Skip to content
មកដឹង​អត្រា​កីឡាករ​ចាក់វ៉ាក់សាំង​ក្នុងលីគ​ធំ​ៗ​អឺរ៉ុប ខណៈ​អ្នកចាត់ការ​ល្បី​ៗអង់គ្លេស​កំពុង​ជំរុញ​ឱ្យ​កីឡាករ​ចាក់វ៉ាក់សាំង
    ទំព័រដើម  »  កីឡាជាតិ

មកដឹង​អត្រា​កីឡាករ​ចាក់វ៉ាក់សាំង​ក្នុងលីគ​ធំ​ៗ​អឺរ៉ុប ខណៈ​អ្នកចាត់ការ​ល្បី​ៗអង់គ្លេស​កំពុង​ជំរុញ​ឱ្យ​កីឡាករ​ចាក់វ៉ាក់សាំង

ការប្រកួត​បាល់ទាត់​ក្នុងលីគ​ធំ​ៗ​របស់​អឺរ៉ុប​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០២១​នេះ មានលីគ​ខ្លះ​បន្ត​ដំណើរការ​ធម្មតា​ដោយ​មានទស្សនិកជន​ពេញៗ​ស្តាត, លីគ​ខ្លះ​ដំណើរការ​ដែរ​តែ​លេង​បិទ​ទ្វារ ខណៈ​លីគ​ខ្លះ​បាន​ផ្អាក​ការ​ប្រកួត​ជា​ច្រើន​គូ​ដោយសារ​ការ​ផ្ទុះ​ការ​ចម្លង​ជំងឺ​កូវីដ​១៩​ក្នុង​ក្លិប ព្រោះ​តែ​កីឡាករ​មិនទាន់​បានចាក់វ៉ាក់សាំង​គ្រប់គ្រាន់​។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា​លីគ​ធំៗ​របស់​អឺរ៉ុប​មក​ទល់ពេលនេះ​មាន​កីឡាករ​ប៉ុន្មាន​ភាគរយ​បាន​ចាក់វ៉ាក់សាំង ហើយ​មូលហេតុអ្វី​ខ្លះ​ដែល​នាំ​ឱ្យ​កីឡាករ​មួ​យ​ចំនួន​មិន​ព្រមចាក់វ៉ាក់សាំង?

របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ចន្ទ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០២១ កីឡាករ​បាល់ទាត់​ដែលលេង​ក្នុងក្របខណ្ឌ Premier League មាន​៩២%​ដេល​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​១​ដូស ប៉ុន្តែ​អ្នក​ដែល​ចាក់​បាន​២​ដូស​មាន​តែ​​៧៧%​ប៉ុណ្ណោះ​។

ហើយ​បើ​តាម​ក្រសួងសុខាភិបាល​អង់គ្លេស អត្រា​អ្នកចាក់វ៉ាក់សាំង​១​ដូស​ក្នុង​ប្រទេស​អង់គ្លេស​មាន​ចំនួន​៧៨,៥%​សម្រាប់​ប្រជាជន​អាយុ​ចន្លោះ​ពី​២៥​ដល់​២៩​ឆ្នាំ​។ កីឡាករ​បាល់ទាត់​ដែលលេង​ក្នុង​ក្របខណ្ឌ Premier League មាន​អាយុ​គិត​ជា​មធ្យម​២៦,៩​ឆ្នាំ​។

ក្មេង​ៗ​ដែល​មាន​អាយុ​១២​ឆ្នាំ​ឡើង​ ចំនួន​៨៩%​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១, ៨២%​បាន​ចាក់​ដូស​ទី​២ និង​៤៤%​បាន​ចាក់​ដល់​ដូស​ជំរុញ​។

វិធាន​សុខាភិបាល​​របស់​រាជរដ្ឋាភិបាល​អង់គ្លេស​តម្រូវ​ឱ្យ​ដាក់​ខ្លួន​ដោយឡែក​រយៈ​ពេល​១០​ថ្ងៃ​សម្រាប់​​អ្នក​មិន​ចាក់​វ៉ាក់សាំង​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមានកូវីដ​១៩​។

នៅ​ក្នុង​លីគ​ធំ​ៗ​អឺរ៉ុប Serie A របស់​អ៊ីតាលី មាន​កីឡាករ​៩៨%​បាន​ចាក់វ៉ាក់សាំង​២ដូស​។ កាល​ពី​ដើម​ខែ​ធ្នូនេះ ខ្សែការពារ Giorgio Chiellini បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជំរុញ​ឱ្យ​អ្នក follow គេទាំង​អស់​នាំគ្នា​ទៅ​ចាក់​ដូស​ជំរុញ​បន្ថែម​ទៀត​។

នៅ​ Ligue 1 របស់​បារាំង កីឡាករ​ចំនួន​៩៥%​បាន​ចាក់​វ៉ាក់សាំង​២​ដូស ហើយ​មាន​ករណី​វិជ្ជមាន​កូវីដ​១៩​តិចតួច​ណាស់​ក្នុង​លីគកំពូល​បារាំង​។

