Zidane Iqbal ក្លាយជាកីឡាករបាល់ទាត់អង់គ្លេសមានឈាមជ័រអាស៊ីប៉ែកទក្សិណដំបូងដែលបានបង្ហាញខ្លួនក្នុងក្រុមធំរបស់ Manchester United ក្រោយរូបគេត្រូវបានប្ដូរចូលក្នុងការប្រកួត UEFA Champions League ទល់នឹង Young Boys កាលពីរាត្រីថ្ងៃពុធ ទី៨ ខែធ្នូ។
កីឡាករវ័យ១៨ឆ្នាំរូបនេះ បានចូលរួមហ្វឹកហាត់ក្នុងក្រុមធំបិសាចក្រហម នៅថ្ងៃអង្គារមុនពេលទទួលបានការកោះហៅចូលរួមប្រកួតនៅថ្ងៃពុធ នៅកៅអីបម្រុងទល់នឹងក្រុមខ្លាំងមកពីស្វ៊ីស ក្រោយ Man Utd ធានាតំណែងជាក្រុមកំពូលតារាងនៃពូល F រួចទៅហើយ។
Iqbal ពាក់អាវលេខ៧៣ ត្រូវបានប្ដូរចូលក្នុងនាទីទី៩៦ ជំនួសរៀមច្បង Jesse Lingard។ ខ្សែបម្រើដែលកើតនៅទីក្រុងមែនឆេស្ទឺររូបនេះ មានឈាមជ័រជនជាតិ ប៉ាគីស្ថាន និង អ៊ីរ៉ាក់ បានក្លាយជាកីឡាករអង់គ្លេសកាត់អាស៊ីទក្សិណ ដែលចុះកិច្ចសន្យាអាជីពនៅ Old Trafford កាលពីខែមេសា ហើយពេលនេះគេបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមធំ។
ក្រោយចប់ការប្រកួត Iqbal បានថ្លែងប្រាប់ MUTV ថា៖ “វាពិតជាអារម្មណ៍ដ៏អស្ចារ្យ ខ្ញុំបានប្រឹងប្រែងពេញមួយជីវិតរបស់ខ្ញុំសម្រាប់ឱកាសនេះ វាជាក្ដីសុបិនដែលក្លាយជាការពិត, វាទើបតែចាប់ផ្ដើមប៉ុណ្ណោះ ហើយសង្ឃឹមថា ខ្ញុំអាចបន្ដឆ្ពោះទៅមុខទៀត”។
សូមរំឭកថា Iqbal បានចំណាយពេលជាង១០ឆ្នាំជាមួយ Man Utd ហើយបច្ចុប្បន្ន កីឡាករដែលលេងក្នុងតំណែងបម្រើប្រយុទ្ធរូបនេះ ទទួលបានទំនុកចិត្តពីគ្រូបង្វឹកនៅ Man Utd ហើយគេធានាជម្រើសដំបូងក្នុងក្រុម U23 ទោះបីជាគេជាសមាជិកម្នាក់ ដែលក្មេងបំផុតមួយរូបក្នុងក្រុមក៏ដោយ។
កាលពីមួយខែមុន សារព័ត៌មានអង់គ្លេស Sky Sports បានចុះផ្សាយថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស អាចនឹងបាត់ឱកាសក្នុងការបញ្ចូល ខ្សែបម្រើដ៏មានទេពកោសល្យរូបនេះទៅក្នុងក្រុម ក៏ព្រោះថា ថ្នាក់ដឹកនាំរបស់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ព្យាយាមនាំយក Iqbal ទៅចូលរួមជួយក្រុមធំរបស់ប្រទេសពួកគេ។
គេត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិ U23 របស់អ៊ីរ៉ាក់ កាលពីខែមុន ក្នុងពានរង្វាន់ West Asian Football Federation Championship ដោយបានជួយពួកគេឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនពេលបរាជ័យទល់នឹង អារ៉ាប៊ីសាអ៊ូឌីត។
ខ្សែបម្រើយុវជនរបស់ Man Utd រូបនេះ មានសិទ្ធិក្នុងការចូលរួម ក្រុមជម្រើសជាតិអង់គ្លេស, អ៊ីរ៉ាក់ និង ប៉ាគីស្ថាន ប៉ុន្ដែគេមិនដែលមានឈ្មោះក្នុងបញ្ជីក្រុមអង់គ្លេសឡើយ។
កីឡាករវ័យក្មេងរូបនេះ រកគ្រាប់បាល់បញ្ចូលទីឱ្យក្រុមយុវជនរបស់ Man Utd ទល់នឹង Sunderland ក្នុងពានរង្វាន់ EFL កាលពីខែមុន ហើយបន្ទាប់មក គេរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមបិសាចក្រហម ក្នុងការប្រកួតជ័យជម្នះ ៤-២ លើ Atalanta ក្នុងពានរង្វាន់ UEFA Youth League។
Iqbal ជាកីឡាករបាល់ទាត់ម្នាក់ ក្នុងចំណោមកីឡាករអង់គ្លេសកាត់អាស៊ីទក្សិណ៥រូប ដែលមានកុងត្រាអាជីពជាមួយក្លិបបាល់ទាត់នៅ Premier League ជាមួយនឹងកីឡាករ Hamza Choudhury របស់ Leicester City, Arjan Raikhy របស់ Aston Villa, Dilan Markanday របស់ Tottenham Hotspur និង Kam Kandola របស់ Wolverhampton Wanderers។
គេក៏ជាកីឡាករអង់គ្លេសកាត់អាស៊ីទក្សិណ ដែលលេងឱ្យក្រុមអង់គ្លេស ក្នុងការប្រកួត UEFA Champions League ក្នុងរយៈពេល១៩ឆ្នាំ បន្ទាប់ពី Michael Chopra ដែលលេងឱ្យ Newcastle United ក្នុងទឹកដីរបស់ Bayer Leverkusen ក្នុងរដូវកាល ២០០២-០៣។
គួរបញ្ជាក់ផងដែរថា Manchester United បញ្ចប់វគ្គចែកពូល Champions League នៅកំពូលតារាងចំណាត់ថ្នាក់នៃពូល F ដោយឈ្នះ៣ ស្មើពីរ និងចាញ់ម្ដង ហើយបរាជ័យនេះគឺក្រោមថ្វីជើង Young Boys នេះតែម្ដង ក្រៅពីនោះគឺឈ្នះទាំងពីរជើងទល់នឹង Villarreal និងឈ្នះមួយស្មើមួយទល់នឹង Atalanta។
ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូនេះ នៅទីក្រុងនីយ៉ុង ប្រទេសស៊្វីស ហើយការប្រកួតនឹងធ្វើឡើងជើងទី១ ថ្ងៃទី១៥-១៦ និង ២២-២៣ ខែកុម្ភៈ ហើយជើងទី២នៅថ្ងៃទី ៨-៩ និង ១៥-១៦ខែមីនា ឆ្នាំ២០២២៕