Skip to content
Chaker Alhadhur ខ្សែការពារស្លាបឆ្វេង ដែលលេងតំណែងអ្នកចាំទី ក្នុងវគ្គ១៦ក្រុម AFCON សម្រាប់ជម្រើសជាតិកូម៉ូរ៉ូស
    ទំព័រដើម  »  កីឡាជាតិ

Chaker Alhadhur ខ្សែការពារស្លាបឆ្វេង ដែលលេងតំណែងអ្នកចាំទី ក្នុងវគ្គ១៦ក្រុម AFCON សម្រាប់ជម្រើសជាតិកូម៉ូរ៉ូស

ខ្សែការពារស្លាបឆ្វេង Chaker Alhadhur ទទួលបានការចាប់អារម្មណ៍ចំពោះការលេងក្នុងតំណែងអ្នកចាំទីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកូម៉ូរ៉ូស ក្នុងវគ្គ១៦ក្រុមចុងក្រោយ Africa Cup of Nations ទល់នឹងក្រុមម្ចាស់ផ្ទះកាម៉ារូន។

ក្រុមកូម៉ូរ៉ូសបានបង្ខំចិត្តដាក់កីឡាកររត់ក្រៅទីលានឱ្យលេងជាអ្នកចាំទី បន្ទាប់ពីកីឡាករ Salim Ben Boina បានរងរបួស ហើយជម្រើសអ្នកចាំទីផ្សេងទៀតដូចជា Moyadh Ousseini និង Ali Ahamada មិនអាចចូលរួមបានដោយសារពាក់ព័ន្ធនឹងកូវីដ១៩។

គ្រូបង្វឹកចាំទីលោក Jean-Daniel Padovani របស់កូម៉ូរ៉ូស បានប្រកាសកាលពីសប្ដាហ៍ម​ុនថា ពួកគេបានជ្រើសរើសកីឡាករម្នាក់មកលេងក្នុងតំណែងជាអ្នកចាំទីរួចជាស្រេច ហើយ ខ្សែការពារស្លាបឆ្វេងវ័យ៣០ឆ្នាំ Alhadhur បានលេងក្នុងតំណែងនេះ ក្រោយប្រកាសជម្រើស១១នាក់ដំបូង កាលពីថ្ងៃចន្ទ។

តើខ្សែការពារ ដែលប្ដូរមកចាំចាប់បាល់សម្រាប់ជម្រើសជាតិកូម៉ូរ៉ូសជានរណា?

ខ្សែការពារ Alhadhur បានចាប់កំណើតនៅប្រទេសបារាំង ហើយបានចំណាយពេលលេងបាល់សឹងពេញមួយអាជីពក្នុងប្រទេសនេះ។ គេបានក្លាយជាកីឡាករអាជីពនៅក្រុម Nantes មុនពេលផ្ទេរទៅចូលរួម Caen និង Chateauroux ហើយបន្ដអាជីពនៅក្លិបបច្ចុប្បន្ន Ajaccio ក្នុងឆ្នាំ២០២១។

កីឡាករវ័យ៣០ឆ្នាំរូបនេះ បានបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុមជម្រើសជាតិកូម៉ូរ៉ូស ក្នុងជំនួបមិត្តភាពទល់នឹង បួគីណា ហ្វាសូ ក្នុងឆ្នាំ២០១៤។ Alhadhur ជាកីឡាករបម្រុងដែលមិនបានចូលលេងនៅក្នុង៣ប្រកួតនៃវគ្គចែកពូលទល់នឹង ហ្កាបុង ម៉ារ៉ុក និង ហ្កាណា។ គេមិនធ្លាប់លេងនៅក្នុងតំណែងជាអ្នកចាំទីពីមុនមកទេ ប៉ុន្ដែគ្រូបង្វឹកចាំទីលោក Padovani បានប្រាប់អ្នកសារព័ត៌មានកាលពីសប្ដាហ៍មុនថា គេហ្វឹកហាត់បានល្អ ហើយបានបង្ហាញថាគេអាចលេងបាននៅក្នុងតំណែងជាអ្នកចាំទី។

កីឡាករកម្ពស់១.៧២ម៉ែត្ររូបនេះ បានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ក្នុងការប្រកួតវគ្គ១៦ក្រុមទល់នឹង​កាម៉ារូន ទោះមិនអាចឆ្លងទៅវគ្គបន្ទាប់បាន ក្រោយបរាជ័យដោយលទ្ធផល ២-១៕