នៅ Bundesliga របស់​អាល្លឺម៉ង់ កីឡាករ​ចំនួន​៩៤%​បាន​ចាក់វ៉ាក់សាំង​២​ដូស​។ ខ្សែ​បម្រើការពារ Joshua Kimmich របស់ Bayern Munich បាន​ឆ្លង​កូវីដ​១៩​ក្នុង​ខែ​វិច្ឆិកា ហើយ​គេ​បាន​និយាយ​ថា​គេ​ស្ដាយក្រោយ​ចំពោះ​ការ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ចាក់វ៉ាក់សាំង ប៉ុន្តែ​ឥឡូវនេះ​គេ​សម្រេច​ចិត្ត​ចាក់​ហើយ​។

នៅ​ La Liga របស់​អេស្ប៉ាញ កីឡាករ​ជាង​៩០%​បាន​ចាក់វ៉ាក់សាំង​២​ដូស ហើយ​កីឡដ្ឋាន​នីមួយ​ៗ​​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​ពេញៗ​។

ថ្ងៃចន្ទ​ម្សិលមិញនេះ កីឡាករ​និង​បុគ្គលិក​ចំនួន​៩០​នាក់​ក្នុង​ក្របខណ្ឌ Premier League បាន​តេស្ត​វិជ្ជមាន​កូវីដ​១៩ ដែល ជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​​១​សប្ដាហ៍​ចុងក្រោយ​។

នៅ​ក្នុង​លីគ​ទី​២​ ទី​៣ និង​ទី៤ អង់គ្លេស ដែល​ស្ថិតក្រោម​ស្ថាប័ន​ឈ្មោះ​ថា​ English Football League វិញ មាន​កីឡាករ​​ចំនួន​២៥%​និយាយ​ថា​ពួក​គេ​មិន​ចង់​ចាក់វ៉ាក់សាំង​ទេ​។

មនុស្ស​មួយ​ចំនួន​ដែល​មិន​ចង់​ចាក់វ៉ាក់សាំង​និយាយ​ថា​ដោយសារ​ពួក​គេ​ខ្វះ​ទំនុក​ចិត្ត​លើ​វ៉ាក់សាំង, ខ្លះ​ថា​បារម្ភ​អំពី​ការ​ជះ​ឥទ្ធិពល​របស់​វ៉ាក់សាំង​ដល់​រាងកាយ​របស់​ពួក​គេ​នៅ​ពេល​ខាងមុខ និង​ខ្លះ​ទៀត​ថា​ដោយសារ​ខ្លាច​ម្ជុល។ មួយ​ចំនួន​តូច​ផ្សេង​ទៀត​មិន​ហ៊ាន​ចាក់វ៉ាក់សាំង​ដោយសារ​ពួក​គេ​ទទួល​បាន​ព័ត៌មាន​មិនពិត និង​ការ​ភូតភរ​ផ្សេង​ៗ​នៅ​លើ​អ៊ិនធឺណិត​និង​​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​។ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មាន​អ្នក​ខ្លះ​បាន​ភ្ជាប់​បញ្ហា​បេះដូង​របស់​កីឡាករ Christian Eriksen, Sergio Aguero និង Charlie Wyke ថា​ដោយសារ​ផលប៉ះពាល់​នៃ​វ៉ាក់សាំង​​កូវីដ​១៩​។

អ្នកចាត់ការក្លិប​នានា រួមទាំង​នាយកប្រតិបត្តិ Premier League បាន​ជំរុញ​ឱ្យ​កីឡាករ​ទាំង​អស់​ចាក់វ៉ាក់សាំង និង​កុំជឿ​តាមព័ត៌មាន​ក្លែងក្លាយ​។

ជាក់ស្ដែង នាយកប្រតិបត្តិ Premier League លោក Richard Masters បាន​​ប្រាប់​ដល់​​ក្លិប​ទាំង​អស់​ក្នុង​លីគ​សូម​ជំរុញ​កីឡាករ​ឱ្យ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា​។

លោក Jurgen Klopp អ្នកចាត់ការ Liverpool បាន​និយាយប្រកប​ដោយក្ដី​ស្រលាញ់​ថា «សូម​ជឿជាក់​លើអ្នក​ជំនាញ, សូម​ស្ដាប់​អ្នក​ជំនាញ​ កុំ​ស្ដាប់​អ្នក​និយាយ​កុហក និង​កុំជឿព័ត៌មាន​ក្លែងក្លាយ។ នៅពេលអ្នកស្ដាប់អ្នក​ជំនាញ អ្នក​នឹងយល់ព្រម​ចាក់វ៉ាក់សាំង​និង​ដូស​ជំរុញ​»​។

