ប្រធានក្លិប Real Valladolid លោក Ronaldo Nazario មានក្ដីរំពឹងចង់បាន កីឡារសម្បូរបទពិសោធក្នុងតំណែងការពារស្លាបទាំងសងខាងគឺ Marcelo និង Dani Alves ខណៈកីឡាករទាំងពីររូបនេះ ទើបតែចាកចេញពីក្លិបរបស់ពួកគេរៀងៗខ្លួន។
Ronaldo ព្យាយាមផ្សាភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមជាតិទាំងពីររូបនេះ ហើយចង់បានពួកគេមកជួយក្រុម Valladolid ដែលទើបតែប្រូម៉ូតឡើងមកលីគកំពូលអេស្ប៉ាញ។
យោងតាមប្រភពពីសារព័ត៌មានប្រេស៊ីល UOL Esporte, លោក Ronaldo កំពុងសិក្សាពីលទ្ធភាពក្នុងការនាំយក ខ្សែទាំងពីររូបនេះ មកចូលរួមក្រុមរបស់លោក។
ប្រភពខាងលើក៏បានអះអាងដែរថា រឿងប្រាក់ខែមិនចោទជាបញ្ហាឡើយសម្រាប់ក្រុម ប៉ុន្ដែក៏ក្លិបផ្សេងដែលចង់បានពួកគេផងដែរ។
Marcelo ដែលរួមរស់ជាមួយ Real Madrid អស់រយៈពេល១៦ឆ្នាំ ទទួលបានការចាប់អារម្មណ៍ពីក្លិបជាច្រើននៅអឺរ៉ុប ដែលក្នុងចំណោមនោះក៏មាន AC Milan ផងដែរ ដើម្បីពង្រឹងបន្ថែមនៅក្នុងក្រុម ក្រោយឈ្នះជើងឯក Serie A និងត្រូវប្រកួតប្រជែងនៅ UEFA Champions League រដូវកាលក្រោយ។
រីឯ Alves ដែលចាកចេញពី Barcelona ជាលើកទី២ ក៏មានក្លិបចាប់អារម្មណ៍ច្រើនផងដែរ ដែលរួមមានក្លិប Flamengo ដែលចង់បានខ្សែការពាររូបនេះ ហើយមានគម្រោងផ្ដល់កុងត្រាឱ្យគេយ៉ាងហោចណាស់មួយឆ្នាំ។
ទាំង Alves និង Marcelo សុទ្ធតែចង់បន្ដលេងនៅក្នុងកម្រិតល្អប្រសើរ ដើម្បីអាចមានលទ្ធភាព ក្លាយជាជម្រើសសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេកាតារ៕