អ្នកអាចនឹងមិនមានពេលគ្រប់គ្រាន់ដើម្បីទៅកន្លែងជីម ឬពុំមានថវិកាគ្រប់គ្រាន់ដើម្បីចំណាយលើការទិញឧបករណ៍ផ្សេងៗសម្រាប់ធ្វើលំហាត់ប្រាណប្រចាំថ្ងៃ។ នៅថ្ងៃនេះ AMS Sports សូមបង្ហាញជូនអំពីលំហាត់ប្រាណសាមញ្ញៗមួយដែលមិនអស់លុយក្នុងការធ្វើ និងទទួលបានមកវិញនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពរាងកាយអ្នក។
ការអាវ៉ង់ ឬភាសាអង់គ្លេសហៅថា Push-ups ត្រូវបានចាត់ទុកជាវិធីល្អបំផុតមួយក្នុងការពង្រឹងរាយកាយផ្នែកខាងលើដោយពុំចាំបាច់ប្រើឧបករណ៍អ្វី និងជាលំហាត់ប្រាណមួយដែលអាចធ្វើនៅទីណាក៏បានតាមតែអ្នកចង់ មិនថានៅក្នុងផ្ទះឬនៅក្រៅផ្ទះនោះទេ។
ប្រសិនអ្នកអាវ៉ង់ញឹកញាប់ អ្នកនឹងចាប់ផ្ដើមកត់សម្គាល់អំពីអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណមួយនេះ ដោយវាមិនត្រឹមតែបង្កើនសាច់ដុំរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងជួយបង្ការបួសផ្សេងៗទៀតផង។
អាវ៉ង់ ជាលំហាត់ប្រាណមួយក្នុងចំណោមលំហាត់ប្រាណតិចតួចដែលធ្វើឱ្យគ្រប់សាច់ដុំសំខាន់ៗនៃរាងកាយធ្វើសកម្មភាព រួមទាំងសាច់ដុំដៃខាងមុខ សាច់ដុំដៃខាងក្រោយ សាច់ដុំពោះ សាច់ដុំស្មារ និងក្រុមសាច់ដុំនៃផ្នែកខាងក្រោមរាងកាយផងដែរ។
តាមរយៈការធ្វើការនៃសាច់ដុំទាំងអស់នេះក្នុងពេលដំណាលគ្នា Push-ups ក៏ថែមទាំងជួយអ្នកពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង និងធ្វើឱ្យសុខភាពបេះដូងរបស់អ្នកប្រសើរឡើងផងដែរ។
លើសពីនេះទៅទៀត នៅពេលអ្នកកំពុងអាវ៉ង់ ទាំងសាច់ដុំខ្នងនិងសាច់ដុំដៃរបស់អ្នកលាតសន្ធឹងយ៉ាងពេញលេញ ហើយការណ៍នេះជួយឱ្យអ្នកកាន់តែមានភាពបត់បែនជាងមុន និងធន់នឹងបញ្ហារបួសបានខ្ពស់ជាងមុន។
ការអាវ៉ង់ត្រឹមត្រូវតាមស្ដង់ដាត្រូវបានចាត់ទុកថាជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការការពារស្មាររបស់អ្នកពីលទ្ធភាពនៃការរងរបួសផ្សេងៗ ប្រសិនអ្នកធ្វើវាបានត្រឹមត្រូវ។
បន្ថែមលើនេះ វាក៏ជួយអ្នកឱ្យមានជំហររាងកាយប្រសើរឡើង តាមរយៈការបញ្ឈរខ្នងបានត្រង់ល្អ ដែលជួយឱ្យអ្នកការពារខ្នងផ្នែកខាងក្រោមរបស់អ្នកពីការរងរបួស។
នៅពេលអ្នកអាវ៉ង់រាល់ថ្ងៃ បន្ទាប់មក អ្នកអាចនឹងគិតថាធុញទ្រាន់ដោយសារធ្វើដដែលៗ។ ប៉ុន្តែកុំភ្លេចថាមានរបៀបរបៀបអាវ៉ង់ផ្សេងៗគ្នាអាស្រ័យតាមគោលដៅដែលអ្នកចង់បានថាតើចង់ពង្រឹងសាច់ដុំនៅផ្នែកណានៃរាងកាយ។ របៀបអាវ៉ង់មួយចំនួនដែលពេញនិយម គឺ wide push-ups, diamond push-ups, reverse hand push-ups, pike push-ups និង archers push-ups៕
ប្រភព៖ Marca