Skip to content
Wolves ប្រកាសផ្ទេរកីឡាករជប៉ុនម្នាក់ ខណៈកីឡាករ Barca ម្នាក់អាចមកជំនួស Trippier នៅ Atletico
    ទំព័រដើម  »  កីឡាជាតិ

Wolves ប្រកាសផ្ទេរកីឡាករជប៉ុនម្នាក់ ខណៈកីឡាករ Barca ម្នាក់អាចមកជំនួស Trippier នៅ Atletico

ក្លិប Wolverhampton Wanderers បានប្រកាសពីការចុះហត្ថលេខាផ្ទេរខ្សែបម្រើ Hayao Kawabe ពីក្លិបស្វ៊ីស Grasshopper Club Zurich។

កីឡាករវ័យ២៦ឆ្នាំរូបនេះ ក្លាយជាកីឡាករជប៉ុនដំបូងរបស់ Wolves ដែលចូលរួមនៅទឹកដី Molineux ក្នុងរយៈពេល៣ឆ្នាំកន្លះនៅលើកុងត្រាជាមួយក្លិប។ Kawabe ត្រូវបានរំពឹងថា នឹងត្រលប់ទៅស្វ៊ីសវិញ ដើម្បីចូលរួមជាមួយក្លិបចាស់របស់គេគឺ Grasshoppers ក្នុងកិច្ចសន្យាខ្ចី រហូតដល់ចប់រដូវកាលនេះ។

សូមរំឭកថា ខ្សែបម្រើជប៉ុន Kawabe បានផ្លាស់មកចូលរួម Grasshoppers ពីក្លិប Sanfrecce Hiroshima កាលពីរដូវក្ដៅកន្លងទៅ ហើយរកគ្រាប់បាល់៤គ្រាប់ និង assist ៣លើកសម្រាប់ការបង្ហាញខ្លួន១៨ប្រកួតឱ្យក្លិបស្វ៊ីសមួយនេះ។

គេក៏បានបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុមធំជម្រើសជាតិជប៉ុន ក្នុងការប្រកួតទល់នឹងកូរ៉េខាងត្បូងកាលពីខែមីនា ឆ្នាំ២០២១ និងរកគ្រាប់បាល់ដំបូងក្នុងការប្រកួតទល់នឹង តាហ្ស៊ីគីស្ថានក្នុងវគ្គជម្រុះ FIFA World Cup កាលពីខែមិថុនាឆ្នាំមុន។

ពាក់ព័ន្ធនឹងក្លិប Wolves នេះផងដែរ យោងតាមប្រភពពី talkSPORT បានឱ្យដឹងថា ខ្សែបម្រើ Ruben Neves បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្លិបបិសាចក្រហម Manchester United។

ប៉ុន្ដែអ្នកវិភាគបាល់ទាត់លោក Danny Mills យល់ថា ការផ្ទេរមកចូលរួមក្លិបគូប្រជែងនៅ Premier League មួយនេះ មិនអាចផ្ដល់ឱកាសឱ្យខ្សែបម្រើវ័យ២៤ឆ្នាំ Neves ឈ្នះពានបាននោះទេ។

អតីតកីឡាកររបស់ Manchester City រូបនេះ បានលើកឡើងថា Wolves ជាក្រុមមួយដែលអាចមានឱកាសឈ្នះ League Cup ឬ FA Cup ខណៈ Man Utd មិនរំពឹងថាអាចឈ្នះ Premier League បាននោះទេ ហើយក៏ពិបាកប្រជែងនៅ UEFA Champions League ដែរ។ តែបើនៅ Wolves វិញ ហើយបានលេងនៅ Europa League ទៀតនោះ ក្រុមដែលបង្វឹកដោយលោក Bruno Lage មានសង្ឃឹមថាអាចឈ្នះ Europa League ជាង Man Utd ឈ្នះ Champions League។

ដោយឡែកក្លិបអ្នកមានជាន់ថ្មី Newcastle United ជិតប្រកាសជាផ្លូវការក្នុងការផ្ទេរខ្សែការពារស្លាបស្ដាំ Kieran Trippier ហើយ បន្ទាប់ពីកីឡាកររបស់ Atletico Madrid រូបនេះ បានធ្វើតេស្ដសុខភាពកាលពីថ្ងៃពុធ។ កីឡាករអង់គ្លេសរូបនេះ ត្រូវបានរំពឹងថា នឹងចុះកុងត្រារយៈពេល២ឆ្នាំកន្លះនៅទឹកដី St. James’ Park ក្នុងតម្លៃផ្ទេរ ១២លានផោន ហើយការប្រកាសជាផ្លូវការអាចនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។

អ្នកចាត់ការ Atletico Madrid លោក Diego Simeone ក៏បានរំឭកពីការខិតខំប្រឹងប្រែងរបស់ Trippier ក្នុងការជួយក្រុមអធិរាជក្រហមសកន្លងមក ហើយលោកកំពុងស្វែងរកកីឡាករមកជំនួសតំណែងរបស់គេផងដែរ។

ហើយមានការរាយការណ៍ថា Atletico បានចាប់អារម្មណ៍ចង់នាំយកខ្សែការពារ Sergino Dest ពី Barcelona។ Dest ហាក់ប្រឈមនឹងការលំបាកក្រោយការមកដល់របស់ អ្នកចាត់ការថ្មីលោក Xavi Hernandez ហើយគេមានការផ្សារភ្ជាប់ទៅនឹងការចាកចេញពីក្លិបកាតាឡូញ៉ា។

Xavi បានបញ្ជាក់យ៉ាងច្បាស់ថា Dest អាចនឹងលេងបានច្រើនជាងបច្ចុប្បន្នប្រសិនបើគេមិនមានបញ្ហារបួសទេនោះ ខណៈសារព័ត៌មាន ESPN បានរាយការណ៍ថា កីឡាករអាមេរិកាំងរូបនេះ ក៏ចង់បន្ដលេងនៅ Barcelona ដែរ។

ប៉ុន្ដែក៏មានការលេចលឺថា Atletico កំពុងរំពឹងថាគេជាអ្នកជំនួស Trippier ដ៏ស័ក្ដិសមម្នាក់ ហើយអាចជាការផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍មួយ៕