក្រុមរបស់លោក Zinedine Zidane បានវាយបក២គ្រាប់វិញដោយខ្សែបម្រើឆ្នើម Luka Modric និង ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior នៅក្នុងវគ្គទី២ ប៉ុន្ដែមិនអាចដណ្ដើមពិន្ទុពីក្រុមអ៊ុនក្រែនបានឡើយ។
ទន្ទឹមនឹងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ក៏មានកំណត់សំខាន់ៗទាំង៦ បានកើតឡើង ដោយកំណត់ត្រាទាំងនោះមានដូចជា៖
- Real Madrid បរាជ័យ៣ប្រកួតជាប់គ្នានៅក្នុងការប្រកួត European Cup/Champions League ជាលើកដំបូង ចាប់តាំងពី ខែកញ្ញាឆ្នាំ១៩៨៦។
- Shakhtar គឺជាក្រុមអ៊ុយក្រែនដំបូង ដែលឈ្នះទល់នឹង Real Madrid នៅ Champions League បើរាប់ចាប់តាំងពីឆ្នាំ ១៩៩៩ មក នៅពេលដែល Dynamo Kyiv យកឈ្នះក្រុមអេស្ប៉ាញមួយនេះ ដោយលទ្ធផល ២-០។
- Raphael Varane ជាកីឡាករទី៣របស់ Real Madrid ដែលធ្វើឱ្យបាល់ចូលទីខ្លួនឯង (own goal) ២គ្រាប់ នៅ Champions League បន្ទាប់ពី អតីតកីឡាករ Ivan Helguera និង ប្រធានក្រុមបច្ចុប្បន្ន Sergio Ramos។
- Vinicius Junior ស៊ុតបញ្ចូលទីឱ្យ Real Madrid ត្រឹមរយៈពេលតែ ១៥វិនាទីប៉ុណ្ណោះ បន្ទាប់ពីត្រូវបានប្ដូរចូល ដែលជាកំណត់ត្រាគ្រាប់បាល់លឿនបំផុត ចាប់តាំងពីរដូវកាល ២០០៦-០៧ មក។
- Luka Modric ក្លាយជាកីឡាករទី៤របស់ Real Madrid ដែលរកគ្រាប់បាល់នៅក្នុងការប្រកួត European Cup/ Champions League នៅក្នុងវ័យ៣៥ឆ្នាំឡើង បន្ទាប់ពី វីរបុរស Alfredo Di Stefano, Ferenc Puskas និង Paco Gento។
- អ្នកចាំទី Anatolii របស់ Shakhtar ជាអ្នកចាំទីដែលមានអាយុតិចបំផុត ដែលជាប់ជម្រើសដំបូងក្នុងការប្រកួតទល់នឹង Real Madrid នៅ Champions League ពោលគឺ ១៩ឆ្នាំ និង ៨១ថ្ងៃ តាមពីក្រោយអ្នកចាំទី Timon Wellenreuther របស់ក្រុម Schalke កាលពីខែកុម្ភៈឆ្នាំ ២០១៥ ដែលកាលនោះអ្នកចាំទីរូបនេះ មានអាយុ ១៩ឆ្នាំ និង ៧៧ថ្ងៃ៕