ការលេងបាល់ទាត់ តែងតែមានការប៉ះទង្គិចគ្នា រវាងកីឡាករលើទីលាន ព្រោះក្រុមដែលប្រកួតគ្នាទាំងសងខាងព្យាយាមខំប្រឹងប្រែង ដើម្បីអាចមានឱកាសរកគ្រាប់បាល់បញ្ចូលទីគូប្រកួត ប៉ុន្ដែផ្ទុយទៅវិញគូប្រកួតរបស់ពួកគេ ព្យាយាមបញ្ឈប់គូប្រកួតមួយខាងទៀតមិនឱ្យរកគ្រាប់បាល់ចូលទីក្រុមខ្លួន។
ដូច្នេះការបង្កកំហុសអាចកើតឡើងក្នុងការប្រកួត ហើយកំហុសខ្លះរបស់កីឡាករជាពិសេសខ្សែការពារ អាចទទួលបាននូវការព្រមានពីអាជ្ញាកណ្ដាល ឬទទួលបានកាតលឿង ប៉ុន្ដែបើកំហុសដែលកីឡាកររូបនោះបានបង្កមានភាពធ្ងន់ធ្ងរ គេអាចទទួលបានកាតក្រហមថែមទៀតផង។
វាជារឿងដ៏កម្រមួយដែលកីឡាករបាល់ទាត់ មិនធ្លាប់ទទួលបានការពិន័យកាតលឿងទាល់តែសោះនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន។
Stanley Matthews
កីឡាករដំបូងនៅក្នុងបញ្ជីនេះគឺ Sir Stanley Matthews ដែលមិនធ្លាប់ទទួលបានកាតលឿង ឬកាតក្រហមនៅក្នុងរយៈពេល៣៣ឆ្នាំនៃអាជីពរបស់លោក ចន្លោះពីឆ្នាំ១៩៣២ ដល់១៩៦៥ សម្រាប់ក្លិបបីផ្សេងគ្នាគឺ Stoke City ១៩ឆ្នាំ ដោយចូលរួមពីរលើក លើកទី១ចន្លោះពីឆ្នាំ ១៩៣២ ដល់ ១៩៤៧ និង លើកទី២ចន្លោះពីឆ្នាំ១៩៦១ ដល់ ១៩៦៥, Blackpool រយៈពេល១៤ឆ្នាំ រវាងឆ្នាំ១៩៤៧ ដល់ ១៩៦១ និងក្រុមចុងក្រោយ Torono City ក្រោមកិច្ចសន្យាខ្ចីពីរលើក ម្ដងនៅក្នុងឆ្នាំ១៩៦១ និង ម្ដងទៀតក្នុងឆ្នាំ១៩៦៥។
រឿងដែលគួរឱ្យកត់សម្គាល់ក្នុងអាជីពរបស់លោក Sir Stanley Matthews គឺជារយៈពេល៣៣ឆ្នាំនៃអាជីពរបស់លោក ដែលមិនធ្លាប់ទទួលបានកាតលឿងសូម្បីម្ដង ជារឿងដែលកីឡាករផ្សេងមិនអាចធ្វើបាន។
Sir Stanley Matthews បានបង្ហាញខ្លួន៨៥៧លើក ក្នុងរយៈពេលនៃអាជីពរបស់លោក ហើយគន្លឹះដែលធ្វើឱ្យលោក មិនទទួលបានការពិន័យជាកាត ដោយសារលោកជាកីឡាករដែលមានភាពឆ្លាតវៃនៅលើទីលាន ក្នុងនាមជាខ្សែប្រយុទ្ធដូច្នេះលោក កម្រមានការប្រជែង និងបង្កកំហុសតូចតាចលើគូប្រកួត ទើបលោកមិនទទួលរងការពិន័យកាត។ លោក Matthews ទទួលអនិច្ចកម្មនៅក្នុងខែកុម្ភៈ ឆ្នាំ២០០០ នៅអាយុ៨៥ឆ្នាំ។
Jimmy Dickinson
អតីតកីឡាករអង់គ្លេសមួយរូបទៀតដែលមិនធ្លាប់ទទួលបានកាតពីអជ្ញាកណ្ដាលគឺលោក Jimmy Dickinson។ លោក Dickinson ជាកីឡាករដែលលេងឱ្យតែមួយក្លិបប៉ុណ្ណោះ ក្នុងអាជីពជាកីឡាករបាល់ទាត់រយៈពេល១៩ឆ្នាំគឺ Portsmouth រវាងឆ្នាំ ១៩៤៦ ដល់ ១៩៦៥ ដោយលោកបានចូលរួមការប្រកួតបាន៨២៨លើកគ្រប់ពានរង្វាន់ទាំងអស់។
