នាយកប្រតិបត្តិរបស់ក្លិប Manchester United លោក Richard Arnold បានរារាំងគម្រោងក្នុងការធ្វើបាតុកម្មនៅក្រៅផ្ទះរបស់លោក ក្នុងតំបន់ Cheshire ដោយបានជួបអ្នកគាំទ្រមួយចំនួននៅក្នុងផាប់មួយកន្លែង។
លោក Arnold ដែលកាន់តួនាទីធំមួយនៅក្លិបបិសាចក្រហម ស៊ើបដឹងថា អ្នកគាំទ្ររបស់ក្លិបមានការជួបជុំនៅក្នុងផាប់ មុនពេលពួកគេរៀបចំធ្វើបាតុកម្ម ប៉ុន្ដែបានទៅជួបពួកគេដើម្បីដោះស្រាយបញ្ហា។
ការជួបជជែកគ្នា ត្រូវបានថត ហើយបង្ហោះទៅក្នុងបណ្ដាញសង្គម។ នៅក្នុងវីដេអូនោះ ថ្នាក់ដឹកនាំវ័យ៥១ឆ្នាំ បាននិយាយថា Man Utd បានបំផ្លាញលុយជាង១ពាន់លានផោន ទៅលើការផ្ទេរកីឡាករប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកក៏បាននិយាយដែរថាក្លិបមានលុយគ្រប់គ្រាន់សម្រាប់អ្នកចាត់ថ្មីលោក Erik ten Hag និងនាយកកីឡាលោក John Murtough ចំណាយលើការផ្ទេរកីឡាករថ្មី។ ខ្សែបម្រើ Frenkie de Jong របស់ក្លិប Barcelona ត្រូវបានចាត់ទុកជាកីឡាករគោលដៅទី១របស់អ្នកចាត់ការជនជាតិហូឡង់។
Man Utd ខានឈ្នះ Premier League ចាប់តាំងពីឆ្នាំ២០១៣ ហើយលើកចុងក្រោយដែលពួកគេឈ្នះពានគឺនៅក្នុងឆ្នាំ២០១៧។ ពួកគេបានបញ្ចប់លទ្ធផលក្នុងតារាង Premier League ក្នុងតំណែងលេខ៦ក្នុងរដូវកាលមុន បន្ទាប់ពីបណ្ដេញលោក Ole Gunnar Solskjaer ពីតំណែង ហើយជំនួសវិញដោយលោក Ralf Rangnick។
កន្លងមកអ្នកគាំទ្ររបស់ក្លិបបិសាចក្រហម បាននាំគ្នាធ្វើបាតុកម្មជាច្រើនលើកមកហើយ ប្រឆាំងនឹងគ្រួសារត្រកូល Glazer ដែលជាអ្នកកាន់កាប់នៅ Old Trafford កាលពីរដូវកាលមុន ទាំងក្នុងការប្រកួតក្នុងទឹកដី និងនៅមជ្ឈមណ្ឌលហ្វឹកហាត់។
នៅក្នុងខែឧសភា ឆ្នាំ២០២១ ដោយសារបាតុកម្មរបស់អ្នកគាំទ្រ បាននាំឱ្យការប្រកួតនៅក្នុងទឹកដីរបស់ពួកគេទល់នឹង Liverpool ត្រូវបានផ្អាក។ ការធ្វើបែបនេះ បន្ទាប់ពី Man Utd បានសម្រេចចិត្តចូលរួមជាមួយគម្រោង European Super League មុនពេលចាកចេញពីគម្រោងនេះ។
សូមរំឭកថា លោក Arnold បានចូលកាន់តួនាទីជា CEO របស់ Man Utd កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីការចាកចេញរបស់លោក Ed Woodward៕