លោក Pep Guardiola អ្នកចាត់ការ Manchester City និយាយ​ថា​ «ខ្ញុំ​គិត​ថា​វេជ្ជបណ្ឌិត ក្រសួងសុខាភិបាល អាច​ធ្វើ​វាបាន ដូច្នេះ​កីឡាករ​ត្រូវ​ដឹង​ថា​ការ​ចាក់វ៉ាក់សាំង​គឺ​ដើម្បី​ការពារពួក​គេ ការពារ​គ្រួសារ​របស់​ពួក​គេ​ និង​ការពារ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​សង្គម​»​។

អ្នកចាត់ការ Arsenal លោក Mikel Arteta ដែល​​ធ្លាប់​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ផងនោះ បាន​ជំរុញ​ឱ្យ​កីឡាករ​របស់លោក​ចាក់វ៉ាក់សាំង​។ លោក​និយាយ​ថា​​ «វេជ្ជបណ្ឌិតបាន​ធ្វើការ​យ៉ាង​ល្អ​ក្នុងការ​ព្យាយាម​ពន្យល់​គ្រប់​គ្នា​អំពី​វ៉ាក់សាំង ព្រោះ​មាន​អ្នក​គិត​អីចេះគិតអីចុះ​ចំពោះ​វ៉ាក់សាំង​។ ពួក​យើង​ត្រូវ​ព្យាយាម​អប់រំ​ពួក​គេ​ដើម្បី​ជំរុញ​ពួក​គេឱ្យ​ធ្វើការ​សម្រេច​ចិត្ត​។ ប៉ុន្តែ​រឿង​ចម្បង​គឺពួក​គេ​​ត្រូវ​ជឿជាក់​លើ​វ់ាក់សាំង»។

លោក Antonio Conte អ្នកចាត់ការ Tottenham និយាយ​ថា​លោក​ជំរុញ​ឱ្យ​កីឡាករ​ទាំង​អស់​ចាក់វ៉ាក់សាំង តែ​លោក​មិន​បង្ខំពួក​គេទេ​។ លោក​និយាយ​ថា​ «និយាយ​ស្មោះត្រង់ នេះ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ម្នាក់​ៗ​ចំពោះ​វ៉ាក់សាំង​។ ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ ហើយ​គ្រួសារ​ខ្ញុំ កូនស្រី​ខ្ញុំ និង​ភរិយា​ខ្ញុំ បាន​ចាក់វ៉ាក់សាំង​រួច​ដូច​គ្នា​។ ខ្ញុំ​ចង់​ឱ្យ​អ្នក​ដទៃ​ធ្វើបែបនេះ​ដែរ ប៉ុន្តែ​មនុស្ស​ម្នាក់​ៗត្រូវ​ការ​ធ្វើការ​សម្រេច​ចិត្ត​ល្អ​បំផុត​សម្រាប់​ពួក​គេផ្ទាល់»។

រីឯ ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស​វ័យ​១៨​ឆ្នាំ Jude Bellingham ដែលលេង​ឱ្យ Borussia Dortmund ក្នុង​ប្រទេស​អាល្លឺម៉ង់​ និយាយ​ថា​គេ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ​១៩​គ្រប់​២​ដូស​និង​ថែម​ទាំង​បាន​ចាក់​ដូស​​ទី​៣​ដែល​ជា​ដូស​ជំរុញ​​រួច​រាល់​ថែម​ទៀត​ផង ហើយ​គេ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​បាល់ទាត់​ដទៃ​ទៀត​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង សូម​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង​គ្រប់ដូស​រហូត​ដល់​ដូស​ជំរុញ​ដូច​គេ​អីចឹង​ដែរ​។

Bellingham និយាយ​ថា​កីឡាករ​មាន​ទំនួល​ខុសត្រូវ​នៅ​ក្នុង​សង្គម​។ គេ​ថា​​ «ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​គ្រប់២ដូស​និង​ចាក់​ដូស​ជំរុញ​ថែម​ទៀត​ដើម្បី​សុវត្ថិភាព​។ ខ្ញុំ​មិន​ចង់​ចម្លង​ជំងឺ​ដល់គ្រួសារ​របស់​ខ្ញុំ ហើយ​ក៏​មិន​ចង់​ខកខាន​ការ​ប្រកួត​របស់​ក្រុម​ខ្ញុំ​ដែរ​។ ខ្ញុំ​មិនមែន​អង្គុយ​ទីនេះ​ដើម្បី​និយាយ​ថា​គ្រប់គ្នា​ត្រូវ​តែ​ចាក់វ៉ាក់សាំង​ទេ វាជា​ជម្រើស​ផ្ទាល់​ខ្លួន​របស់​ម្នាក់​ៗ​។ ពិត​ណាស់ ខ្ញុំ​ចង់​ឱ្យ​គ្រប់​គ្នា​មាន​សុវត្ថិភាព ដូច្នេះ​ខ្ញុំ​ប្រហែល​ជា​ផ្ដល់​យោបល់​ឱ្យ​ពួក​គេ​ចាក់វ៉ាក់សាំង»៕

ប្រភព៖ BBC