Liverpool និង Manchester United ជាគូប្រជែងគ្នាធំបំផុតមួយក្នុងបាល់ទាត់អាជីពអង់គ្លេស ហើយការប្រកួតរវាងពួកគេត្រូវបានអ្នកខ្លះពណ៌នាថាសង្គ្រាមពណ៌ក្រហម (Reds War) ថែមទៀតផង។
ប៉ុន្តែអំឡុងការប្រកួតក្របខណ្ឌ Premier League រវាងក្រុមទាំងពីរនៅកីឡដ្ឋាន Anfield យប់ថ្ងៃអង្គារទី១៩ខែមេសាឆ្នាំ២០២២ អ្នកគាំទ្រក្រុមទាំងសងខាងបានរួបរួមគ្នាធ្វើរឿងដ៏ក្ដុកក្ដួលអារម្មណ៍មួយ ដោយនាំគ្នាក្រោកឈរទះដៃនៅក្នុងនាទីទី៧នៃការប្រកួត ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារកីឡាករ Cristiano Ronaldo ដែលបានបាត់បង់កូនប្រុសម្នាក់ថ្មីៗនេះ ទោះបីម្ចាស់អាវលេខ៧នៃក្រុមបិសាចក្រហមគ្មានវត្តមាននៅក្នុងការប្រកួតក្ដី។
កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ៣៧ឆ្នាំនិងមិត្តស្រី Georgina Rodriguez វ័យ២៨ឆ្នាំ បានប្រកាសជាសាធារណៈក្នុងលិខិតមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាកូនម្នាក់ក្នុងចំណោមកូនភ្លោះ២របស់ពួកគេដែលទើបកើតកាលពីថ្ងៃទី១៨ខែមេសា បានស្លាប់។ នោះគឺកូនប្រុសដែលបានបាត់បង់ជីវិតទៅវិញមួយរយៈខ្លីក្រោយចេញពីផ្ទៃម្ដាយ ខណៈកូនស្រីមានសុខភាពល្អ។ ការបាត់បង់នេះបណ្ដាលឱ្យ Ronaldo និងមិត្តស្រីមានទុក្ខជាទម្ងន់និងមានការឈឺចាប់ជាទីបំផុត។
ដើម្បីទុកពេលឱ្យ Ronaldo សម្រួលអារម្មណ៍និងមើលថែមិត្តស្រីជាមួយកូនខ្ចីផងនោះ អ្នកចាត់ការស្ដីទី Man Utd លោក Ralf Rangnick មិនបញ្ចូលឈ្មោះ Ronaldo ក្នុងបញ្ជីប្រកួតនៅទឹកដី Liverpool យប់មិញឡើយ។
ទោះបែបនេះក៏ដោយ ទស្សនិកជននៅ Anfield ទាំងអ្នកគាំទ្រ Liverpool និងអ្នកគាំទ្រ Man Utd បានរួមគ្នាបង្ហាញពីសមានចិត្តចូលរួមមរណទុក្ខជាមួយ Ronaldo ចំពោះការបាត់បង់កូនប្រុសខាងលើ ដោយក្រោកឈរទះដៃក្នុងន័យលើកទឹកចិត្ត Ronaldo និងគ្រួសារ នៅក្នុងនាទីទី៧នៃការប្រកួត ដែលទីបញ្ចប់ Liverpool ឈ្នះ Man Utd ៤-០។
អ្នកគាំទ្រក្រុមហង្សក្រហមបានច្រៀងចម្រៀងក្លិបរបស់ពួកគេ You’ll Never Walk Alone។ ហើយអាវ Man Utd មានឈ្មោះ Ronaldo ជាមួយនឹងលេខ៧នៅលើខ្នង ក៏ត្រូវបានបង្ហាញនៅខាងអ្នកគាំត្រក្រុមភ្ញៀវផងដែរ។
នៅក្នុងការប្រកួតនោះ កីឡាករក្រុមហង្សក្រហមនិងក្រុមបិសាចក្រហមបានពាក់ស្លាកដៃពណ៌ខ្មៅជាសញ្ញានៃការគោរពចំពោះ Ronaldo និងគ្រួសារ។
អ្នកចាត់ការ Liverpool លោក Jurgen Klopp បានហៅការរួមគ្នាក្រោកឈរទះដៃលើកទឹកចិត្ត Ronaldo ថាជាវេលាល្អបំផុតនៃការប្រកួត។ លោកនិយាយថាមានរឿងច្រើនណាស់ដែលសំខាន់ជាងបាល់ទាត់នៅក្នុងឆាកជីវិតមនុស្ស។ ពួកលោកយល់អារម្មណ៍ Ronaldo និងគ្រួសារ។ លោកសង្កត់ធ្ងន់ថា បាល់ទាត់គួរតែធ្វើអីចឹង នៅក្នុងកាលៈទេសៈនេះ ភាពជាគូប្រជែងនឹងគ្នាត្រូវទុកមួយឡែកសិន។
ដោយឡែក ទាក់ទងនឹងការប្រកួតវិញ បរាជ័យធ្ងន់ករបស់ Man Utd ក្រោមថ្វីជើង Liverpool យប់មិញ ត្រូវបានអតីតប្រធានក្រុមបិសាចក្រហម Gary Neville និយាយថា Man Utd ពេលនេះស្ថិតនៅចំណុចទាបបំផុតដែលលោកមិនធ្លាប់ឃើញក្នុងវ័យជាង៤០ឆ្នាំមកនេះ។ ចំណែកអតីតប្រធានក្រុមបិសាចក្រហមមួយរូបទៀតគឺលោក Roy Keane និយាយថាលោកមិនខឹងទេ ប៉ុន្តែក្រៀមក្រំចិត្តទៅវិញពេលឃើញ Man Utd បែបនេះ។
រីឯលោក Rangnick អ្នកចាត់ការស្ដីទី និយាយថានេះជាបរាជ័យធ្ងន់បំផុតតាំងពីលោកចូលដឹកនាំ Man Utd។ លោកបន្ថែមថាច្បាស់ណាស់ ការកសាងក្រុមឡើងវិញនឹងត្រូវធ្វើក្នុងពេលអ្នកចាត់ការថ្មីមកដល់ ហើយ Man Utd ត្រូវការកីឡាករថ្មីពី៦ទៅ១០នាក់ដើម្បីពង្រឹងក្រុមឱ្យខ្លាំងជាថ្មី៕
ប្រភព៖ BBC, Sky Sports, Marca