Skip to content
Inter Milan នឹងជួបក្រុមដែលជោគជ័យបំផុត ក្នុងវគ្គផ្ដាច់ព្រ័ត្រ Coppa Italia
    ទំព័រដើម  »  កីឡាអន្តរជាតិ

Inter Milan នឹងជួបក្រុមដែលជោគជ័យបំផុត ក្នុងវគ្គផ្ដាច់ព្រ័ត្រ Coppa Italia

ក្រុមការពារតំណែងជើងឯកលីគកំពូលអ៊ីតាលី Inter Milan បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Coppa Italia បន្ទាប់ពីទម្លាក់ក្រុមគូប្រជែងរួមទីក្រុងគឺ AC Milan ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣-០ កាលពីថ្ងៃអង្គារកន្លងទៅ។ គ្រាប់បាល់ពីរគ្រាប់របស់ ខ្សែប្រយុទ្ធឆ្នើម Lautaro Martinez និងមួយគ្រាប់របស់ខ្សែការពារស្លាប Robin Gosens បានធានាឱ្យក្រុមលោក Simone Inzaghi ធានាទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Coppa Italia ក្នុងលទ្ធផលសរុប ទាំងពីរជើង ៣-០ បន្ទាប់ពីបញ្ចប់ជើងទី១ ០-០។

ហើយ Inter និងឡើងទៅជួប Juventus ដែលជាក្រុមជោគជ័យបំផុតក្នុងបានរង្វាន់នេះ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១១ ខែឧសភាខាងមុខនេះ។ ក្រុមសេះបង្កង់បានទម្លាក់ Fiorentina ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយលទ្ធផលសរុប ៣-០។

នៅក្នុងជើងទី១ ក្រុមរបស់លោក Massimiliano Allegri ទទួលបានជ័យជម្នះ ១-០ មុនពេលរកបានពីរគ្រាប់បន្ថែមក្នុងការប្រកួតជើងទី២។

Juventus ឈ្នះពាន Coppa Italia ច្រើនបំផុត ១៤លើក ពីការឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ២០ដងកន្លងមក។ Inter ធ្លាប់កាន់ពាននេះ៧លើកហើយនេះជាលើកទី១៤ហើយដែលក្រុមនេះឡើងមកវគ្គផ្ដាច់ព្រ័ត្រ។