Skip to content
អាយអេសអាយដង្កោសែនជ័យបង្ហាញរថយន្ដក្លិបថ្មី និងជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

អាយអេសអាយដង្កោសែនជ័យបង្ហាញរថយន្ដក្លិបថ្មី និងជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

សមាជិកក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យដែលមានថ្នាក់ដឹកនាំ, ក្រុមការងារ និងកីឡាករបានធ្វើពិធីចែកអង្ករដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១០០គ្រួសារមកពីផ្ទះជួលដំបូលខៀវ Zone 1 ២៥គ្រួសារ, ផ្ទះជួលខាងញ៉ូមីងដា zone 2 ៤១គ្រួសារ និងផ្ទះជួលសិនចូវ zone 5&6 ចំនួន៣៤គ្រួសារ។

លោក សៀក សុវណ្ណ អ្នកចាត់ការទូទៅក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យកម្មវិធីសប្បុរសធម៌ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលានេះ ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។

នៅព្រឹកថ្ងៃដដែលនេះ អាយអេសអាយដង្កោសែនជ័យបានបង្ហាញរថយន្ដដ៏ថ្មីសន្លាងសម្រាប់ប្រើប្រាស់ធ្វើដំណើរទៅប្រកួត ឬកម្មវិធីនានារបស់ក្រុម។

រថយន្ដនេះមានពណ៌ខៀវ រំលេចដោយឡូហ្គោក្លិបពណ៌លឿង និងខៀវលាយស ព្រមទាំងពាក្យស្លោកក្លិប។ សមាជិកគ្រប់រូបក៏បានធ្វើដំណើរទៅទទួលការប្រោះព្រំនៅវត្តស្លែងថែមទៀតផង មុនឆ្ពោះទៅកាន់ទឹកដីខេត្តកំពង់ស្ពឺដែលក្លិបត្រូវជួបប្រកួតបាល់ទាត់ក្របខណ្ឌទី២ សប្ដាហ៍ទី០៤ នៅម៉ោង៣រសៀល ថ្ងៃសៅរ៍ ទី២៤ ខែតុលា។

គួរដឹងដែរថា អាយអេសអាយដង្កោសែនជ័យបានចូលរួមប្រកួតប្រជែងជើងឯក Cambodian League 2 ជាលើកដំបូងនៅរដូវកាល២០២០នេះ។ ឆ្លងកាត់ការប្រកួត៣លើកកន្លងមក ក្រុមដឹកនាំដោយគ្រូបង្គោល John Botioba ស្ថិតចំណាត់ថ្នាក់លេខ៤ មាន៦ពិន្ទុ ក្នុងចំណោមក្រុមប្រកួតប្រជែងទាំង១០៕