Carlos Bacca ជាកីឡាករបាល់ទាត់ដ៏ល្បីមួយរូបរបស់កូឡុំប៊ី ដោយធ្លាប់លេងនៅ Sevilla និង AC Milan ហើយបច្ចុប្បន្នលេងក្នុងក្រុមស្រុកកំណើត Atletico Juniors។ យ៉ាងណា មុនក្លាយជាកីឡាករជោគជ័យមួយរូប រឿងជីវិតរបស់គេក៏អាចផលិតជាខ្សែភាពយន្ដបាន។ មនុស្សជាច្រើនដឹងពីអាជីពកីឡារបស់គេ ប៉ុន្តែមានមនុស្សតិចណាស់អំពីជីវិតផ្ទាល់ខ្លួនដ៏លំបាករបស់គេ។
“កាលខ្ញុំ អាយុ 20 ឆ្នាំ ខ្ញុំធ្វើការជាជំនួយការអ្នកបើកឡានក្រុង ឬព្រូឡាន។ ជីវភាពមិនស្រួលទេ។ ខ្ញុំត្រូវប្រមូលសំបុត្រនៅលើឡានក្រុង។ ខ្ញុំប្រឹងធ្វើការ ព្រោះឪពុកម្ដាយក្រណាស់។ ពេលនោះ ខ្ញុំក៏មិនទាន់បានចូលលេងក្រុមណាដែរ ប៉ុន្តែនៅឆ្នាំនោះខ្ញុំបានធ្វើតេស្ដនៅ Junior de Barranquilla ហើយសូមអរគុណព្រះជាម្ចាស់ដែលពួកគេបានជ្រើសយកខ្ញុំ។”
ទោះជាយ៉ាងនេះក្ដី ពេលនោះគេលេងនៅលីគកម្រិតទាបនៅឡើយ ហើយទាល់តែដល់ឆ្នាំ ២០០៩ នៅវ័យ ២៣ ឆ្នាំ ទើបគេបានឈានដល់លីគអាជីព។ គេថា ធ្វើជាមនុស្សត្រូវចេះលើកខ្លួនឯង មិនត្រូវបណ្ដោយឱ្យលិចលង់ទេ។
Carlos Bacca ដែលនឹងឈានដល់វ័យ៣៨ឆ្នាំក្នុងខែកញ្ញា ឆ្នាំ២០២៤ នេះ បានផ្ដើមលេងក្នុងក្រុមអាជីព គឺ Atletico Juniors ក្នុងឆ្នាំ២០០៧ និងបានផ្លាស់ទៅអឺរ៉ុបលើកដំបូងក្នុងឆ្នាំ ២០១១ ដែលរូបគេបានចូលរួមក្រុម Club Brugg។ គេបានចូលរួមជាមួយ Sevilla ក្នុងឆ្នាំ២០១៣ដល់២០១៥ ដោយរួមចំណែកឈ្នះ Europa League ២រដូវកាលជាប់គ្នាតែម្ដង។
ពីឆ្នាំ២០១៥ដល់២០១៨ ខ្សែប្រយុទ្ធជម្រើសជាតិកូឡុំប៊ី បានផ្ទេរទៅ AC Milan និងឈ្នះពាន Super Coppa Italia ១លើក។ ចន្លោះនោះ ពោលគឺរដូវកាល២០១៧ដល់២០១៨ គេបានផ្ទេរទៅ Villarreal លើលក្ខខណ្ឌខ្ចី មុនផ្ទេរផ្ដាច់នៅរដូវកាលបន្ទាប់រហូតឆ្នាំ២០២១/២០២២ ក៏បានផ្លាស់ទៅ Granada។
ពីរដូវកាល២០២២ដល់បច្ចុប្បន្ន គេកំពុងលេងនៅក្លឹបស្រុកកំណើត គឺ Atletico Junior។ ចំណែកជម្រើសជាតិវិញ Bacca ជាប់ពីឆ្នាំ២០១០ដល់២០១៨ លេងបាន៥២ប្រកួត និងរកបាន១៦គ្រាប់៕