លោក Dickinson បានចូលរួមក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសរវាងឆ្នាំ១៩៤៩ ដល់១៩៥៦ និងទទួលបានឱកាសបង្ហាញខ្លួន៤៨លើក។ លោក Dickinson ទទួលមរណភាពនៅអាយុ៥៧ឆ្នាំ ដោយជំងឺគាំងបេះដូង។
William Ralph Dean
នេះជាកីឡាករអង់គ្លេសមួយរូបទៀត ដែលបានចែកឋានទៅហើយ ប៉ុន្ដែមិនធ្លាប់រងការពិន័យកាតលឿង ឬកាតក្រហមទាល់តែសោះក្នុងអាជីពរបស់ខ្លួន។ លោក William Ralph Dean ឬគេនិយមហៅថា Dixie Dean បង្ហាញខ្លួនក្នុងការប្រកួតបាន៤៨៩លើក ក្នុងអាជីពរបស់លោក ហើយរកគ្រាប់បាល់បាន៤២៥គ្រាប់សម្រាប់ក្លិបអង់គ្លេស Tranmere Rovers, Everton, Notts County, Hurst និងក្លិបអៀរឡង់ Sligo Rovers។
លោក Dixie Dean បានចូលរួមការប្រកួតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ១៦លើក និងរកគ្រាប់បាល់បាន១៨គ្រាប់ រវាងឆ្នាំ១៩២៧ និង ១៩៣២។ ហើយបើគិតសរុបលោក Dean លេងបាន៥០៥លើក ទាំងសម្រាប់ក្លិប និងក្រុមជម្រើសជាតិ ប៉ុន្ដែលោកមិនដែលទទួលបានកាតលឿង ឬកាតក្រហមពីអាជ្ញាកណ្ដាលទេ។ ខ្សែប្រយុទ្ធរូបនេះ បាត់បង់ជីវិតនៅក្នុងវ័យ៧៣ឆ្នាំ ដោយសារគាំងបេះដូងអំឡុងពេលទស្សនាការប្រកួតរវាង Everton និង Liverpool នៅកីឡដ្ឋាន Goodison Park។
Gary Lineker
លោក Lineker ជាកីឡាករតែម្នាក់គត់ដែលស្ថិតនៅក្នុងបញ្ជីកីឡាករល្បីឈ្មោះមិនធ្លាប់ទទួលពិន័យកាត ដែលនៅរស់រានមានជីវិត។ លោក Lineker បច្ចុប្បន្នវ័យ៦០ឆ្នាំ ជាអតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស ដែលធ្លាប់ប្រកបអាជីពនៅក្លិបធំៗដូចជា Barcelona, Tottenham Hotspur, Everton រួមជាមួយក្លិបអង់គ្លេសមួយទៀតគឺ Leicester City ហើយលោកក៏ធ្លាប់លេងនៅក្លិបអាស៊ីផងដែរ គឺសម្រាប់ក្លិបជប៉ុន Nagoya Grampus។ សម្រាប់ការចាយពេល១៦ឆ្នាំក្នុងអាជីពជាកីឡាករបាល់ទាត់ ពោលគឺចន្លោះពីឆ្នាំ ១៩៧៨ ដល់ ១៩៩៤ លោក Lineker បង្ហាញខ្លួនលើទីលានប្រកួតបាន ៥៦៧លើក សម្រាប់ក្លិប និង ៨០ដងទៀតឱ្យក្រុមជម្រើសជាតិអង់គ្លេស ហើយបើសរុបការប្រកួតទាំងក្លិប និងជម្រើសជាតិ លោកលេងបាន ៦៤៧លើកដោយមិនទទួលបានកាតលឿង ឬកាតក្រហម។
