ក្លិប Paris Saint-Germain បានត្រៀមខ្លួនសម្រាប់រដូវកាលថ្មី បន្ទាប់ពីគ្រងតំណែងជើងឯក Ligue 1 ស្របពេលមានភាពមិនច្បាស់លាស់ ពាក់ព័ន្ធអនាគតរបស់អ្នកចាត់ការ Mauricio Pochettino ដែលទំនងចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខ បន្ទាប់ពីចាយពេលមួយឆ្នាំកន្លះនៅទីក្រុងប៉ារីស។
លោក Zinedine Zidane នៅតែជាបក្ខភាពនាំមុខ ដែលម្ចាស់ក្លិបអ្នកមានបារាំងច ង់យកមកដឹកនាំ ប៉ុន្ដែ មានការលេចឮថា អតីតអ្នកចាត់ការ Real Madrid រូបនេះ នៅរង់ចាំឱកាសទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិបារាំង ប្រសិនបើលោក Didier Deschamps ចាកចេញពីតំណែង ពេលបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតារ។
យោងតាមប្រភពពីអ្នកសារព័ត៌មាន Gianluca Di Marzio បានឱ្យដឹងថា PSG បានពិចារណាលើបេក្ខភាព៣រូប ក្នុងការមកជំនួសតំណែងលោក Pochettino បើគ្រូបង្វឹកអាហ្សង់ទីនរូបនេះចាកចេញពីទឹកដី Parc des Princes។
អ្នកដំបូងនៅក្នុងបញ្ជីនេះគឺលោក Antonio Conte ដែលប្រហែលជាមិនបន្ដនៅ Tottenham នោះទេ ប្រសិនបើមិនអាចជួយពួកគេធានាបានកៅអី Champions League។ ទោះយ៉ាងណាក្ដី អតីតអ្នកចាត់ការ Inter Milan រូបនេះ បានព្យាយាមគេវេស ចចាមអារ៉ាមពីការចាកចេញពីក្លិបមានមូលដ្ឋានក្នុងទីក្រុងឡុងដុង នៅដំណាច់រដូវកាល ២០២១-២២។ ទោះយ៉ាងណាក្ដី លោកក៏ពុំបានបញ្ជាក់នោះទេ ថានឹងប្ដេជ្ញានៅរួមរស់ជាមួយក្លិបមាន់ខ្នាយមាសនៅរដូវកាលបន្ទាប់ឬយ៉ាងណាទេ។
បេក្ខភាពពីរូបផ្សេងទៀត ដែល PSG សម្លឹងឃើញគឺអ្នកចាត់ការដែលកំពុងនៅទំនេរ។ ទីមួយគឺ អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ លោក Jochim Low ដែលជាជម្រើសដ៏ល្អមួយ ខណៈពេលនេះ លោកមិនទាន់ដឹកនាំក្លិបបាល់ទាត់នៅឡើយទេ ក្រោយប្រកាសចែកផ្លូវគ្នាជាមួយក្រុមអាល្លឺម៉ង់។ ក្លិបយក្សបារាំងជឿជាក់ថា របៀបដឹកនាំ និងបទពិសោធ អាចធ្វើឱ្យលោក Low ជាជម្រើសមួយដ៏ស័ក្ដិសម ដើម្បីមកដឹកនាំ PSG។
ម្នាក់ទៀតគឺអតីតកីឡាកររបស់ PSG លោក Thiago Motta ដែលជាចំនែកមួយជួយឱ្យពួកគេ ក្លាយជាក្លិបដ៏ជោគជ័យបំផុតមួយនៅបារាំង ពេលលោកប្រកបអាជីពនៅទីនោះ ហើយពេលនេះលោកកាន់តួនាទីជាអ្នកចាត់ការក្លិប Spezia នៅក្របខណ្ឌ Serie A។ ទោះមិនទទួលបានលទ្ធផលសមប្រកបនៅក្នុងលីគកំពូលអ៊ីតាលី ប៉ុន្ដែលោក Motta បានដឹកនាំឈ្នះការប្រកួតទល់នឹងក្រុមខ្លាំងៗដូចជា AC Milan និង Napoli ជាដើម។
លោក Motta ធ្លាប់មានបទពិសោធដឹកនាំក្រុម យុវជនក្រោមអាយុ១៩ឆ្នាំរបស់ PSG ក្នុងរដូវកាល ២០១៨-១៩ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះទម្រង់លេង ២-៧-២ ដែលលោករៀបចំ៕