ក្រុមកាំភ្លើងធំ Arsenal ប្រឈមនឹងការធ្លាក់ចេញពី Premier League នៅរដូវកាល ២០២០-២១ នេះ បន្ទាប់ពីពួកគេទទួលបានតែ១២ពិន្ទុប៉ុណ្ណោះ ពី១៤ប្រកួតនៅក្នុងរដូវកាល ២០២០-២១។
ពីក្រុមដែលធ្លាប់ស្ថិតនៅក្នុងតំណែង Top 4 សឹងគ្រប់រដូវកាល ពេលនេះក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដុង ស្ថិតនៅប្រកៀកប្រកិតនៅក្បែបាតតារាង ក្រោយទទួលបានជ័យជម្នះ តិចជាងបរាជ័យនៅក្នុងលីគ។
ដោយសារបញ្ហានៅតំបន់ប្រយុទ្ធ និង តំបន់ការពារ ក្រុមដែលបង្វឹកដោយលោក Mikel Arteta ស៊ុតចូលគូប្រកួតតែ១២គ្រាប់ ប៉ុន្ដែរបូតគ្រាប់បាល់វិញដល់ទៅ១៨គ្រាប់។ ក្នុងចំណោម១៤ប្រកួតដំបូង Premier League រដូវកាលនេះក្រុមកាំភ្លើងធំ ឈ្នះតែ៤ប្រកួតប៉ុណ្ណោះ ក្រៅពីនេះពួកគេស្មើ២ប្រកួត និងចាញ់៨ប្រកួត។
Arsenal ត្រូវបានចាត់ទុកថា ជាក្រុមដែលមានប្រវត្តិសាស្ដ្រល្អបំផុតនៅលីគកំពូលអង់គ្លេស ដោយខានធ្លាក់ចេញជាងមួយសតវត្សរ៍មកហើយពោលគឺតាំងពីរដូវកាល ១៩១២-១៣ មកម្ល៉េះ។
ទោះយ៉ាងណាក្ដី ក្រុមកាំភ្លើងធំបានប្រូម៉ូតឡើងមកកាន់លីគកំពូល First Division វិញនៅរដូវកាល ១៩១៩-២០ ហើយបន្ដឈរជើងនៅទីនោះរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្ន Arsenal មាន១៤ពិន្ទុ ឈរនៅលេខរៀងទី១៥ក្នុងតារាង Premier League និងមានគម្លាតតែ៤ពិន្ទុប៉ុណ្ណោះពីតំបន់ត្រូវកាត់ចេញ ហើយក្រុមរបស់លោក Arteta ត្រូវរ៉ាប់រងការងារធ្ងន់ ដោយត្រូវស្វាគមន៍ក្រុមតោខៀវ Chelsea សម្រាប់ជំនួបបន្ទាប់នៅ Premier League នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