ក្នុងឆ្នាំ១៩៩០ លោក Lineker ទទួលបានពានរង្វាន់ FIFA Fair Play សម្រាប់របៀបលេងរបស់លោក ឬប្រហែលដោយសារតែលោកមិនដែលទទួលរងពិន័យជាកាត នៅក្នុងពេលកំពុងប្រកបអាជីព ហើយបន្ដរហូតដល់ពេលលោកចូលនិវត្ត។
Billy Lidell
អតីតកីឡាករក្រុមជម្រើសជាតិស្កុតឡែន លោក Lidell មិនធ្លាប់ទទួលបានការពិន័យកាតលឿង ឬកាតក្រហមអំឡុងការប្រកបអាជីពរបស់លោក។ លោក Lidell ជាកីឡាករដែលលេងតែមួយក្លិបប៉ុណ្ណោះគឺ Liverpool រវាងឆ្នាំ១៩៣៨ ដល់១៩៦១។ លោកបានចូលលេងលើទីលាន ៥៣៤លើក និងរកគ្រាប់បាល់បាន២២៨គ្រាប់ គ្រប់ការប្រកួតទាំងអស់។ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡែន លោកបង្ហាញខ្លួន២៩ដង និងរកគ្រាប់បាល់បាន៨គ្រាប់។ លោក Lidell ទទួលអនិច្ចកម្ម ក្នុងខែកក្កដា ឆ្នាំ២០០១ ក្នុងវ័យ៧៩ឆ្នាំ។
John Charles
លោក John Charles ជាកីឡាករជនជាតិវេលស៍តែម្នាក់គត់នៅក្នុងបញ្ជីកីឡាករដែលមិនធ្លាប់ទទួលបានការពិន័យជាកាត ពេញមួយអាជីព។ លោក Charles ធ្លាប់លេងសម្រាប់ក្លិបអ៊ីតាលី AS Roma និង Juventus។ នៅអង់គ្លេសលោកធ្លាប់ប្រកបអាជីពនៅក្លិប Leeds United, Hereford United និង Cardiff City រួមជាមួយក្លិបវេលស៍ Merthyr Tydfil ក្នុងរយៈពេល២៥ឆ្នាំនៃអាជីពរបស់លោក ចន្លោះពីឆ្នាំ ១៩៤៩ ដល់ ១៩៧៤។ លោក John Charles ទទួលមរណភាពក្នុងឆ្នាំ២០០៤ ក្នុងវ័យ៧២ឆ្នាំ។
Tommy Lawton
កីឡាករចុងក្រោយគេដែលបញ្ចប់អាជីពដោយមិនធ្លាប់ទទួលបានកាតនោះគឺលោក Tommy Lawton។ លោក Lawton ជាអតីតកីឡាករក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ដែលធ្លាប់លេង៧ក្លិបនៅអង់គ្លេសរួមមាន Burnley, Everton, Chelsea, Nott County, Brentford, Arsenal និង Kettering Town នៅក្នុងរយៈពេល២០ឆ្នាំនៃអាជីពរបស់លោក ចន្លោះពីឆ្នាំ១៩៣៦ ដល់ ១៩៥៦។ លោក Lawton បង្ហាញខ្លួនលើទីលាន ៤៣៣លើក និងរកគ្រាប់បាល់ ២៦០គ្រាប់។ ក្នុងក្រុមតោកំណាចអង់គ្លេស លោកលេងបាន២៣ប្រកួត និងរកគ្រាប់បាល់២២គ្រាប់។ លោក Tommy Lawton បាត់បង់ជីវិតក្នុងខែវិច្ឆិកា ឆ្នាំ១៩៩៦ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ៕