Cristiano Ronaldo និង Lionel Messi នៅតែមានកម្រិតប្រកួតប្រជែងគ្នានៅឡើយ ហើយកំពូលកីឡាករទាំងពីររូប មិនបានបោះឆ្នោតឱ្យគ្នាសម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ The Best FIFA នោះទេ។
ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski របស់ Bayern Munich ក្លាយជាម្ចាស់ពានកីឡាករល្អបំផុតប្រចាំឆ្នាំពីរលើកជាប់គ្នា ដោយធ្លាប់ឈ្នះម្ដងកាលពីឆ្នាំមុន ហើយលើកទី២នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ ពោលគឺប៉ុន្មានសប្ដាហ៍ក្រោយខកខានឈ្នះពាន Ballon d’Or ដែលបានទៅលើ Messi។
សម្រាប់ការបោះឆ្នោត Ronaldo បានជ្រើសរើស Lewandowski ក្នុងជម្រើសទី១ រួមជាមួយខ្សែបម្រើក្រុមតោខៀវ Chelsea ពីររូបទៀតគឺ N’Golo Kante និង Jorginho ជាជម្រើសទី២ និងទី៣។
ដោយឡែក Messi ឯនោះវិញ បានបោះឆ្នោតឱ្យមិត្តរួមក្រុម PSG គឺខ្សែប្រយុទ្ធ Neymar នៅលេខរៀងទី១ ហើយពីរនាក់ផ្សេងទៀតគឺខ្សែប្រយុទ្ធបារាំង Kylian Mbappe និង Karim Benzema។
ម្ចាស់ពានកីឡាករល្អបំផុត Lewandowski បានបោះឆ្នោតឱ្យខ្សែបម្រើ Jorginho ជាកីឡាករល្អបំផុតប្រចាំឆ្នាំ ហើយ Messi និង Ronaldo នៅក្នុងជម្រើសទី២និងទី៣របស់ខ្សែប្រយុទ្ធប៉ូឡូញរូបនេះ។
ចំណែកប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សឿយ វិសាល បានបោះឆ្នោតជ្រើសរើស Lewandowski នៅជម្រើសទី១ ខណៈពីររូបផ្សេងទៀតគឺ Jorginho និង Kante។