គ្រូបង្វឹកវ័យក្មេងពោរពេញដោយបទពិសោធ លោក ឆ្លាម ស បានលើកឡើងថា មិនមែនគ្រូល្បី សុទ្ធតែបង្ហាត់បានសិស្សខ្លាំងនោះទេ គឺទាល់តែកីឡាករគាត់មានវិន័យ និងឆន្ទៈ។
អតីតជើងខ្លាំង ធ្លាប់ប្រលូកសង្វៀនថៃ១០ឆ្នាំ បានពន្យល់ថា គ្រូល្បីរឺ មិនល្បី គឺមិនសំខាន់ឡើយ។ ភាពជោគជ័យរបស់កីឡាករ ត្រូវពឹងផ្អែកចម្បងបំផុតលើការតាំងចិត្ត និងការខិតខំដោយខ្លួនឯង ខណៈគ្រូបង្វឹកគ្រាន់តែជាអ្នកត្រួសត្រាយ មួយផ្នែកតែប៉ុណ្ណោះ។ ប៉ុន្តែលោកក៏ទទួលស្គាល់ថា គ្រូបង្វឹកដែលមានបច្ចេកទេសល្អ ក៏មានលទ្ធភាពផ្ទេរបទពិសោធន៍បានខ្ពស់ដល់កីឡាករផងដែរ។
លោក ឆ្លាម ស ជាអតីតជើងខ្លាំង និងជាបងប្រុសបង្កើតរបស់ សែន រ៉ាឌី និង សែន រ៉ាដេត។ ក្រៅពី សែន រ៉ាឌី និង រ៉ាដេត គ្រូបង្វឹក ឆ្លាម ស ជាអតីគ្រូបង្វឹកឆ្នើមនៃ ក្លិបអប្សរាគុនខ្មែរ និងក្រសួងកសិកម្ម ដែលធ្លាប់មានប្រវត្តិ កាន់ស៊ីប និង បង្វឹកជើងខ្លាំងជាច្រើននាក់ រួមមាន ឃុនឌីម៉ា យ៉េនឌីណា លៀងស៊ីពេជ្រ បាងកាយ៉ាក និង សំរឹទ្ធ សុភាព ជាដើម។
បន្ទាប់ពីបាត់មុខ៥ឆ្នាំ លោកឆ្លាមស នៅសប្ដាហ៍នេះ បានចូលមកបង្វឹកជាថ្មី នៅក្លិប ប៉ែនកាក់គុនខ្មែរ ដែលជាក្លិបប្អូនប្រុសរបស់ខ្លួន គឺ សែន រ៉ាដេត កំពុងរួមរស់ផងដែរ៕